សង្គ្រាមអ៉ីរ៉ង់ ៖ ខណៈអាមេរិកអះអាងថា ច្រកសមុទ្រហ័រមូសត្រូវបានដោះមីនចេញអស់ហើយនោះ អ៉ីរ៉ង់ប្រកាសថា នាវាដឹកប្រេង៥គ្រឿង និងនាវាសណ្ដោង១គ្រឿងត្រូវភ្លើងឆេះ ក្រោយពីប៉ះគ្រាប់មីននៅច្រកសមុទ្រយុទ្ធសាស្ត្រនោះ កាលពីថ្ងៃទី៥វិច្ឆិកា ។

ក្រុងវ៉ាស៊ីនតោនមិនទាន់អះអាងពីព័ត៌មាននោះ តែកងទ័ពអ៉ីរ៉ង់អះអាង នាថ្ងៃទី៥ វិច្ឆិកា ថា នាវាដឹកប្រេង៥គ្រឿង និងនាវាសណ្ដោង១គ្រឿង ត្រូវភ្លើងឆាបឆេះក្នុងតំបន់ច្រកសមុទ្រហ័រមូស ជាចំណុចស្នូលនៃជម្លោះរវាងក្រុងតេហេរ៉ង់ និងក្រុងវ៉ាស៊ីនតោន ។ អ៉ីរ៉ង់អះអាងពីការត្រួតត្រាផ្លូវសមុទ្រសខាន់នេះ ហើយតែងវាយប្រហារបណ្ដានាវាដែលផ្សងព្រេងបើកកាត់ច្រកសមុទ្រនេះដោយគ្មានការអនុញ្ញាត ។
អាមេរិកបានដាក់ការហ៊ុមព័ទ្ធកំពង់ផែអ៉ីរ៉ង់ ហើយជួយអមការពារបណ្ដានាវាដឹកប្រេងតាមបណ្ដោយផ្លូវសមុទ្រនេះ ខណៈការចរចារវាងប្រទេសទាំង២ ស្ថិតក្នុងភាពទាល់ច្រក ។ កាលពីយប់ថ្ងៃទី៤ វិច្ឆិកា នាវាដឹកប្រេងធំមួយគ្រឿងដែលប៉ុនប៉ងឆ្លងកាត់ច្រកសមុទ្រហាមឃាត់ នៅភាគខាងត្បូងច្រកសមុទ្រហ័រមូសត្រូវភ្លើងឆេះ ក្រោយពីត្រូវគ្រាប់មីន១គ្រាប់ហើយជាប់គាំង។ នេះបើតាមការអះអាងរបស់កងឆ្មាំបដិវត្តន៍អ៉ីរ៉ង់ ។

ក្នុងឧប្បត្តិហេតុមួយផ្សេងទៀត នាវាដឹកប្រេងដ៏ធំមួយគ្រឿងទៅមុខមិនរួចដោយសារមានភ្លើងឆេះពេលនាវានេះ ចាកចេញពីផ្នែកខាងកើតនៃច្រកសមុទ្រហ័រមូស ។ នាវាសណ្ដោងមួយគ្រឿងដែលប៉ុនប៉ងមកជួយក៏ត្រូវឆេះដែរ ។ បន្ទាប់មក កងទ័ពអ៉ីរ៉ង់រាយការណ៍ពីនាវាដឹកប្រេង៣គ្រឿងទៀតត្រូវគ្រាប់មីន ។
ក្រោយបរាជ័យរបស់គណបក្សសាធារណរដ្ឋក្នុងការបោះឆ្នោតពាក់កណ្ដាលអាណត្តិ មានមានភាពមិនច្បាស់លាស់នៅឡើយថាតើលោកដូណាលត្រាំគិតបែបណាទៀតចំពោះសង្គ្រាមនៅអ៉ីរ៉ង់ ។ ក្រោយបរាជ័យនៃការបោះឆ្នោតនេះ ប្រធានាធិបតីលោកដូណាល់ត្រាំប្រឈមមុខនឹងការលំបាកថា តើលោកគ្រប់គ្រងបែបណាចំពោះសង្គ្រាមអ៉ីរ៉ង់ ដែលនាំឲ្យលោកបាត់បង់ប្រជាប្រិយភាពខ្លាំងបំផុត ហើយគណបក្សលោកត្រូវចាញ់គណបក្សប្រជាធិបតេយ្យខ្លាំងបំផុតដែរ។

ចាប់តាំងពីច្រើនសប្ដាហ៍មកហើយ លោកត្រាំតែងគំរាមវាយប្រហារអ៉ីរ៉ង់ជាថ្មីខ្លាំងក្លាបំផុតបន្ទាប់ពីការបោះឆ្នោតនោះ ប្រសិនបើអ៉ីរ៉ង់មិនធ្វើឲ្យសម្រេចបានកិច្ចព្រមព្រៀងមួយជាមួយលក្ខខណ្ឌដែលលោកអាចទទួលយកបានទេនោះ។ លោកត្រាំយល់ស្របតាមការវាយតម្លៃរបស់អនុប្រធានាធិបតីលោកឌីជេវ៉ាន ដែលលើកឡើងជាសាធារណៈថា សង្គ្រាមអ៉ីរ៉ងជាគ្រោះមហន្តរាយមួយសម្រាប់ពួកអ្នកសាធារណរដ្ឋ ៕

ចែករំលែកព័តមាននេះ