មេដឹកនាំលីប៊ីលោកមូអាម៉ា កាដាហ្វី បានអំពាវនាវកាលពីថ្ងៃទី១៥ សីហា ដល់ពួកអ្នកគាំទ្រលោកទាំងអស់ឱ្យរៀបចំខ្លួនដើម្បីធ្វើការប្រយុទ្ធរំដោះទីក្រុងទាំងឡាយដែលកាន់កាប់ដោយពួកឧទ្ទាម។ ក្នុងសារមួយផ្សាយតាមទូរទស្សន៍លីប៊ី លោកកាដាហ្វីបានស្នើដល់ពួកអ្នកគាំទ្រលោកឱ្យប្រយុទ្ធដើម្បីរំដោះប្រទេសមួយជំហានម្តងៗពីកងកម្លាំងរបស់ពួកក្បត់ និងអង្គការអូតង់។
លោកកាដាហ្វីបានធ្វើការអំពាវនាវនេះជាប្រតិកម្មចំពោះពាក្យចចាមអារ៉ាមនានាដែលថាលោកត្រៀមចាកចេញពីប្រទេសដើម្បីរស់នៅនីរទេសក្នុងកន្លែងផ្សេង ហើយពួកឧទ្ទាមដែលប្រយុទ្ធដើម្បីផ្តួលរំលំលោកដណ្តើមកាន់កាប់ទីក្រុងយុទ្ធសាស្ត្រមួយស្ថិតនៅខាងលិចក្បែរក្រុងទ្រីប៉ូលី។
លោកកាដាហ្វីនៅបានព្យាករណ៍ពី ការបញ្ចប់នាពេលឆាប់ៗនេះរបស់ពួកឧទ្ទាម។ សារនោះដែលចាក់ផ្សាយបន្តផ្ទាល់តាមទូរទស្សន៍អះអាងថា ទីបញ្ចប់របស់អាណានិគមជិតមកដល់ហើយ រួចការបញ្ចប់របស់ពពួកសត្វកណ្តុរ(ពួកឧទ្ទាម)ក៏ជិតមកដល់ដែរ។ ពួកឧទ្ទាមនឹងរត់គេចខ្លួនពីផ្ទះមួយទៅផ្ទះមួយទៀតចំពោះមហាជនដែលដេញតាមប្រមាញ់ពួកគេ។ អាណានិគម និងពួកភ្នាក់ងាររបស់គេប្រើប្រាស់តែពាក្យភូតកហុក និងសង្គ្រាមចិត្តសាស្ត្របន្ទាប់ពីសង្គ្រាមជាមួយអាវុធគ្រប់ប្រភេទត្រូវទទួលបរាជ័យ។
មេដឹកនាំលីប៊ីអំពាវនាវដល់ពួកអ្នកគាំទ្រលោកឱ្យរក្សាស្មារតីខ្ពស់ ឱ្យតស៊ូហើយរៀបចំខ្លួនធ្វើការប្រយុទ្ធរំដោះទីក្រុងទាំងឡាយ។ ទូរទស្សន៍លីប៊ីដែលផ្សាយរូបភាពទាំងឡាយដោយផ្ទាល់នៅទីលានពណ៌ខៀវ នាកណ្តាលក្រុងទ្រីប៉ូលីជាកន្លែងដែលអ្នកគាំទ្រជាច្រើនរយនាក់ប្រមូលផ្តុំគ្នាដោយលើករូបលោកកាដាហ្វី និងទង់ជាតិលីប៊ី ៕
ចែករំលែកព័តមាននេះ