សម្តេចធិបតី៖ សម រង្ស៊ី មានចំណុចខ្សោយណាមួយ ទើបមិនហ៊ានសរសេរសំបុត្រទៅកាសែតថៃដែលផ្សាយសម្តីខ្លួនខុសរឿងនិយាយថា «ខ្មែរបា.ញ់មុន»
- ពោធិ៍សាត់
ខេត្តពោធិ៍សាត់ ៖ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត បានលើកឡើងថា ប្រហែលមានចំណុចខ្សោយណាមួយ បានជាអ្នកនយោបាយចាស់វស្សា សម រង្ស៊ី ហ៊ានសរសេរសំបុត្រទៅប្រធានាធិបតីបារាំងម៉ាក្រុង ស្នើមិនឲ្យមកទស្សនកិច្ចកម្ពុជា តែបែរជាមិនហ៊ានសរសេរសំបុត្រទៅកាសែតថៃ ដែលផ្សាយសម្តីខ្លួនខុសរឿងនិយាយថា «ខ្មែរបាញ់មុន»។
សម្ដេតធិបតី ហ៊ុន ម៉ាណែត នៅក្នុងឱកាសអញ្ជើញចែកពូជស្រូវ និងស្បៀង ជូនប្រជាពលរដ្ឋរងផលប៉ះពាល់ដោយសារជំនន់ទឹកភ្លៀងនៅខេត្តពោធិ៍សាត់ នាព្រឹកថ្ងៃទី០៥ ខែវិច្ឆិកា ឆ្នាំ២០២៦ បានលើកឡើងថា ចំណុចនេះប្រហែលជាមានចំណុចខ្សោយណាមួយរបស់បុគ្គលរូបនេះនៅក្នុងដៃអ្នកកាសែតថៃ ដែលធ្វើឲ្យបុគ្គលរូបនេះ មិនហ៊ានតវ៉ារកការពិត ដើម្បីជាតិនិងប្រជាជន ។
សម្តេចបវរធិបតី នាយករដ្ឋមន្ត្រីបានបញ្ជាក់យ៉ាងដូច្នេះថា៖ «អ្នកនយោបាយចាស់វស្សា ដែលតែងតែជេររដ្ឋាភិបាល ជេរកងទ័ពខ្មែរ ថាអត់ចេះប្រយុទ្ធ បាញ់ប្រជាជនគេ ចុងក្រោយទៅសម្ភាសន៍ជាមួយកាសែតថៃមួយថា គាត់និយាយថា ខ្មែរបាញ់មុន ដែលអយុត្តិធម៌ចោទយើង ។ ដល់ចុះឡើងគាត់ថា គាត់អត់បាននិយាយ តែសួរថា ចុះហេតុអីមិនទៅប្ដឹងឲ្យកាសែតហ្នឹងឱ្យកែ? ព្រោះជាធម្មតាបើកាសែតណាចុះខុស យើងអាចប្ដឹងឲ្យកាសែតហ្នឹងកែ មិនមែនត្រឹមមិនអត់និយាយទេ» ។
ពាក់ព័ន្ធនឹងករណីនេះ សម្ដេចធិបតីនាយករដ្ឋមន្ត្រីបានបញ្ជាក់ថា ការមិនប្ដឹងនេះ បានធ្វើឲ្យគេចំណេញនយោបាយបាត់ទៅហើយ ដែលថាមានអ្នកនយោបាយខ្មែរទទួលស្គាល់ថា ខ្មែរអ្នកបាញ់លើគេមុន ។ ដូច្នេះ ដើម្បីផលប្រយោជន៍ជាតិពិតប្រាកដ បុគ្គលនេះគួរហ៊ានប្ដឹងកាសែតបរទេសនោះ ដើម្បីបកស្រាយការពិត ។ តែផ្ទុយទៅវិញ ដើម្បីតែផលប្រយោជន៍ខ្លួនឯងទៅវិញ ។
សម្តេចបវរធិបតីនាយករដ្ឋមន្ត្រីបានគូសបញ្ជាក់ថា៖ «ហ៊ានមកចោទទាហានយើង ពិតមិនពិត គេយកទៅនិយាយហើយ តែខ្លួនឯងថា មិននិយាយមិចក៏មិនហ៊ានការពារកិត្តិយសជាតិខ្មែរប៉ុណ្ណឹង? ចឹងស្រលាញ់ជាតិធ្វើអី? ហ៊ានសរសេរសំបុត្រទៅប្រធានាធិបតីបារាំង ម៉ាក្រុង មិនឱ្យមកទស្សនកិច្ចកម្ពុជា តែមិនហ៊ានសរសេរសំបុត្រទៅកាសែតថៃ ឱ្យកែដែលផ្សាយសម្តីខ្លួនខុស ។ មិចមិនហ៊ាន? មានអីមែន? ហ៊ានតែជាមួយរដ្ឋាភិបាល ។ ហ៊ានមិនហ៊ាន? ខ្លាចគេបក…ឫគេបញ្ចេញឯកសារពិត ឬយ៉ាងមិច?»។
ចំពោះករណីនេះ សម្ដេចបវរធិបតីនាយករដ្ឋមន្ត្រី ការដែលលោក សម រង្ស៊ី មិនហ៊ានស្នើឲ្យកាសែតថៃ កែពាក្យសម្ដីផ្សាយរបស់ខ្លួន ដែលខ្លួនលោកផ្ទាល់អះអាងថា ផ្សាយខុសនោះ ប្រហែលជាបុគ្គលរូបនេះ ខ្លាចការបកអាក្រាតណាមួយ ដែលអ្នកកាសែតថៃ មានភស្តុតាង ឬការពិតនៅក្នុងដៃ ដែលធ្វើឲ្យបុគ្គលរូបនេះខ្លាចរអារ។
គួររំលឹកថា នៅពេលថ្មីៗនេះ លោក សម រង្ស៊ី មេដឹកនាំក្រុមប្រឆាំងនៅក្រៅប្រទេសបានសរសេរលិខិតមួយផ្ញើទៅកាន់ក្រសួងអឺរ៉ុប និងការបរទេសបារាំង ដោយស្នើឲ្យប្រធានាធិបតីបារាំង លោក អេម៉ានុយអែល ម៉ាក្រុង ពិចារណា កុំចូលរួមកិច្ចប្រជុំកំពូលហ្វ្រង់កូហ្វូនីនៅភ្នំពេញ នាពេលខាងមុខ ។ ប៉ុន្តែចេតនានេះ មិនអាចបានសម្រេចឡើយ ។ ព្រោះនៅថ្ងៃទី១៤ ដល់ថ្ងៃទី១៦ ខែវិច្ឆិកា ឆ្នាំ២០២៦ខាងមុខ ក្នុងកិច្ចប្រជុំកំពូលហ្វ្រង់កូហ្វូនី នៅប្រទេសកម្ពុជាមានប្រទេសជាង៧០ហើយ បានចុះឈ្មោះចូលរួម ហើយមានប្រធានាធិបតី ប្រមុខរដ្ឋ និងប្រមុខរដ្ឋាភិបាលជាង២០ប្រទេស បានចុះឈ្មោះចូលរួមរួចរាល់ហើយ ៕

ចែករំលែកព័តមាននេះ