សហរដ្ឋអាមេរិក ៖ ប្រធានាធិបតីអាមេរិក លោកដូណាល់ត្រាំ កាលពីថ្ងៃទី៤ វិច្ឆិកា ទទួលស្គាល់ថា សង្គ្រាមជាមួយអ៉ីរ៉ង់រួមចំណែកយ៉ាងខ្លាំងដល់បរាជ័យរបស់គណបក្សលោក ក្នុងការបោះឆ្នោតពាក់កណ្ដាលអាណត្តិ ។ លោកលើកបែបនេះ បន្ទាប់ពីអនុប្រធានាធិបតី លោកឌីជេវ៉ាន អំពាវនាវដល់ពួកអ្នកសាធារណរដ្ឋ ឲ្យទទួលស្គាល់តម្លៃនយោបាយនៃជម្លោះដែលគ្មានប្រជាប្រិយភាពនោះ។

ពេលបណ្ដាអ្នកកាសែតសួរពីពាក្យពេចន៍ទាំងនេះរបស់លោកឌីជេវ៉ាន ដែលវាយតម្លៃថា សង្គ្រាមអ៉ីរ៉ង់ជាហេតុផលនៃបរាជ័យ លោកត្រាំឆ្លើយតបថា ខ្ញុំគិតថា នោះជាការពិតមួយផ្នែកដ៏ធំ ព្រោះសង្គ្រាមនេះ នាំឲ្យប្រេងសាំងឡើងថ្លៃក្នុងរយៈពេលខ្លី ។ តែទន្ទឹមនឹងនេះ ប្រសិនបើត្រូវធ្វើសង្គ្រាមនេះឡើងវិញ ខ្ញុំនឹងធ្វើដែលនោះជាដំណោះស្រាយតែមួយគត់ ។ គេមិនត្រូវបណ្ដោយឲ្យអ៉ីរ៉ង់មានអាវុធនុយក្លេអ៊ែរឡើយ ។
ពេលសួរលោកពីគ្រោះថ្នាក់នៃនីតិវិធីដកហូតតំណែងលោក ក្នុងទិដ្ឋភាពថ្មីរបស់សភា លោកត្រាំគ្រាន់តែលើកឡើងថា បែបនោះវានឹងបំផ្លាញគណបក្សប្រជាធិបតេយ្យ ។ គណបក្សសាធារណរដ្ឋទទួលបរាជ័យបាត់បង់ការត្រួតត្រាសភាទាំង២ កាត់បន្ថយអំណាចប្រធានាធិបតី ពេលដែលលោកត្រាំនៅកាន់កាប់សេតវិមានរយៈពេល២ឆ្នាំទៀត ។
សភាថ្មីពេលចូលកាន់តំណែង នាថ្ងៃទី៣ មករាខាងមុខនេះ នឹងឲ្យពួកអ្នកប្រជាធិបតេយ្យ ត្រួតត្រាលើថវិកានិងបណ្ដាច្បាប់ ហើយក៏អាចរារាំងផងដែរដល់ការតែងតាំងនានារបស់ប្រធានាធិបតី និងជម្រុញឡើងវិញការស៊ើបអង្កេតនានា លើលោកដូ
ណាល់ត្រាំនិងរដ្ឋាភិបាលលោក ។
លោកដូណាល់ត្រាំ បានគំរាមរួចហើយថា នឹងប្រើវេតូលើបណ្ដាច្បាប់ដែលលោកមិនពេញចិត្ត ។ លោកនៅមានសិទ្ធិចុះហត្ថលេខាលើបណ្ដាក្រិត្យ និងសិទ្ធិសម្រេចខាងការទូត និងយោធា ។
ចំពោះះបរាជ័យនៃការបោះឆ្នោតនេះ របស់គណបក្សលោកត្រាំ អ៉ីរ៉ង់បានចំអកឲ្យដោយរដ្ឋមន្ត្រីការបរទេសអ៉ីរ៉ង់លោកអេស្មា
អ៊ីលបាហ្គាអ៉ីលើកឡើងថា ការវាយប្រហារអ៉ីរ៉ង់មិនទទួលបានជោគជ័យឡើយ ដោយវានាំមកនូវបរាជ័យ។ លោកបរិហារពីការក្រអើតក្រទម និងការគណនាខុសខាងយុទ្ធសាស្ត្ររបស់ប្រធានាធិបតីអាមេរិកដែលលោកចោទប្រកាន់ថា រុញច្រានអាមេរិកឲ្យធ្លាក់ក្នុងសង្គ្រាមខុសច្បាប់មួយប្រឆាំងអ៉ីរ៉ង់ ។
អាជ្ញាធរអ៉ីរ៉ង់បានធ្វើអត្ថាធិប្បាយពីបរាជ័យនោះរបស់លោកត្រាំថា ពួកអ្នកនិយាយពីការផ្លាស់ប្ដូររបប តែយើងបានធ្វើឲ្យពួកគេបាក់មុខ។ ចំណែកសារព័ត៌មានរដ្ឋអ៉ីរ៉ង់មួយបានសរសេរចំអកថា លោកត្រាំមិនអាចសម្រេចបានការផ្លាស់ប្ដូររបបមួយនៅអ៉ីរ៉ង់ តែទទួលបានការផ្លាស់ប្ដូរនៅរដ្ឋតិចសាស់ជារដ្ឋតែងគាំទ្រគណបក្សសាធារណរដ្ឋ ដោយបេក្ខជនគណបក្សប្រជាធិបតេយ្យដណ្ដើមបានកៅអីព្រឹទ្ធសភានៃរដ្ឋនោះ ។ រីឯមេដឹកនាំកំពូលអ៉ីរ៉ង់លោកម៉ូសតាបាខាមេនីវិញ បានហៅបរាជ័យរបស់ពួកអ្នកសាធារណរដ្ឋថា មកពីភាពក្រអើតក្រទមរបស់ពួកគេ ៕

ចែករំលែកព័តមាននេះ