ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

បណ្ដា​បក្ស​នយោបាយ​ស្ដាំ​និយម​ជ្រុល​នៅ​អឺរ៉ុប​ចាប់​ផ្ដើម​ដក​ខ្លួន​ឆ្ងាយ​ពី​ត្រាំ​ក្រោយ​ការ​ចាញ់​ឆ្នោត​សភា

5 ថ្ងៃ មុន

ទី​ក្រុង​ប៉ារីស៖ បណ្ដា​គណ​បក្ស​​ស្ដាំ​និយម​ជ្រុល​នៅ​អឺរ៉ុប​​ពី​ដំបូង​ទី​​​ត្រូវ​ធាតុ​គ្នា​ជា​មួយ​លោក​ដូណាល់​ត្រាំ​ ។​ ប៉ុន្តែ​បន្ទាប់ពី​​​លទ្ធ​ផល​បោះ​ឆ្នោត​សភា​នៅ​អាមេរិក​បង្ហាញ​ថា​គណ​បក្ស​របស់​លោក​ទទួល​បរាជ័យ​យ៉ាង​ធ្ងន់​ធ្ងរ​ដោយ​សារ​សង្គ្រាម​អុីរ៉ង់​រួច​មក​ ពួក​គេ​ព្យាយាម​ដក​ខ្លួន​ថយ​យ៉ាង​ឆ្ងាយ​​ជា​បណ្ដើរ​ៗ​។ ទោះ​ជា​បែប​នេះ​ក្ដី ពួក​គេ​ក៏​មិន​ចង់​រិះ​គន់​លោក​ដោយ​ផ្ទាល់​ជា​ចំហ​នោះ​ដែរ​។ ការ​កែ​សម្រួល​គោល​ជំហរ​របស់​បណ្ដា​គណ​បក្ស​ទាំង​នោះ​ជា​ព្រឹត្តិ​ការណ៍​គួរ​ឱ្យ​ចាប់​អារម្មណ៍ ​ដ្បិតអី​​ក្រោយ​ជ័យ​ជម្នះ​របស់​លោក​ត្រាំ​កាល​ពី​ឆ្នាំ​២០២៤ ពួក​គេ​សម្ដែង​ការ​អប​អរ​សាទរ​យ៉ាង​កង​រំពង​ដោយ​ប្រៀប​ប្រដូច​ថា​ជ័យ​ជម្នះ​នេះ​​​ជា​កញ្ចក់​ឆ្លុះ​បញ្ចាំង​ថា​ពួក​គេ​ក៏​អាច​នឹង​មាន​ឱកាស​ឈ្នះ​ឆ្នោត​នៅ​អឺរ៉ុប​ផង​ដែរ​​។ បណ្ដា​ថ្នាក់​ដឹក​នាំ​គណ​បក្ស​ទាំង​នោះ​មួយ​ចំនួនបាន​​ធ្វើ​ដំណើរ​ទៅ​អប​អរ​សាទរ​ដល់​​ទី​ក្រុង​វ៉ាស៊ីន​តោន​ថែម​​ទៀត​ផង។

លោក​ហ្សក​ដាន​ បាដេឡា (Jordan Bardella) ជា​ប្រធាន​«គណ​បក្ស​សមាជ​ជាតិ​» នៅ​ប្រទេស​បារាំង​។ ​លទ្ធ​ផល​ឆ្នោត​ស្ទង់​មតិ​បង្ហាញ​ថាលោក​​​អាច​នឹង​ក្លាយ​ជា​អ្នក​បង្កើត​រដ្ឋាភិបាល​នៅ​អាណត្តិ​ថ្មី​។ ឥឡូវ​នេះ លោ​កចាប់​ផ្ដើម​ដក​ខ្លួន​បន្តិច​ពី​ជំហរ​នយោបាយ​​កាល​ពី​​មុន​។ លោក​ថ្លែង​ថា​នៅ​អាណត្តិ​ទី​២​នេះ លោក​ត្រាំ​ហាក់​ដូច​ជា​មិន​​ប្រកាន់​នយោបាយ​ការ​បរទេស​មិន​ពាក់​ព័ន្ធ​នឹង​ប្រទេស​ដទៃ​​​ដូច​អាណត្តិ​ទី​១​​​ទេ​។ ការ​ដែល​អាមេរិក​ធ្វើ​អន្តរា​គមន៍​នៅ​ក្នុង​បញ្ហា​អ៊ីរ៉ង់​ធ្វើ​ឱ្យ​មាន​ផល​វិបាក​យ៉ាង​ធ្ងន់​ធ្ងរ​ជា​ទី​បំផុត​ចំពោះ​សេដ្ឋ​កិច្ច​ពិភព​លោក​។ លោក​​ថ្លែង​ដូច្នេះ​ដោយ​មិន​បញ្ចេញ​ឈ្មោះ​លោក​ដូណាល់​ត្រាំ​នោះ​ឡើយ​​​។

