ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

អុីរ៉ង់​ទាម​ទារ​ឱ្យ​អាមេរិក​ទទួល​យក​គ្រប់​លក្ខ​ខណ្ឌ​បញ្ចប់​សង្គ្រាម​ជា​មុន​សិន​បើ​ចង់​ចរ​ចា​បញ្ហា​នុយ​ក្លេ​អ៊ែរ

4 ថ្ងៃ មុន

ទី​ក្រុង​តេ​អេរ៉ង់​៖ ប្រទេស​អុីរ៉ង់​បាន​បញ្ជូន​សំណើ​ស្ដី​ពី​ការ​ចរ​ចា​​គ្នា​ជា​មួយ​អាមេរិក​​ដើម្បី​ដោះ​ស្រាយ​បញ្ហា​​​នុយ​ក្លេអ៊ែរ​ទៅ​ឱ្យ​អាមេរិក​ពិនិត្យ​មើល​រួច​ហើយ​កាល​ពី​ពេល​ថ្មី​ៗ​នេះ​តាម​រយៈ​ប្រទេស​កាតា​ដែល​ជា​អន្តរ​ការី​។ ប៉ុន្តែ​សំណើ​នេះ​អាច​យក​មក​​ត​ថ្លៃ​គ្នា​បាន​លុះ​ត្រា​តែ​អាមេរិក​យល់​ព្រម​ទទួល​យក​លក្ខ​ខណ្ឌ​ទាម​ទារ​របស់​អុីរ៉ង់​ចំនួន​៧​ចំណុច​ជា​មុន​សិន​។ មន្ត្រី​រដ្ឋាភិបាល​អុីរ៉ង់​​ម្នាក់​ដែល​ស្នើ​សុំ​មិន​បញ្ចេញ​ឈ្មោះ​បាន​​បង្ហើប​ប្រាប់​អ្នក​សារ​ព័ត៌​មាន​​ថា​អាមេរិក​ចាប់​ផ្ដើម​ពិនិត្យ​មើល​សំណើ​នោះ​ជា​បណ្ដើរ​ៗ​ហើយ​។ ប៉ុន្តែ​មិន​បាន​ផ្ដល់​ប្រទក្ស​កម្ម (មតិ​ត្រ​ឡប់) ​​ទៅ​វិញ​នៅ​ឡើយ​ទេ​។

ក្រុម​អ្នក​សម្រប​សម្រួល​ការ​ចរ​ចា​ (ឬ​អាច​និយាយ​បាន​ថា​ក្រុម​អ្នក​រត់​ការ​) បាន​ និង​កំពុង​ពន្លឿន​កិច្ច​ខិត​ខំ​ប្រឹង​ប្រែង​របស់​ខ្លួន​ដើម្បី​ធ្វើ​យ៉ាង​ណា​ព្យាយាម​បញ្ចប់​សង្គ្រាម​រវាង​អុីរ៉ង់ និង​អាមេរិក​​ឱ្យ​បាន​ឆាប់​តាម​ដែល​អាច​ធ្វើ​ទៅ​បាន។ ​​ពួក​គេ​បារម្ភ​ថា​ក្រោយ​ពេល​បោះឆ្នោត​ពាក់​កណ្ដាល​អាណត្តិ​នៅ​អាមេរិក​ដែល​ទើប​តែ​កន្លង​ផុត​ទៅ​ថ្មី​ៗ​នេះ សង្គ្រាម​អាច​នឹង​ផ្ទុះ​ឡើង​​វិញ​នៅ​ក្នុង​ទ្រង់​ទ្រាយ​ធំ​ដូច​កាល​ពី​ពេល​ចាប់​ផ្ដើម​វាយ​ប្រហារ​ថ្មី​ៗ​។ បញ្ហា​នេះ​មិន​អាច​មើល​ស្រាល​បាន​ទេ​ព្រោះ​លោក​ត្រាំ​ទើប​តែ​និយាយ​កាល​ពី​ពេល​ថ្មី​ៗ​នេះ​ថា​លោក​មិន​បោះ​បង់ចោល​ទេ​នូវ​លទ្ធ​ភាព​នៃ​ការ​ផ្ទុះ​អាវុធ​ជា​ថ្មី​។ ​ចំណែក​អុីរ៉ង់​ក៏​ឆ្លើយ​តប​ទៅ​វិញ​ថា​ខ្លួន​ក៏​មិន​នៅ​ស្ងៀម​ដែរ,​​ ខ្លួន​នឹង​ចាត់​វិធាន​ការ​ឆ្លើយ​តប​នៅ​ក្នុង​ទ្រង់​ទ្រាយ​ធំ​ដូច​គ្នា​​។

