ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ក្រុម​អ្នកក្លាហាន​ឆ្លងខេត្ត​ តាម​រក​សងសឹក​គូសត្រូវ ​តែ​ត្រូវសមត្ថកិច្ច​ស្រុក​ថ្មគោល​​​ស្ទាក់​ក្របួច​បាន​០២​នាក់ ​រត់​រួច​០៦​នាក់​

1 អាទិត្យ មុន
  • បាត់ដំបង

ខេត្តបាត់ដំបង ​៖  មាន​ទាំង​កាំបិត​វែង ខ្លី ស្ទើរ​គ្រប់​ក្នុង​ដៃ​ផង ក្រុម​អ្នកក្លាហាន​ឆ្លងខេត្ត​ចំនួន​០៩​នាក់​  ជិះ​ម៉ូតូ​ទាំង​ហ្វូង​ចេញពី​ស្រុក​មង្គលបុរី ខេត្តបន្ទាយមានជ័យ​  ឆ្ពោះ​មក​កាន់​ទឹកដី​​ខេត្តបាត់ដំបង ក្នុង​គោលបំណង​តាម​រកគូ​សត្រូវ​របស់​ខ្លួន ​ដើម្បី​ប្រយុទ្ធ​ស្លាប់​រស់ សងសឹក​គំនុំ​ចាស់​  តែ​មិន​ទាន់​ជួបគូ​សត្រូវ​ផង ក៏​ត្រូវ​កម្លាំង​សមត្ថកិច្ច​ស្រុក​ថ្មគោល តាម​ស្ទាក់​ប្រ​បួ​ច​.​ក​ជាប់​ចំនួន​០២​នាក់ ខណៈ​ចំនួន​០៦​នាក់​ទៀត​ជិះ​ម៉ូតូ​រត់គេច​បាត់ កាលពី​១២​និង​៤០​នាទី​រំលង​អ​ធ្រា​ត្រ​ ឈាន​ចូល​ថ្ងៃ​ទី​០៥ វិច្ឆិកា នៅ​លើ​ដងផ្លូវ​ជាតិ​លេខ​៥ ត្រង់​ចំណុច​ទឹក​ដូ ឃុំ​ជ្រោយ​ស្ដៅ  ស្រុក​ថ្មគោល​ ។

​តាម​រយៈ​របាយ​ការ​ណ៏ អធិការ​ស្រុក​ថ្មគោល លោក សេង លុ​ច បាន​ឲ្យ​ដឹង​ថា​  ការ​ប៉ុនប៉ង​បង្ក​ហិ​ង្សា​ រវាង​ពួកក្មេង​អន្ធពាល​ទាំង​០២​ក្រុម​នេះ ត្រូវ​បាន​កម្លាំង​របស់​លោក​ទ​ទួល​បាន​ព័​ត៌​មាន​ជា​មុន​ ទើប​ឈាន​ដល់​ការ​ចុះ​អន្តរា​គម​ន៍​ទប់ស្កាត់​បាន​មុន​ពេល​ពួក​គេ​បង្ហូរឈាម​​គ្នា​ ។​ 

លោក​ថា ពួក​ជនពាល​ទាំង​០២​ក្រុម​នេះ គឺ​មួយ​ក្រុម​មាន​បក្សពួក​ចំនួន​០៩​នាក់​  ជិះ​ម៉ូតូ​មក​ពី​ស្រុក​មង្គលបុរី  ខេត្តន្ទាយមានជ័យ រីឯ​មួយ​ក្រុម​ទៀត ​អាច​ជា​អ្នកស្រុក​ថ្មគោល តែ​យើង​​មិន​ទាន់​ដឹង​ ឬ​បាន​ស្គាល់​សមា​សភា​ក្រុម​នេះ​នៅឡើយ​ទេ ​។​ ប៉ុន្តែ​ខាង​ក្រុម​អ្នកស្រុក​មង្គលបុរីបាន​នាំ​គ្នា​ជិះ​មក​កាន់​ស្រុក​ថ្មគោល ក្នុង​គោលបំណង​តាម​សងសឹក​លើ​គូ​សត្រូវ​របស់​ពួក​គេ ​។​ នេះ​បើ​យោង​លើ​ព័​ត៌​​មាន​ដែល​មន្ត្រី​របស់​លោក​ទ​ទួ​ល​បាន​ពី​ដំបូង ​។

