ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

កោះ​ប៉ែន​ ដីចម្ការ​​ថ្នាំ​ ពេល​នេះ​បាន​អភិវឌ្ឍ​ទៅ​ជា​ផ្លូវ​បេតុង​អស់ហើយ

2 អាទិត្យ មុន
  • កំពង់ចាម

ខេត្តកំពង់ចាម​ ៖ នៅ​តាម​ភូមិឋាន​នានា​ក្នុង​ឃុំ​កោះមិត្ត​ ស្រុក​កំពង់សៀម​ ពី​មុន​ជា​ប្រភេទ​ផ្លូវ​ដី​ហុយ​ក្នុង​រដូវប្រាំង​និង​បែក​ភក់​នៅ​រដូវវស្សា​ពិបាក​ក្នុង​ការ​ធ្វើ​ដំណើរ​។

ដោយ​មានការ​យកចិត្តទុកដាក់​ពី​សំណាក់​អាជ្ញាធរ​មូលដ្ឋាន​ក៏​ដូច​ជា​អង្គភាព​ពាក់ព័ន្ធ​បាន​ប្រែ​ក្លាយទៅជា​ផ្លូវ​បេតុង​ពី​មួយ​ឆ្នាំទៅ​មួយ​ឆ្នាំ​មក​ដល់​សព្វ​ថ្ងៃនេះ​គឺ​សឹងតែ​១០០% ទៅ​ហើយ​បាន​អភិវឌ្ឍន៍​ទៅ​ជា​ផ្លូវ​បេតុង​បង្ករ​ភាព​ងាយស្រួល​ដល់​ពលរដ្ឋ​ដឹក​កសិផល​ទៅ​កាន់​ទីផ្សារ​បាន​ដោយ​ងាយស្រួល​។

លោក​វ៉ែន នាង មេឃុំ​កោះមិត្ត​ មាន​ប្រសាសន៍​ឲ្យ​ដឹង​នា​រសៀល​ថ្ងៃ​ទី​៥ វិច្ឆិកា​ ឆ្នាំ​២០២៦​ ថា​ រូប​លោក​បាន​ត្រូវ​ប្រជាពលរដ្ឋ​បោះ​ឆ្នោត​គាំទ្រ​ជា​មេឃុំ​បន្តបន្ទាប់​តាំងពី​អាណិត​ទី​មួយ​មក​ដល់​អាណត្តិ​ទី​ប្រាំ​។ ក្នុង​មូលដ្ឋាន​របស់​លោក​ពី​មុន​គឺ​មាន​តែ​ការ​អភិវឌ្ឍន៍​ក្នុង​នោះ​រួម​មាន​អណ្ដូងទឹក ប្រឡាយ ផ្លូវ​ដី​សម្រាប់​ឱ្យ​បងប្អូន​ប្រជាពលរដ្ឋ​នៅ​ក្នុងភូមិ​កោះ​ចាស់ កោះ​ព្រ​លួង កំពង់​ត្រុំ​លើ​ កំពង់​ត្រុំ​ក្រោម កោះ​ប៉ែន ដើម្បី​ឱ្យ​ពលរដ្ឋ​ធ្វើ​ដំណើរ​កាត់​តាម​ភូមិ​មួយ​ទៅ​ភូមិ​មួយ​មាន​ភាព​ងាយស្រួល​ដែល​ក្នុង​គ្រានោះ​គឺ​មាន​រទេះសេះ​សម្រាប់​ដឹក​បន្លែបង្ការ ​ឬ​ថ្នាំជក់​ជាដើម​ទៅ​កាន់​ទីផ្សារ​។

លោក​មេឃុំ​កោះមិត្ត​មាន​ប្រសាសន៍​បន្ត​ឲ្យ​ដឹង​ទៀត​ថា នៅ​ក្នុង​អំឡុង​ឆ្នាំ​២០១២ ពេល​ដែល​អភិវឌ្ឍន៍​ផ្លូវ​ដី​ទៅ​ជា​ផ្លូវ​បេតុង​ដំបូង​គឺ​ធ្វើ​ឡើង​នៅ​ក្បាលកោះ​ប៉ែន ហើយ​ក្រោយមក​ទៀត​ក៏​បាន​ធ្វើ​នៅ​តាម​ភូមិ​ផ្សេង​ៗ​តាម​គម្រោង​មូលនិធិ​របស់​ឃុំ​ដែល​ថ្នាក់​ជាតិ​បាន​ទម្លាក់​មក​ជា​រៀង​រាល់​ឆ្នាំ​តាម​ទំហំ​ទឹកប្រាក់​ក្នុង​រង្វង់​ជាង​១០០​លាន​ រហូត​ដល់​ជាង​៥០០ លាន​រៀល ត្រូវ​បាន​ដាក់​ឲ្យ​ដេញថ្លៃ​ជា​សាធារណៈ​ធ្វើ​ឡើង​នៅ​សាលាឃុំ​កោះមិត្ត​ឬ​នៅ​សាលាស្រុក​កំពង់សៀម​ជាដើម​។