មន្ត្រី​កំពូល​​អុីរ៉ង់​ទទួល​បន្ទុក​ផ្នែក​កិច្ច​ការ​សន្តិ​សុខ​ជាតិ​​​​ លោក​ម៉ូសេន រ៉េ​ហ្សា​អេ​ (Mohsen Rezaei) ថ្លែង​នៅ​ពេល​​​បំពេញ​ទស្សន​កិច្ច​នៅ​ប្រទេស​រុស្ស៊ី​​ថា «នៅ​លើ​សមរភូមិ​ការ​ទូត យើង​ប្រកាស​ដាក់​ចេញ​លក្ខ​ខណ្ឌ​៧​ចំណុច​ដើម្បី​ឱ្យ​ពួក​អាមេរិកាំង​យក​ទៅ​ពិចារណា​។ ដរាប​ណា​ពួក​គេ​មិន​ទទួល​យល់​ព្រម​ធ្វើ​តាម​ការ​ទាម​ទារ​របស់​យើង​គ្រប់​ចំណុច​ទេ យើង​នឹង​មិន​បើក​ច្រក​សមុទ្រ​ហ័រ​មូស​ ហើយ​ក៏​មិន​ចូល​តុ​ចរ​ចា​ជា​ដាច់​ខាត»​​។ អុីរ៉ង់​ទាម​ទារ​ឱ្យ​អា​មេរិក​លុប​ចោល​ទណ្ឌ​កម្ម​សេដ្ឋ​កិច្ច​, អនុញ្ញាត​ឱ្យ​ប្រើ​ប្រាស់​ទ្រព្យ​សម្បត្តិ​ដែល​បាន​បង្កក​ទុក​ និង​ផ្ដល់​ប្រាក់​សំណង​សម្រាប់​ប៉ះ​ប៉ូវ​ការ​ខូច​ខាត​របស់​អុីរ៉ង់​ដោយ​សារ​ការ​វាយ​ប្រហារ​របស់​អា​មេរិក​។

សង្គ្រាម​មិន​ត្រឹម​តែ​កើត​ឡើង​នៅ​អុីរ៉ង់​ប៉ុណ្ណោះ​ទេ​ ប៉ុន្តែ​បាន​រីក​រាល​ដាល​ដល់​ប្រទេស​លីបង់,​ យេម៉េន និង​អារ៉ាប៊ី​សា​អូឌីត​ថែម​ទៀត​។ ដោយ​សារ​សង្គ្រាម​នេះ គណ​បក្ស​សា​ធារណ​រដ្ឋ​ទទួល​បរាជ័យ​យ៉ាង​ធ្ងន់​ធ្ងរ​នៅ​ក្នុង​ការ​បោះ​ឆ្នោត​សភា​។ ​ពល​រដ្ឋ​អាមេរិកាំង​មាន​ចិត្ត​ខឹង​សម្បារ​នឹង​ប្រេង​ឡើង​ថ្លៃ​, ការ​ចំណាយ​លើ​ជីវិត​រស់​នៅ​ប្រចាំ​ថ្ងៃ​កាន់​តែ​ច្រើន​ឡើង​ៗ ហើយ​សេដ្ឋ​កិច្ច​ពិភព​លោក​ក៏​រង្គោះ​រង្គើ​​ថែម​ទៀត​​​។ រដ្ឋ​មន្ត្រី​ការ​ពារ​ជាតិ​អាមេរិក​ដែល​ជា​អ្នក​ផ្ដល់​ផ្ដល់​យោបល់​ឱ្យលោក​ត្រាំ​វាយ​ប្រហារ​អុីរ៉ង់​នោះ​ក៏​ប្រឈម​នឹង​ការ​បោះ​ឆ្នោត​ដក​តំណែង​នា​ពេល​ខាង​មុខ​នេះ​ផង​ដែរ​។ លើក​នេះ​ ទាំង​សមាជិក​សភា​ខង់​ហ្ក្រែស​របស់​គណ​បក្ស​ប្រជា​ធិប​តេយ្យ​ និង​គណ​បក្ស​សា​ធារណ​រដ្ឋ​អាច​នឹង​បោះ​ឆ្នោត​គាំទ្រ​សេចក្ដី​ស្នើ​ច្បាប់​ដក​តំណែង​របស់​លោក​​៕ ប្រភព៖ Reuters​