ទីក្រុងបាងកក ៖ អតីតបវរកញ្ញាថៃ និងជាតារាសម្តែងល្បីឈ្មោះក្នុងកិច្ចការសប្បុរសធម៌អ្នកនាង Panadda Wongphudee ឬ Boom Panadda ត្រូវបានប៉ូលិសចាប់ខ្លួន កាលពីព្រឹកថ្ងៃទី៦ ខែវិច្ឆិកា ឆ្នាំ២០២៦ ខណៈស្វាមីអ្នកនាង លោក Atip Anantawan បានចូលប្រគល់ខ្លួនឱ្យអាជ្ញាធរ ដើម្បីតតាំងផ្លូវច្បាប់នឹងការចោទប្រកាន់ធ្ងន់ធ្ងរពាក់ព័ន្ធនឹងឆបោកសាធារណជន លាងលុយកខ្វក់ និងបទល្មើសឧក្រិដ្ឋកម្មកុំព្យូទ័រ។ នេះបើតាមការចេញផ្សាយពីកាសែតបាងកកប៉ុស្តិ៍ និង Khaosod English។
កម្លាំងសមត្ថកិច្ចនៃការិយាល័យស៊ើបអង្កេតកណ្តាល (CIB) បានឃាត់ខ្លួនអតីតបវរកញ្ញាថៃរូបនេះ នៅម៉ោង ៦:៣០ ព្រឹក នៅឯគេហដ្ឋានអ្នកនាង នៅក្នុងទីក្រុងបាងកក បន្ទាប់ពីតុលាការព្រហ្មទណ្ឌថៃ បានអនុម័តដីកាចាប់ខ្លួនអ្នកទាំងពីរ កាលពីល្ងាចថ្ងៃព្រហស្បតិ៍។ ប្ដីប្រពន្ធទាំងពីររូបនេះ ប្រឈមមុខនឹងការចោទប្រកាន់ធំៗ ៣ រួមមាន ការយកថវិកាមូលនិធិទៅប្រើខុសគោលដៅ (កិបកេងប្រាក់បរិច្ចាគ) ការលាងលុយកខ្វក់ និងការរំលោភលើច្បាប់ស្តីពីបទល្មើសបទល្មើសឧក្រិដ្ឋកម្មកុំព្យូទ័រ។
ករណីនេះបានកើតឡើង បន្ទាប់ពីមានការស៊ើបអង្កេតលើភាពមិនប្រក្រតីនៃលំហូរថវិកា និងការចោទប្រកាន់ថា ប្រាក់បរិច្ចាគទទួលបានតាមរយៈមូលនិធិសប្បុរសធម៌ « Do Good Organisation Foundation» ដែលដឹកនាំដោយអ្នកនាង Boom ត្រូវបានបង្វែរទៅប្រើប្រាស់ជាប្រយោជន៍ផ្ទាល់ខ្លួន។
កាលពីប៉ុន្មានថ្ងៃ មុនការចាប់ខ្លួន អ្នកនាង Boom ធ្លាប់បានទៅប្តឹងប៉ូលីសដោយអះអាងថា អ្នកនាងត្រូវបានស្វាមីបោកប្រាស់ទាក់ទងនឹងការផ្ទេរប្រាក់មូលនិធិ ប៉ុន្តែប៉ូលិសស៊ើបអង្កេតមិនទាន់ជឿជាក់លើការអះអាងនេះទាំងស្រុងនោះទេ ដោយសារតែនាងជាប្រធានដែលត្រូវទទួលខុសត្រូវលើកិច្ចការហិរញ្ញវត្ថុរបស់មូលនិធិ។
ចំណាត់ការបន្តរបស់ប៉ូលិស បានឆែកឆេរផ្ទះរបស់អ្នកនាង Boom ព្រមទាំងការិយាល័យមូលនិធិទាំង ២ ទីតាំង ដើម្បីស្វែងរកភស្តុតាងបន្ថែម។
កាលពីថ្ងៃទី៤ ខែវិច្ឆិកា សមត្ថកិច្ចបានបង្កកគណនីធនាគារប្រហែល ១៧ គណនីដែលមានទឹកប្រាក់សរុបប្រហែល ៦០ លានបាត ឬជិត ១,៨ លានដុល្លារអាមេរិក។ អាជ្ញាធរក៏បានត្រួតពិនិត្យទ្រព្យសម្បត្តិមានតម្លៃលើសពី ១០០ លានបាត ឬជិត ៣ លានដុល្លារ រួមមាន ផ្ទះ ៣ ទៅ ៤ កន្លែង ដីធ្លីជាច្រើនកន្លែង, រថយន្តជាង ២០ គ្រឿង, អាវុធ ៦ ដើម និងកាបូបដៃប្រណិតៗជាច្រើនផងដែរ។
បើតាមលោក លោក Kanchai Kamnerdploy ពិធីករទូរទស្សន៍ថៃដ៏ល្បី ដែលតាមដានករណីនេះ បានទម្លាយថា គណនី ៣ ដែលពាក់ព័ន្ធនឹងសកម្មភាពរៃអង្គាសប្រាក់ មានការកត់ត្រាការផ្ទេរប្រាក់ជាង ១,៨ លានដងពីគណនីធនាគារជាង ៩០ ម៉ឺនគណនី។ ការផ្ទេរប្រាក់របស់បុគ្គលម្នាក់ៗមានចាប់ពីត្រឹមតែ១៩បាត រហូតដល់លើសពី១លានបាត។
គួរបញ្ជាក់ដែរថា អ្នកនាង Boom Panadda គឺជាអតីតបវរកញ្ញាថៃឆ្នាំ ២០០០ ហើយក៏ជាតារាសម្តែង ពិធីការិនីទូរទស្សន៍ និងជាប្រធានមូលនិធិសប្បុរសធម៌។ ក្រៅពីជាតារាសិចស៊ីហើយនោះ អ្នកនាងក៏ធ្លាប់ត្រូវបានតែងតាំងជាអ្នកនាំពាក្យស្ម័គ្រចិត្តរបស់ក្រសួងការពារជាតិថៃ លើកិច្ចការព្រំដែនថៃ-កម្ពុជាផងដែរ កាលពីខែសីហា ឆ្នាំ ២០២៥៕




ចែករំលែកព័តមាននេះ