ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

អាសូរណាស់! ប្តីប្រពន្ធជិះម៉ូតូឌុបគ្នា​ ជួបគ្រោះអកុ​សល​​​ នៅផ្លូវជាតិលេខ៣

1 អាទិត្យ មុន
  • ភ្នំពេញ

រាជធានី​ភ្នំពេញ​ ៖ រថយន្ត​បែន​ដឹក​ខ្សាច់​ចង្កូត​ស្ដាំ​១​គ្រឿង​មិនដឹង​ថា​អ្នកបើកបរ​ស្រវឹងស្រា ងងុយដេក ឬ​​យ៉ាងណា​នោះ​ទេ បាន​បើកបរ​ក្នុង​ល្បឿន​លឿន​ជ្រុល​ទៅ​បុក​ពីក្រោយ​ម៉ូតូ​ម៉ាក​ហុងដា​ស្កូ​ប​ពី​១​គ្រឿង​អូស​ជា​ច្រើន​ម៉ែត្រ ។ បណ្ដាល​ឲ្យ​អ្នក​ជិះ​ម៉ូតូ​២​ប្ដី​ប្រពន្ធ​ស្លាប់​បាត់បង់​ជីវិត​ភ្លាម​ៗ​នៅ​នឹង​កន្លែង រួច​រថយន្ត​នោះ​បាន​ជ្រុល​ទៅ​បុក​ម៉ូតូ​ម៉ាក​ហុងដា​ឌ្រី​ម​សេ​១២៥​ដឹក​ផ្លែ​ឈើ​១​គ្រឿង​ទៀត ។ បណ្ដាល​ឲ្យ​អ្នក​ជិះ​ម៉ូតូ​ខាងលើ​រង​របួស បន្ទាប់​មក​រថយន្ត​ខាងលើ​បាន​បុក​ឡើង​លើ​សួនច្បារ​ពុះ​ចែក​ទ្រូងផ្លូវ​និង​បុក​បង្គោល​ភ្លើង​១​ដើម​ទៀត ទើប​ឈប់​ស្ងៀម ហើយ​អ្នកបើកបរ​រត់គេច​ខ្លួន​បាត់​ស្រមោល ។

ឧប្បត្តិហេតុ​គ្រោះថ្នាក់​ចរាចរណ៍​ខាងលើ​នេះ​បាន​កើតឡើង​កាលពី​វេលា​ម៉ោង​៧​និង​២០​នាទី​ព្រឹក​ថ្ងៃ​ទី​០៦ ខែវិច្ឆិកា ឆ្នាំ​២០២៦ នៅ​លើ​ផ្លូវជាតិ​លេខ​៣ ត្រង់​ចំណុច​ស្ពាន​៧​មក​រា​កំពង់ទួល ស្ថិត​នៅ​ក្នុងភូមិ​ទឹកថ្លា សង្កាត់​ក្រាំង​ពង្រ ខណ្ឌដង្កោ រាជធានី​ភ្នំពេញ ។

ជន​រង​គ្រោះ​ទាំង​២​នាក់​ប្ដី​ប្រពន្ធ​ដែល​ស្លាប់​បាត់បង់​ជីវិត​នោះ មិន​ទាន់​ត្រូវ​បាន​ស្គាល់​អត្តសញ្ញាណ​នៅឡើយ​ទេ ចំណែក​បុរស​ម្នាក់​ទៀត​ជា​អ្នក​ដឹក​ផ្លែ​ឈើ​រង​របួស ហើយ​ក៏​មិន​ទាន់​ត្រូវ​បាន​ស្គាល​អត្តសញ្ញាណ​ដែរ ។

