ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ប្រតិកម្មរបស់​ Elon Musk ក្រោយ​ចាយ​ជិត​កន្លះ​​ពាន់​លាន​ដុល្លារ ប៉ុន្តែ​បក្ស​សាធារណរដ្ឋ​នៅ​តែ​ចាញ់

2 អាទិត្យ មុន

សហរដ្ឋអាមេរិក ៖ លោក Elon Musk កាលពី​ថ្ងៃ​ទី​៤ ខែវិច្ឆិកា ឆ្នាំ​២០២៦ (​ម៉ោង​នៅ​សហ​រដ្ឋអាមេរិក​) បាន​បង្ហោះ​សារ​បែប​លេងសើច​លើ​បណ្តាញ​សង្គម X បន្ទាប់​ពី​គណបក្ស​សាធារណរដ្ឋ​បរាជ័យ​យ៉ាងធ្ងន់ធ្ងរ​នៅ​ក្នុង​ការ​បោះ​ឆ្នោត​ពាក់កណ្តាល​អាណត្តិ​របស់​សហរដ្ឋអាមេរិក បើ​ទោះជា​កំពូល​មហាសេដ្ឋី​ពិភពលោក​រូប​នេះ បាន​ចំណាយ​ជិត​៥០០ លាន​ដុល្លារ​អា​មេ​រិ​ក ដើម្បី​គាំទ្រ​ដល់​យុទ្ធនាការ​របស់​បក្ស​មួយ​នេះ​យ៉ាងណា​ក៏​ដោយ​។

មហាសេដ្ឋី​បច្ចេកវិទ្យា សញ្ជាតិ​អា​មេ​រិ​ក វ័យ​៥៥​ឆ្នាំ​រូប​នេះ បាន​បង្ហោះ​សារ​មួយ បន្ទាប់​ពី​គណបក្ស​សាធារណរដ្ឋ​បរាជ័យ​យ៉ាងធ្ងន់ធ្ងរ​ក្នុង​ការ​បោះ​ឆ្នោត​កណ្តាល​អាណត្តិ​របស់​សហរដ្ឋអាមេរិក ដែល​ធ្វើ​ឱ្យ​គណបក្ស​ប្រជាធិបតេយ្យ​ដណ្តើម​បានការ​គ្រប់គ្រង​ភាគច្រើន​ទាំង​ព្រឹទ្ធសភា និង​សភាតំណាងរាស្ត្រ (​រដ្ឋសភា​) ដូច្នេះ​ថា «​សង្ស័យ​តែ​ឡាស៊ែរ​ពី​លំហ​អាកាស​សម្រាប់​ជ្រៀតជ្រែក​ការ​បោះ​ឆ្នោត​របស់ខ្ញុំ ប្រហែលជា​មិន​ដំណើរការ​ទេ​លើក​នេះ​»​។

យោង​តាម​ទិន្នន័យ​ពី​អង្គការ​តាមដាន​ហិរញ្ញវត្ថុ​យុទ្ធនាការ​បោះ​ឆ្នោត OpenSecrets បង្ហាញ​ថា លោក Elon Musk បាន​ចំណាយ​ប្រមាណ ៤៧៤ លាន​ដុល្លារ ដើម្បី​គាំទ្រ​ដល់​យុទ្ធនាការ​របស់​គណបក្ស​សាធារណរដ្ឋ ដែល​ធ្វើ​ឱ្យ​លោក​ក្លាយជា​អ្នក​បរិច្ចាគ​ច្រើន​បំផុត​ក្នុង​ប្រវត្តិសាស្ត្រ​នៃ​ការ​បោះ​ឆ្នោត​សហព័ន្ធ ចាប់​តាំ​ថង​ពី​ឆ្នាំ ២០១០​។ ថវិកា​ភាគច្រើន​របស់​លោក​ត្រូវ​បាន​បញ្ជូន​ទៅ​កាន់​គណៈកម្មាធិការ​សកម្មភាព​នយោបាយ​កម្រិត​កំពូល America PAC និង​មូលនិធិ​ដឹកនាំ​ព្រឹទ្ធសភា​របស់​បក្ស​សាធារណរដ្ឋ ដើម្បី​គាំទ្រ​បេក្ខជន​នានា ជា​ពិសេស​រួម​ទាំង​ការ​គាំទ្រ​ដល់​បេក្ខជន​ព្រឹទ្ធសភា លោក Ken Paxton នៅ​រដ្ឋ​តិច​សាស់​ផង​ដែរ​។

ប៉ុន្តែ​ជា​លទ្ធផល អ្វី​ៗ​មិន​ដូច​ការ​រំពឹង​ទុក​ឡើយ ហើយ​បេក្ខជន​គណបក្ស​ប្រជាធិបតេយ្យ លោក James Talarico បាន​យកឈ្នះ​លើ​លោក Ken Paxton ដែល​ជា​សម្ព័ន្ធមិត្ត​ដ៏​ជិត​ស្និទ្ធ​របស់​លោក​ប្រធានាធិបតី ដូ​ណា​ល់ ត្រាំ (Donald Trump) ព្រមទាំង​ក្លាយជា​អ្នក​ប្រជាធិបតេយ្យ​ដំបូង​គេ ឈ្នះ​ការ​បោះ​ឆ្នោត​ជ្រើសរើស​តំណែង​ថ្នាក់​រដ្ឋ​នៃ​រដ្ឋ​តិច​សាស់ ចាប់តាំងពី​ឆ្នាំ ១៩៩៤​។

បន្ថែម​ពីលើ​ការ​លេងសើច​រឿង​ឡាស៊ែរ​អវកាស​ហើយ​នោះ លោក Elon Musk ក៏​បាន​បង្ហោះ​សារ​បន្ថែម​ទៀត​ថា មជ្ឈមណ្ឌល​ទិន្នន័យ​នៅ​ក្នុង​អវកាស​មើលទៅ​ពិតជា​ទាក់ទាញ​ណាស់នា​ពេល​បច្ចុប្បន្ន​នេះ បន្ទាប់​ពី​ការ​បោះ​ឆ្នោត​ដែល​ផ្តោត​ខ្លាំង​លើ​គោលនយោបាយ AI និង​បច្ចេកវិទ្យា​៕ ប្រភព ៖ AFP និង The People