​លោក សេង លុ​ច បាន​និយាយ​ថា​  ក្រោយ​ពី​ទ​ទូល​បាន​ដំណឹង​ថា មាន​ក្រុម​ក្មេង​ទំនើង​ចំនួន​០៩​នាក់ ជិះ​ម៉ូតូ​០៤​គ្រឿង ​ប្រដាប់​ដោយ​កាំបិត​វែង ខ្លី ស្ទើរ​គ្រប់​ដៃ ចេញ​មក​ពី​ស្រុក​មង្គលបុរី ឆ្ពោះ​មក​កាន់​ទឹកដី ស្រុក​ថ្មគោល ក្នុង​គោលដៅ​បង្ក​ហិ​ង្សា​ជាមួយ​ភាគី​ម្ខាង​ទៀត នៅ​ស្រុក​ថ្មគោល ទើប​លោក​បញ្ជា​ឲ្យ​កម្លាំង​គ្រប់​បណ្ដា​ប៉ុ​ស្ដិ៍​​រដ្ឋបាល​ទាំងអស់​ជាប់​ផ្លូវជាតិ​លេខ​៥ចេញ​អន្តរា​គម​ន៍​តាម​ឃ្លាំ​​មើល​រហូត​ស្ទាក់​ជាប់​នៅ​ក្នុង​ទឹកដី ឃុំ​ជ្រោយ​ស្ដៅតែ​ម្ដង​ពេល​ដែល​ពួក​គេ​កំពុង​ជិះ​ម៉ូតូ​អូស​កាំបិត​បែក​ផ្កាភ្លើង​ទាំង​ហ្វូង​តាម​រក​គូ​សត្រូវ ​ដើម្បី​សងសឹក​ ។

​បើ​តាម​របាយ​ការ​ណ៍​​ព្រឹ​ត្ត​ហេតុ​របស់​សមត្ថកិច្ច​ ពេល​ដែល​កម្លាំង​អន្តរា​គម​ន៍​​ស្ទាក់​ជាប់​នៅ​លើ​ដងផ្លូវ​ជាតិ​លេខ​៥ ក្រុម​ជន​អន្ធពាល​ទាំងនេះបាន​ទាញ​កាំបិត​ប៉ុនប៉ង​ច្បាំង​តទល់​ជា​មួយ​កម្លាំង​សមត្ថកិច្ច​ទៀត​ផង   ខណៈ​ជន​មួយ​ចំនួន​បាន​ព្យាយាម​ជិះ​គេចខ្លួន​ទៅ​កាន់​ស្រុក​មង្គលបុរី​វិញ ​។

​ប៉ុន្តែ​មាន​ជនពាល​០២​នាក់ ដែល​ក្លាហាន​រវល់​ចង់​តទល់​ជាមួយ​សមត្ថកិច្ច  ទើបត្រូវ​សមត្ថកិច្ច​ក្ករបួច​.​ក​ជាប់​ទាំង​០២​នាក់​  រីឯ​មេខ្លោង​ពួក​គេ​ និង​បក្សពួក​ប្រមាណ​០៦​នាក់   បាន​ជិះ​គេចខ្លួន​បាត់ ​។