សមត្ថកិច្ច​បាន​ប្រាប់​ឲ្យ​ដឹង​ថា នៅ​មុន​ពេល​កើតហេតុ​ ជន​រង​គ្រោះ​ទាំង​២​នាក់​ប្ដី​ប្រពន្ធ​បាន​ជិះ​ម៉ូតូ​១​គ្រឿង ​ម៉ាក​ហុងដា​ស្កូ​ប​ពី ព​ណ៍​ខ្មៅ ពាក់​ស្លាក​លេខ​ ភ្នំពេញ​ 1LE-9239 ធ្វើ​ដំណើរ​ក្នុង​ទិស​ដៅ​ពី​ជើង​ទៅ​ត្បូង ស្រប​ទិស​គ្នា​ជាមួយ​ម៉ូតូ​ដឹក​ផ្លែ​ឈើ​១​គ្រឿង​ទៀត ម៉ាក​ហុងដា​ឌ្រី​ម ធុន​សេ​១២៥ ព​ណ៍​ខ្មៅ ពាក់​ស្លាក​លេខ ​ភ្នំពេញ​ 1BE-4162 ។ លុះ​ពេល​ទៅ​ដល់​ត្រង់​ចំណុច​កើតហេតុ ស្រាប់តែ​មាន​រថយន្ត​បែន​ដឹក​ខ្សាច់​១​គ្រឿង​ម៉ាក​នី​ស្សាន់​ចង្កូត​ស្ដាំ ពាក់​ស្លាក​លេខ​ចង្កូត​ស្ដាំ​ PP-3434 បើកបរ​ស្របគ្នា​ក្នុង​ល្បឿន​លឿន​ទៅ​ដល់​បុក​រះ​ម៉ូតូ​ទាំង​២​គ្រឿង​ពីក្រោយយ៉ាង​​ពេញទំហឹង និង​អូស​ម៉ូតូ​ហុងដា​ស្កូ​ប​ពី​ ជា​ច្រើន​ម៉ែត្រ ។

សមត្ថកិច្ច​បាន​ប្រាប់​ឲ្យ​ដឹង​ដឹង​បន្ត​ថា ខណៈនោះ​បាន​បណ្ដាល​ឲ្យ​ជន​រង​គ្រោះ​ទាំង​២​នាក់​ប្ដី​ប្រពន្ធ ដែល​ជិះ​ម៉ូតូ​ហុងដា​ស្កូ​ប​ពី​ស្លាប់​នៅ​នឹង​កន្លែង បន្ទាប់​មក​រថយន្ត​ខាងលើ​បាន​ជ្រុល​ឡើង​លើ​សួន​ពុះ​ចែក​ទ្រូងផ្លូវ និង​បុក​បង្គោល​ភ្លើង​១​ដើម​ទៀត ទើប​ឈប់​ស្ងៀម ហើយ​អ្នកបើកបរ​រត់គេច​ខ្លួន​បាត់ ។ ចំណែក​ម៉ូតូ​ជន​រង​គ្រោះ​ទាំង​២​គ្រឿង​បាន​រង​ការ​ខូចខាត បន្ទាប់​កម្លាំង​ប៉ុស្តិ៍​នគរបាល​រដ្ឋបាល​ក្រាំង​ពង្រ និង​កម្លាំង​ផ្នែក​នគរបាល​ចរាចរណ៍​ខណ្ឌដង្កោ បាន​ចុះ​ទៅ​សម្រួល​ចរាចរណ៍​ រួច​រាយការណ៍​បន្ត​ទៅ​កាន់​ការិយាល័យ​ចរាចរណ៍​ផ្លូវគោក​នៃ​ស្នងការដ្ឋាន​រាជធានី​ភ្នំពេញ ។ ដើម្បី​ចុះ​ទៅ​ធ្វើការ​វាស់វែង​និង​នាំ​យក​រថយន្ត​បង្ក​ព្រមទាំង​ម៉ូតូ​ជន​រង​គ្រោះ​ទៅ​រក្សា​ទុក​រង់ចាំ​ការ​ដោះស្រាយ​នៅ​ពេល​ក្រោយ ព្រមទាំង​ស្រាវជ្រាវ​រក​ក្រុម​គ្រួសារ​សព ៕