ក្រឡេក​ទៅ​មើល​បក្ស​ស្ដាំ​និយម​នៅ​អាល្លឺម៉ង់​វិញ​ម្ដង​។ លោក​ស្រី​អាលីស វ៉ៃដែល​ (Alice Weidel) ជា​សហ​ស្ថាបនិក​គណ​បក្ស​ស្ដាំ​និយម​ជ្រុល​អាល្លឺម៉ង់​ «​ជម្រើស​ថ្មី​សម្រាប់​អាល្លឺម៉ង់​ (AfD)»​។ លោក​ស្រី​ក៏​យល់​ថា​ការ​ចាញ់​ឆ្នោត​របស់​គណ​បក្ស​សា​ធារណ​រដ្ឋ​នៅ​អាមេរិក​​បណ្ដាល​មក​ពី​​​​សង្គ្រាម​អ៊ីរ៉ង់​ផង​ដែរ​។ លោក​ស្រី​ថ្លែង​ថា​លោក​ដូណាល់​ត្រាំ​ធ្លាប់​សន្យា​ថា​នឹង​មិន​អនុ​វត្ត​នយោបាយ​ការ​បរទេស​បែប​ជ្រៀត​ជ្រែក​កិច្ច​ការ​ប្រទេស​ដទៃ​ទេ​។ ការ​ក្បត់​សន្យា​នេះ​​ហើយ​ដែល​​តាម​លង​បន្លាច​ពួក​អ្នក​​សា​ធារណ​រដ្ឋ​និយម​​។ លោ​កស្រី​ថ្លែង​ដូច្នេះ​ប្រាប់​សារ​ព័ត៌​មាន​ T-Online។

លោក​ដូណាល់​ត្រាំ​ទទួល​ស្គាល់​ថា​សង្គ្រាម​​អ៊ីរ៉ង់​ពិត​ជា​មាន​ចំណែក​ធ្វើ​ឱ្យ​គណ​បក្ស​របស់​លោក​ចាញ់​ឆ្នោត​មែន​។ ប៉ុន្តែ​លោក​នៅ​តែ​ប្រកាន់​ជំហរ​ដដែល​ចំពោះ​សង្គ្រាម​នេះ​។ នៅ​អ៊ីតាលី លោក​ម៉ាត់​តេ​អូ សាល់​វីនី (Matteo Salvini) ជា​ប្រធាន​គណ​បក្ស​ស្ដាំ​និយមជ្រុល League Party​​ ដែល​ចូល​រួម​នៅ​ក្នុង​រដ្ឋាភិបាល​ចម្រុះ​របស់​លោក​ស្រី​មេឡូនី (Meloni)។ លោក​ថ្លែង​ថា​សង្គ្រាម​គឺ​ជា​កត្តា​គ្រប់​យ៉ាង​ដែល​ជះ​ឥទ្ធិ​ពល​លើ​លទ្ធ​ផល​បោះ​ឆ្នោត​នៅ​អាមេរិក,​​ ​ជះ​ឥទ្ធិ​ពល​លើ​ភាព​តាន​តឹង​នៅ​លើ​ឆាក​អន្តរ​ជាតិ​ និង​ជះ​ឥទ្ធិ​ពល​លើ​ការ​ចំណាយ​កាន់​តែ​ច្រើន​ឡើង​ៗ​ទៅ​លើ​ជីវិត​រស់​នៅ​ប្រចាំ​ថ្ងៃ​​។ នៅ​ទី​បញ្ចប់​ អ្នក​ដែល​ទទួល​រង​ផល​វិបាក​អស់​ទាំង​នេះដោយ​ផ្ទាល់​គឺ​ប្រជា​ពល​នោះ​ឯង​៕ ប្រភព៖ Reuters