សហរដ្ឋអាមេរិក ៖ ឧស្សាហកម្មប្រេងកំពុងត្រៀមទប់ទល់នឹងលទ្ធភាពនៃការយកពន្ធលើប្រាក់ចំណេញលើសកម្រិត (Windfall Tax) ក្រោយគណបក្សប្រជាធិបតេយ្យបានឈ្នះសំឡេងភាគច្រើនទាំងនៅសភាតំណាងរាស្ត្រ (រដ្ឋសភា) និងព្រឹទ្ធសភា នៃការបោះឆ្នោតពាក់កណ្តាលអាណត្តិរបស់សហរដ្ឋអាមេរិក។ នេះបើតាមការចេញផ្សាយពី Bloomberg នៅថ្ងៃទី៥ ខែវិច្ឆិកា។
ជ័យជម្នះធំធេងរបស់គណបក្សប្រជាធិបតេយ្យ កើតចេញពីការមិនពេញចិត្តរបស់ពលរដ្ឋអាមេរិក ចំពោះតម្លៃប្រេងឥន្ធនៈ និងអតិផរណាកើនខ្ពស់ ដោយសារសង្គ្រាមនៅអ៊ីរ៉ង់។ សមាជិកសភាតំណាងរាស្ត្រ និងព្រឹទ្ធសភាមកពីគណបក្សប្រជាធិបតេយ្យ ដូចជា លោក Sheldon Whitehouse (ព្រឹទ្ធសភា) និងលោក Ro Khanna (សភាតំណាងរាស្ត្រ) ជាដើម បានស្នើច្បាប់ពន្ធលើប្រាក់ចំណេញលើសកម្រិតរួចមកហើយ ដើម្បីយកប្រាក់ចំណូលពីក្រុមហ៊ុនប្រេងធំៗ ផ្ដល់ប្រាក់ឧបត្ថម្ភជួយសម្រាលបន្ទុកថ្លៃប្រេងសាំងដល់ពលរដ្ឋ ដែលរងផលប៉ះពាល់។
ក្រុមអ្នកជំនួញ និងបណ្តាអ្នកតស៊ូមតិផ្នែកប្រេងកាតកំពុងមានការព្រួយបារម្ភថា ពន្ធនេះ អាចក្លាយជាផ្នែកមួយនៃកិច្ចព្រមព្រៀងនយោបាយរវាងគណបក្សប្រជាធិបតេយ្យ និងលោកប្រធានាធិបតី ដូណាល់ ត្រាំ (Donald Trump)។ វិទ្យាស្ថានប្រេងអាមេរិក (API) បានអះអាងថា ពន្ធប្រភេទនេះ នឹងមិនអាចដោះស្រាយបញ្ហាតម្លៃថាមពល ឬជួយកាត់បន្ថយតម្លៃសម្រាប់អ្នកប្រើប្រាស់បានឡើយ ប៉ុន្តែបែរជាទៅរារាំងការវិនិយោគរយៈពេលវែងលើការផ្គត់ផ្គង់ថាមពលទៅវិញ។ តាមទស្សនៈ API តម្លៃប្រេងឡើងថ្លៃ ដោយសារតម្រូវការទីផ្សារកើនឡើងខ្លាំង និងការផ្គត់ផ្គង់មានកម្រិត គួបផ្សំនឹងវិបត្តិភូមិសាស្ត្រនយោបាយសកល។
ទោះយ៉ាងណាក៏ដោយ ក្រឡេកទៅក្រុមការពារបរិស្ថាន និងអង្គការមួយចំនួន ដូចជា Oil Change International ជាដើម បានគាំទ្រឱ្យមានការអនុម័តពន្ធបែបនេះ លើក្រុមហ៊ុនប្រេង និងឧស្ម័នធំៗ ដើម្បីទប់ស្កាត់ការកេងចំណេញពីវិបត្តិសង្គ្រាម។
គួរបញ្ជាក់ថា តម្លៃប្រេងឆៅបានធ្លាក់ចុះយ៉ាងខ្លាំង បន្ទាប់ពីលទ្ធផលបោះឆ្នោតសភាពាក់កណ្តាលអាណត្តិរបស់សហរដ្ឋអាមេរិកបង្ហាញពីជ័យជម្នះរបស់គណបក្សប្រជាធិបតេយ្យ ដោយសារបណ្តាអ្នកវិនិយោគរំពឹងថា គោលនយោបាយថ្មី អាចនាំឱ្យមានការបន្ធូរបន្ថយភាពតានតឹងសង្គ្រាមនៅអ៊ីរ៉ង់។ កិច្ចសន្យានាពេលអនាគត ប្រេងឆៅម៉ាក Brent បានជួញដូរនៅក្នុងតម្លៃ ៩៥ ដុល្លារអាមេរិកក្នុង១បារ៉ែល គិតត្រឹមម៉ោង ៣:១៥ នាទីរសៀល ថ្ងៃទី៥ ខែវិច្ឆិកា (ម៉ោងនៅកម្ពុជា) ដែលជាការធ្លាក់ចុះខ្លាំង បើធៀបនឹងជាង ១១០ ដុល្លារក្នុង១បារ៉ែល កាលពីដើមសប្តាហ៍នេះ៕


ចែករំលែកព័តមាននេះ