នាយអគ្គសេនាធិការកងទ័ពប្រជាជនរំដោះចិនឧត្តមសេនីយ៍CHEN BINGDE បានសំដែងកាលពីថ្ងៃទី១៤ សីហា ពីក្តីសង្ឃឹមបង្កើនទំនាក់ទំនងរវាងកងទ័ពចិន និងកងទ័ពអ៊ីស្រាអែលឱ្យដល់កម្រិតថ្មីមួយក្នុងឱកាសលោកជួបពិភាក្សាជាមួយរដ្ឋមន្ត្រី ការពារប្រទេសអ៊ីស្រាអែល លោកអេហ៊ូដ បារ៉ាក់។
លោកឧត្តមសេនីយ៍ CHEN មានប្រសាសន៍ថា ការធ្វើឱ្យស៊ីជម្រៅដល់កិច្ចសហប្រតិបត្តិការចិន-អ៊ីស្រាអែលរួមចំណែកដល់សន្តិភាព និងស្ថេរភាពក្នុងតំបន់ ដោយលោករំលឹកថា ទំនាក់ទំនងរវាងកងទ័ពនៃប្រទេសទាំង២មានការរីកចម្រើនរយៈពេលប៉ុន្មានឆ្នាំចុងក្រោយនេះ។
លោកបារ៉ាក់ដែលមកបំពេញទស្សនកិច្ចនៅប្រទេសចិនកាលពី២ខែមុនបានសម្តែងក្តីសង្ឃឹមថា ប្រទេសទាំង២នឹងអាចធ្វើការរួមគ្នាដើម្បីប្រឈមមុខទល់នឹងការគំរាមកំហែង និងការប្រឈមគ្រប់ប្រភេទ។
នាយសេនាធិការកងទ័ពអ៊ីស្រាអែល ឧត្តមសេនីយ៍ BENNY GANTZថ្លែងថា ទស្សនកិច្ចនោះរបស់ឧត្តមសេនីយ៍ CHEN នៅអ៊ីស្រាអែលដែលជានាយសេនាធិការកងទ័ពចិនដំបូងគេមកកាន់ប្រទេសនេះមានអត្ថន័យក្នុងការជំរុញទំនាក់ទំនងរវាងកងទ័ពនៃប្រទេសទាំង២។
ឧត្តមសេនីយ៍ CHENបានមកដល់ក្រុងតែលអាវីវ កាលពីថ្ងៃទី១៣ សីហា កន្លងមកនេះដើម្បីបំពេញទស្សនកិច្ចរយៈពេល៣ថ្ងៃ មួយនៅអ៊ីស្រាអែលតាមការអញ្ជើញរបស់សមភាគីអ៊ីស្រាអែលឧត្តមសេនីយ៍ GANTZ៕
ចែករំលែកព័តមាននេះ