ទីក្រុងវ៉ាស៊ីនតោន៖ លោកដូណាល់ត្រាំហាក់ដូចជាក្រពុលមុខយ៉ាងខ្លាំងបន្ទាប់ពីគណបក្សរបស់លោកទទួលបរាជ័យខ្លាំងពេកនៅក្នុងការបោះឆ្នោតសភាកាលពីថ្ងៃទី៣ ខែវិច្ឆិកា។ ដូច្នេះ អាចជាការខឹងគោវាយរទេះ ឬយ៉ាងណា កាលពីយប់មិញ លោកត្រាំនិយាយម៉ាត់ៗថាសូមឱ្យពិភពលោករង់ចាំមើលចុះ លោកនឹងវាយកម្ទេចអុីរ៉ង់ឱ្យណាណីម្ដង។ លោកយកអុីរ៉ង់ធ្វើជាផ្ទាំងស៊ីបព្រោះនរណាៗក៏និយាយគ្រប់មាត់ថាការចាញ់ឆ្នោតលើកនេះគឺដោយសារសង្គ្រាមអុីរ៉ង់។

សង្គ្រាមអុីរ៉ង់ធ្វើឱ្យសាំង និងម៉ាស៊ូតឡើងថ្លៃ ធ្វើឱ្យថ្លៃចំណាយលើជីវិតរស់នៅប្រចាំថ្ងៃកាន់តែកើនឡើង និងធ្វើឱ្យពលរដ្ឋអាមេរិកាំងជាពិសេស មានអារម្មណ៍មួរម៉ៅក្ដៅក្រហាយជាខ្លាំង។ លោកត្រាំថ្លែងថារដ្ឋាភិបាលរបស់លោកអាចនឹងចាត់ការបង្ហើយអ្វីៗរបស់អុីរ៉ង់ដែលនៅសេសសល់។ ទន្ទឹមនឹងនោះ លោកក៏និយាយបន្ធូរបន្ថយស្ថានការណ៍មកវិញថាលោកក៏មិនចង់បំផ្លិចបំផ្លាញគ្នាតទៅទៀតដែរ។ លោកសូមបញ្ជាក់ឡើងវិញថាអុីរ៉ង់កុំឱ្យសោះការបន្តកម្មវិធីនុយក្លេអ៊ែររបស់ខ្លួនប្រសិនបើគ្មានសញ្ញាភ្លើងខៀវពីអាមេរិកទេ។

លោកថាលោកក៏ខិតខំខាំមាត់សង្កត់ចិត្តណាស់ដែរ។ បើអាចធ្វើទៅបាន លោកមិនចង់បំផ្លិចបំផ្លាញអុីរ៉ង់តទៅទៀតទេ។ ប៉ុន្តែលោកនិយាយថាវាអាស្រ័យលើកាលៈទេសៈ។ បើត្រូវបង្ខំចិត្តធ្វើដូច្នេះ លោកត្រូវតែធ្វើ។ ត្រង់ចំណុចនេះហើយដែលលោកផ្ដែផ្ដាំទៅពិភពលោកថារង់ចាំអ៊ុតស្ថានការណ៍នេះទាំងអស់គ្នា។ និយាយដដែលឡើងវិញ អុីរ៉ង់មិនអាចបន្តកម្មវិធីនុយក្លេអ៊ែររបស់ខ្លួនដោយគ្មានការយល់ព្រមពីទីក្រុងវ៉ាស៊ីនបានឡើយ។ ការព្រមានយ៉ាងដូច្នេះកើតមានឡើងស្របពេលដែលលោកកំពុងតែទទួលរងសម្ពាធកាន់តែខ្លាំងឡើងៗថាត្រូវតែរកវិធីបិទបញ្ចប់សង្គ្រាមដែលគ្មានប្រជាប្រិយភាពនេះ។

គួរកត់សម្គាល់ថាមុនពេលបោះឆ្នោតសភាត្រឹមតែបន្តិចប៉ុណ្ណោះ លោកត្រាំបង្ហើបឱ្យដឹងអំពីផែនការវាយប្រហារអុីរ៉ង់ជាថ្មីក្រោមកិច្ចសហការពីអុីស្រាអែល។ កាលនោះ លទ្ធផលឆ្នោតនៅអុីស្រាអែលបង្ហាញថាសម្ព័ន្ធភាពគណបក្សរបស់លោកណឺតាន់យ៉ាហ៊ូមានប្រៀបជាងគូប្រជែង ទោះបីមិនបានសំឡេងភាគច្រើនដាច់ខាតដើម្បីបង្កើតរដ្ឋាភិបាលម្នាក់ឯងយ៉ាងណាក្ដី។ ចាប់តាំងពីចេញលទ្ធផលបោះឆ្នោតសភា លោកត្រាំអាចនឹងញ៉ាកលែងចង់ផ្ទុះសង្គ្រាមតទៅទៀត។ ចំណែកនៅអុីស្រាអែល លោកណឺតាន់យ៉ាហ៊ូមិនប្រាកដជាបន្តកាន់អំណាចនៅអាណត្តិថ្មីនោះទេ។ ពោលគឺអាស្រ័យលើការស្នើបេក្ខភាពនាយករដ្ឋមន្ត្រីទៅសភា។

សង្គ្រាមអុីរ៉ង់កាន់តែបែកសាយាមោខ្លាំងឡើងៗរហូតដល់ប្រទេសយេម៉េន, ដល់សមុទ្រក្រហម និងដល់អារ៉ាប៊ីសាអូឌីតទៀត។ វាជាការបង្ហាញថានយោបាយការទូតហាក់ដូចជាមិនសូវមានប្រសិទ្ធភាព។ អុីរ៉ង់បានបញ្ជូនសំណើមួយចំនួនទៅឱ្យអាមេរិកពិនិត្យមើល និងបានប្រកាសថាការចរចាគ្នារីកចម្រើនទៅមុខកម្រិតណាអាស្រ័យលើអាមេរិកជាអ្នកសម្រេចថាត្រូវតែទទួលយកលក្ខខណ្ឌរបស់អុីរ៉ង់គ្រប់យ៉ាងតែប៉ុណ្ណោះ។ ក្នុងនោះមានការលុបចោលទណ្ឌកម្មសេដ្ឋកិច្ច, ការអនុញ្ញាតឱ្យប្រើប្រាស់លុយដែលបានបង្កកទុក និងការផ្ដល់ប្រាក់សំណងថ្លៃខូចខាតដែលអាមេរិកវាយប្រហារមកលើអុីរ៉ង់។ គិតឱ្យសព្វៗទៅ សង្គ្រាមនេះគ្មានផលចំណេញទាល់តែសោះ។ អាមេរិកចំណាយថវិកាជាតិរាប់សិបពាន់លានដុល្លារ។ ប្រេងឡើងថ្លៃធ្វើឱ្យអ្នកប្រើប្រាស់ចំណាយលុយកាន់តែច្រើន៕ ប្រភព៖ Reuters

ចែករំលែកព័តមាននេះ