​របាយ​ការ​ណ៍​​ដដែល​បាន​បង្ហាញ​អត្តសញ្ញាណ​ជន​អន្ធពាល​ទាំង​០២​នាក់​នោះ គឺម្នាក់​ឈ្មោះ ឆូ​ក ទី​ប៉ ភេទ​ប្រុស ​អាយុ​១៧​ឆ្នាំ នៅ​ភូមិ​ដី​កោះ ឃុំ​បន្ទាយ​នាង ស្រុក​មង្គលបុរី   និង ឈ្មោះ ឡាញ់ ថិ​ន​សិរី ហៅធី​ដូ ភេទ​ប្រុស ​អាយុ​១៧​ឆ្នាំ នៅ​ភូមិ​ព្រែក​សំរោង​  ឃុំ​រហាត់ទឹក​  ស្រុក​មង្គលបុរី ​។​ 

ជាមួយនឹង​ការ​ឃាត់ខ្លួន​ជន​អន្ធពាល​ទាំង​០២​នាក់ សមត្ថកិច្ច​ដកហូត​បាន​វត្ថុ​តាង​កាំបិត​វែង​មួយ​ដើម​ (​កាំបិត​គូ​ន​អ៊ី​) និងម៉ូតូ​មួយ​គ្រឿង​គ្មាន​ស្លាក​លេខ​ ។​ នៅ​ចំពោះ​មុខ​សមត្ថកិច្ច ជន​អន្ធពាល​ទាំង​០២​នាក់​បាន​សារភាព​ថា ពួក​គេ​ទាំងអស់​គ្នា​បាន​លើកគ្នា​មក​កាន់​ទឹកដី​ស្រុក​ថ្ម​គោលទាំង​កណ្ដាល​អ​ធ្រា​ត្រ​នេះ ពិតជា​មាន​ចេតនា​មក​តាម​សងសឹក​គូ​សត្រូវ​មែន​។​ ប៉ុន្តែ​ជន​០២​នាក់​នេះ​បាន​ប្រាប់​ថា   ពួក​ខ្លួន​ទាំង​០២​នាក់​ ហាក់​មិន​ទាន់​ស្គាល់​មុខគូ​សត្រូវ​នៅ​ស្រុក​ថ្មគោល តើ​ជា​អ្នក​ណា​?​  ឈ្មោះ​អ្វី​?​  នៅ​ម្ដុំ​ណា​នៅឡើយ​ទេ​?​  ព្រោះ​មេខ្លោង​ដែល​នាំ​ពួក​ខ្លួន​មក​រក​សងសឹក​បាន​ជិះ​ម៉ូតូ​រត់​រួចខ្លួន​បាត់​ហើយ​  នៅ​សល់​តែ​ពួក​ខ្លួន​០២​នាក់​​ដែល​មិនដឹង​អ្វី ​។

​លោក សេង លុ​ច អធិការ​ស្រុក​ថ្មគោល​ក៏​បាន​បញ្ជាក់​ដែរ​ថា​  បើ​តាម​ចម្លើយ​សារភាព​របស់​ជន​ទាំង​០២​នាក់​នេះ ពិតជា​មិន​បាន​ស្គាល់​គូ​សត្រូវ​ខ្លួន​មែន ​។ ពួក​គេ​មក​តាម​បក្សពួក​ប៉ុន្តែ​ពួក​គេ​ក្លាហាន​ណាស់  មាន​ច​រិ​ត​កាច​សាហាវ ជិះ​ម៉ូតូ​អូស​កាំបិត​ពេញ​ដងផ្លូវ និង​ប៉ុនប៉ង​តទល់​ជាមួយ​កម្លាំង​សមត្ថកិច្ច​ថែម​ទៀង​ផង ​។

​យ៉ាងណា ពេល​នេះ​ មន្ត្រី​ជំនាញ​របស់​លោក​បាន​បញ្ជូន​ជន​ទំនើង​ទាំង​០២​នាក់​ទៅ​ប្រគល់​ជូន​ការិយាល័យ​ជំនាញ​ចាត់ការ​បន្ត​ហើយ ដោយ​យោង​តាម​បទបញ្ជា​របស់​លោកស្នងការ​ខេត្ត​ ៕