រាជធានីភ្នំពេញ៖ កម្ពុជា និងជប៉ុន បន្តពង្រឹងភាពជាដៃគូផ្នែកការពារជាតិ និងសន្តិសុខ ដោយផ្តោតលើការកសាងសមត្ថភាពកងទ័ព ការផ្លាស់ប្តូរបទពិសោធ និងការរួមចំណែករក្សាសន្តិភាពក្នុងតំបន់ និងអន្តរជាតិ។ ការប្តេជ្ញាចិត្តនេះត្រូវបានបង្ហាញក្នុងពិធីអបអរសាទរខួបលើកទី៧២ នៃការបង្កើតកងកម្លាំងស្វ័យការពារជប៉ុន ដែលរៀបចំឡើងនៅនិវេសនដ្ឋានឯកអគ្គរាជទូតជប៉ុនប្រចាំកម្ពុជា នាថ្ងៃទី៥ ខែវិច្ឆិកា ឆ្នាំ២០២៦ ក្រោមអធិបតីភាពឯកឧត្តម នាយឧត្តមសេនីយ៍ យន្ត មីន រដ្ឋលេខាធិការតំណាងដ៏ខ្ពង់ខ្ពស់ឯកឧត្តម នាយឧត្តមសេនីយ៍ ទៀ សីហា ឧបនាយករដ្ឋមន្ត្រី និងជារដ្ឋមន្ត្រីក្រសួងការពារជាតិ និងមានការអញ្ជើញចូលរួមពីឯកឧត្តម អ៊ីស៊ីហ្ស៊ុគិ ហ៊ីដេអុ ឯកអគ្គរាជទូតជប៉ុនប្រចាំកម្ពុជា ព្រមទាំងភ្ញៀវកិត្តិយសជាតិ និងអន្តរជាតិជាច្រើនរូបទៀត។
សមិទ្ធផលគួរឱ្យកត់សម្គាល់នៃកិច្ចសហប្រតិបត្តិការនេះ រួមមាន ការអនុញ្ញាតឱ្យនាវាបោសសម្អាតមីនរបស់កងកម្លាំងស្វ័យការពារជើងទឹកជប៉ុនចំនួន២គ្រឿង ចូលចតនៅមូលដ្ឋានសមុទ្ររាមក្នុងខែមេសា ឆ្នាំ២០២៥ ដែលជានាវាបរទេសដំបូងគេ បន្ទាប់ពីមូលដ្ឋាននេះត្រូវបានធ្វើទំនើបកម្ម។ លើសពីនេះ ក្នុងខែកក្កដា ឆ្នាំ២០២៦ ប្រទេសទាំងពីរបានចុះហត្ថលេខា និងផ្លាស់ប្តូរកំណត់ទូតស្តីពីគម្រោងជំនួយសន្តិសុខផ្លូវការ (OSA) ដែលជាជំនួយឥតសំណងមានទឹកប្រាក់ប្រមាណ ៣,២ លានដុល្លារអាម៉េរិក សម្រាប់ផ្តល់ឧបករណ៍ទំនាក់ទំនងដល់កងទ័ពជើងគោក និងនាវាល្បាតដល់កងទ័ពជើងទឹកនៃកងយោធពលខេមរភូមិន្ទ។ ជាមួយគ្នានេះ ជប៉ុនក៏បានឯកភាពគាំទ្រដល់ការបង្កើតសាលាទំនាក់ទំនងរបស់កងទ័ពជើងគោកកម្ពុជា ដើម្បីរួមចំណែកពង្រឹងសមត្ថភាព និងប្រសិទ្ធភាពការងាររបស់កងទ័ពផងដែរ។
កិច្ចសហប្រតិបត្តិការរវាងប្រទេសទាំងពីរមានមូលដ្ឋានលើចំណងមិត្តភាពដ៏យូរអង្វែង ដោយជប៉ុនបានរួមចំណែកយ៉ាងសំខាន់ក្នុងការស្តារ និងអភិវឌ្ឍកម្ពុជាតាមរយៈការបញ្ជូនកងកម្លាំងស្វ័យការពារជប៉ុនចូលរួមបេសកកម្មរក្សាសន្តិភាពរបស់អង្គការសហប្រជាជាតិ (UNTAC) ក្នុងឆ្នាំ១៩៩២ ព្រមទាំងការជួយកសាងស្ពាន ផ្លូវថ្នល់ សាលារៀន មន្ទីរពេទ្យ និងការផ្តល់អាហារូបករណ៍ ព្រមទាំងបណ្តុះបណ្តាលធនធានមនុស្សទាំងផ្នែកស៊ីវិល និងការពារជាតិ។ ក្នុងបេសកកម្មជាប្រវត្តិសាស្ត្រនោះ ជនជាតិជប៉ុន២រូបបានពលីជីវិតក្នុងការបំពេញបេសកកម្មស្វែងរកសន្តិភាពនៅកម្ពុជា។
ក្នុងរយៈពេលជាង៣០ឆ្នាំនៃកិច្ចសហប្រតិបត្តិការលើវិស័យរក្សាសន្តិភាព កម្ពុជាបានប្រែក្លាយពីប្រទេសដែលធ្លាប់ទទួលបេសកកម្មរក្សាសន្តិភាព ទៅជាប្រទេសដែលចូលរួមបញ្ជូនកងកម្លាំងរក្សាសន្តិភាពទៅបំពេញបេសកកម្មនៅលើពិភពលោក ដោយមានការគាំទ្រពីជប៉ុនតាមរយៈការបណ្តុះបណ្តាល និងផ្លាស់ប្តូរបទពិសោធ។ ទន្ទឹមនឹងនេះ ទំនាក់ទំនងការទូតរវាងកម្ពុជា និងជប៉ុន ដែលបានបង្កើតឡើងតាំងពីឆ្នាំ១៩៥៣ ក៏ត្រូវបានលើកកម្ពស់ទៅជា «ភាពជាដៃគូយុទ្ធសាស្ត្រគ្រប់ជ្រុងជ្រោយ» ក្នុងឆ្នាំ២០២៣ ដែលជាមូលដ្ឋានដ៏សំខាន់សម្រាប់ពង្រីកកិច្ចសហប្រតិបត្តិការលើគ្រប់វិស័យ។
ក្នុងឱកាសនោះ ភាគីទាំងពីរបានបញ្ជាក់ពីការប្តេជ្ញាចិត្តបន្តពង្រឹង និងពង្រីកកិច្ចសហប្រតិបត្តិការផ្នែកការពារជាតិ សន្តិសុខ ការបណ្តុះបណ្តាលធនធានមនុស្ស និងការរក្សាសន្តិភាពឱ្យកាន់តែស៊ីជម្រៅថែមទៀត។ ការពង្រឹងភាពជាដៃគូនេះ មិនត្រឹមតែរួមចំណែកលើកកម្ពស់សមត្ថភាពការពារជាតិ និងសន្តិសុខរបស់ប្រទេសទាំងពីរប៉ុណ្ណោះទេ ប៉ុន្តែថែមទាំងបង្កើតឱកាសសម្រាប់ការផ្លាស់ប្តូរចំណេះដឹង បទពិសោធ និងការរួមចំណែកដល់សន្តិភាព ស្ថិរភាព និងវិបុលភាពរួមរបស់ប្រជាជនទាំងពីរ ព្រមទាំងតំបន់ និងពិភពលោកផងដែរ៕




ចែករំលែកព័តមាននេះ