ជាមួយ​នោះ​ពេល​ខ្លះ​ក្រុមហ៊ុន​ដេញថ្លៃ​មានការ​ប្រកួតប្រជែង​យកឈ្នះ​ចាញ់​រាងខ្លួន​ធ្វើ​ឲ្យ​ចុះ​ច្រើន​ហើយ​ថវិកា​នៅ​សល់​ត្រូវ​បាន​ដាក់​ឲ្យ​ដេញថ្លៃ​ដើម្បី​ស្ថាបនា​ផ្លូវ​បេតុង​បន្ថែម​នៅ​តាម​ភូមិ​ក្នុង​ឃុំ​កោះមិត្ត​។

លោក​វ៉ែន នាង មេឃុំ​កោះមិត្ត ​បញ្ជាក់​ថា សម្រាប់​ផ្លូវ​បេតុង​ដែល​បាន​ស្ថាបនា​ក្នុង​ឆ្នាំ​២០២៦​កន្លង​ទៅ​មាន​ប្រវែង​៧០០ ម៉ែត្រ​នៅ​ក្បាលកោះ​ប៉ែន ត​ភ្ជាប់​ចុះ​ទៅ​រមណីយដ្ឋាន​ឆ្នេរ​ខ្សាច់​កោះ​ប៉ែន​។​សម្រាប់​គម្រោង​ផ្លូវ​បេតុង​ឆ្នាំ​២០២៧ គឺ​ត្រូវធ្វើ​ឡើង​ផ្លូវ​ទៅ​ដល់​ចំការ​របស់​ពលរដ្ឋ​មាន​ន័យ​ថា​ផ្លូវ​បេតុង​គឺ​បាន​អភិវឌ្ឍ​សឹងតែ​១០០% ក្នុង​ពេល​អនាគត​ដល់​ឆាប់​គឺ​នឹង​ពង្រីក​ផ្លូវ​បេតុង​ឱ្យ​លើស​ពី​ទំហំ​៤​ម៉ែត្រ ដើម្បី​ងាយស្រួល​ដល់​ប្រជាពលរដ្ឋ​ធ្វើ​ដំណើរ​ក្នុង​រដូវ​បុណ្យ​ទាន​ផ្សេង​ៗ​។

លោក​មេឃុំ​លើក​ឡើង​ថា​ ជា​រឿយ​ៗ​មាន​ភ្ញៀវ​បរទេស​តែងតែ​ជិះ​ម៉ូតូ​ឬ​ក៏​តុ​កតុក​ជា​លក្ខណៈ​គ្រួសារ​មក​មើល​ទេសភាព​នានា​នៅ​កោះ​ប៉ែន ក្នុង​នោះ​រួម​ទាំង​ពី​ការ​រស់នៅ​បែប​សាមញ្ញ​របស់​ពលរដ្ឋ​ទៀត​ផង​។​សូម​បញ្ជាក់​ថា​ពី​មុន​អ្នក​កោះ​ប៉ែន​ធ្វើ​ដំណើរ​មក​កំពង់ចាម​តាម​ប្រដឹស​ឬ​ស្សី​ក្នុង​រដូវប្រាំង​និង​កាណូត​ឆ្លង​នៅ​រដូវវស្សា តែ​ពេល​នេះ​វិស្វករ​ខ្មែរ​បាន​ស្ថាបនា​ស្ពានបេតុង​កាត់​ទន្លេមេគង្គ​ពី​ត្រើយ​កំពង់ចាម​មក​កោះមិត្ត​បាន​ទាំងថ្ងៃទាំងយប់​ងាយស្រួល​មិន​ពិបាក​ដូច​មុន​ទៀត​ទេ​ ៕