ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ឆ្មាំ​ទន្លេ​អភិរក្ស​សត្វ​ផ្សោត​នៅ​សៀម​បូក ស្ម័គ្រចិត្ត​លែង​ត្រី​ត្រសក់​ចូល​ទន្លេ​ធម្មជាតិ ដើម្បី​ចូល​រួម​អភិរក្ស​ធនធាន​ជលផល

2 អាទិត្យ មុន
  • ស្ទឹងត្រែង

ខេត្តស្ទឹងត្រែង​ ៖ ក្រុម​ឆ្មាំ​ទន្លេ​អភិរក្ស​សត្វ​ផ្សោត​ប៉ុស្តិ៍​កោះ​សំពាយ​-​សៀម​បូក បាន​ស្ម័គ្រចិត្ត​លែង​ត្រី​ត្រសក់ ដែល​ជា​ប្រភេទ​ធនធាន​ជលផល​ កំពុង​រង​ការ​គំរាម​កំហែង​ចូល​ទៅ​ក្នុង​ដែនទឹក​ធម្មជាតិ​នៃ​ទន្លេមេគង្គ​វិញ ដែល​ជា​សកម្មភាព​មួយ​បង្ហាញ​ពី​ការ​ចូលរួម​យ៉ាងសកម្ម​របស់​កម្លាំង​មូលដ្ឋាន​ក្នុង​ការ​ការពារ និង​អភិរក្ស​ធនធាន​ជលផល​ ។

សកម្មភាព​នេះ​ ត្រូវ​បាន​ខណ្ឌ​រដ្ឋបាល​ជលផល​ខេត្តស្ទឹងត្រែង​ចាត់​ទុក​ថា ​ជា​ការ​ចូលរួម​ដ៏​មាន​សារសំខាន់​ក្នុង​ការ​ថែរក្សា​ធនធាន​ជលផល ជា​ពិសេស​ ប្រភេទ​ត្រី​ដែល​កំពុង​ប្រឈម​នឹង​ការ​ថយ​ចុះ​ចំនួន និង​ត្រី​មេ​ពូជ​ដែល​មាន​តួនាទី​សំខាន់​ក្នុង​ការ​បន្ត​ពូជ និង​រក្សា​តុល្យភាព​​ប្រព័ន្ធ​អេកូឡូស៊ី​ក្នុង​ទន្លេ​ ។

តាម​ការ​លើក​ឡើង​របស់​ខណ្ឌ​រដ្ឋបាល​ជលផល​ស្ទឹង​ត្រែង សកម្មភាព​ស្ម័គ្រចិត្ត​លែង​ត្រី​ត្រសក់​​នេះ គឺជា​គំរូ​វិជ្ជមាន​មួយ​ដែល​បង្ហាញ​ពី​ស្មារតី​ទទួលខុសត្រូវ​របស់​ក្រុម​ឆ្មាំ​ទន្លេ ចំពោះ​​ធនធានធម្មជាតិ និង​ការ​យកចិត្ត​ទុកដាក់​លើ​ការ​អភិរក្ស​ប្រភេទ​ជលផល​ដែល​មាន​សារ​សំខាន់​ចំពោះ​ជីវចម្រុះ​ក្នុង​ប្រព័ន្ធ​ទន្លេមេគង្គ​ ។

ជាមួយ​គ្នា​នេះ ខណ្ឌ​រដ្ឋបាល​ជលផល​ស្ទឹង​ត្រែង ក៏បាន​អំពាវនាវ​ដល់​ប្រជា​នេសាទ សហគមន៍​នេសាទ និង​សាធារណជន​ទូទៅ ឱ្យ​បន្ត​ចូលរួម​ការពារ​ធនធាន​ជលផល ដោយ​ចៀស​វាង​ការ​ចាប់ ឬ​ធ្វើ​អាជីវកម្ម​លើ​ប្រភេទ​ត្រី​កំពុង​រងគ្រោះថ្នាក់ និង​ត្រី​មេ​ពូជ​សំខាន់​ៗ ព្រមទាំង​ចូលរួម​លែង​ត្រី​ទាំងនេះ​ទៅ​ក្នុង​ជម្រក​ធម្មជាតិ​វិញ នៅ​ពេល​មានការ​ចាប់​បាន​ដោយ​ចៃដន្យ និង​អាច​លែង​បាន​ដោយ​សុវត្ថិភាព​ ។

ការ​ចូលរួម​របស់​កម្លាំង​អភិរក្ស សហគមន៍​មូលដ្ឋាន និង​ប្រជា​នេសាទ​ត្រូវ​បាន​ចាត់​ទុក​ថា ​ជា​កត្តា​សំខាន់​ក្នុង​ការ​កាត់​បន្ថយ​សម្ពាធ​លើ​ធនធាន​ជលផល និង​រួមចំណែក​រក្សា​ចំនួន​ប្រភេទ​ត្រី​ក្នុង​ទន្លេមេគង្គ​ឱ្យ​មាន​និរន្តរភាព សម្រាប់​បរិស្ថាន និង​ជីវភាព​ប្រជាពលរដ្ឋ​ក្នុង​តំបន់​នា​ពេល​អនាគត ៕