កាន់ដា.វថតបង្ហោះតាមបណ្ដាញសង្គមហ្វេសប៊ុក ត្រូវនគរបាលស្រាវជ្រាវឃាត់ខ្លួន
- កំពង់ស្ពឺ
ខេត្តកំពង់ស្ពឺ ៖ យុវជនម្នាក់ត្រូវបានកម្លាំងនគរបាលស្រុកបសេដ្ឋឃាត់ខ្លួន ខណៈដែលយុវជនរូបនោះ បានធ្វើសកម្មភាពកាន់ដាវថតបង្ហោះចែកចាយតាមបណ្ដាញសង្គមហ្វេសប៊ុកបង្កអសន្តិសុខក្នុងសង្គម។
នគរបាលស្រុកបសេដ្ឋ បាននិយាយឲ្យដឹងថាក្មេងទំនើងដែលត្រូវឃាត់ខ្លួនមានឈ្មោះ យ៉ន ពន្លក ភេទប្រុស អាយុ១៦ឆ្នាំមុខរបរមិនពិតប្រាកដ រស់នៅក្នុងភូមិត្រពាំងវែង ឃុំផុង ស្រុកបសេដ្ឋ ខេត្តកំពង់ស្ពឺ ។
នគរបាលស្រុកបសេដ្ឋ បាននិយាយបន្តឲ្យដឹងទៀតថានៅមុនពេលឃាត់ខ្លួនក្មេងទំនើងខាងលើដែលបានកាន់កាប់អាវុធខុសច្បាប់ បង្ករអសន្តិសុខក្នុងសង្គម គឺនៅវេលាម៉ោង៩និង៣០នាទីព្រឹកថ្ងៃទី៣ ខែវិច្ឆិកា ឆ្នាំ២០២៦ នៅចំណុចក្នុងផ្ទះ ស្ថិតក្នុងភូមិត្រពាំងវែង ឃុំផុង ស្រុកបសេដ្ឋ ខេត្តកំពង់ស្ពឺ ។ យោងតាមអាខោនហ្វេសបុកឈ្មោះ FaFa ngol ជារបស់ឈ្មោះ យ៉ន ពន្លក ភេទប្រុស អាយុ១៦ឆ្នាំ រស់នៅភូមិ-ឃុំកើតហេតុខាងលើ បានធ្វើសកម្មភាពថតវីដេអូឃ្លីបកាន់កាប់អាវុធខុសច្បាប់ផុសក្នុងអាខោនហ្វេសបុក បង្ករអសន្តិសុខក្នុងសង្គម។
នគរបាលស្រុកបសេដ្ឋ បានបន្ថែមទៀតថា លុះរហូតដល់វេលា ម៉ោង៩ព្រឹកថ្ងៃទី៤ ខែវិច្ឆិកា ឆ្នាំ២០២៦ កំលាំងនគរបាលជំនាញព្រហ្មទណ្ឌស្រុកបសេដ្ឋបានសហការជាមួយប៉ុស្តិ៍នគរបាលរដ្ឋបាលឃុំផុង ធ្វើការជ្រាវស្រាវឃាត់ខ្លួនយុវជន ឈ្មោះ យ៉ន ពន្លក រួមជាមួយវត្ថុតាងដកហូត
១- ទូរស័ព្ទដៃ (ផ្ទាល់ខ្លួនដែលថតឃ្លីបវីដេអូបង្ហោះ)
២- អាវកែឆ្នៃ ចំនួន១ដើម
យកមកអធិការដ្ឋានស្រុកបសេដ្ឋសួរនាំ បានចម្លើយសារភាពថា រូបគេពិតជាបានកាន់អាខោនហ្វេសបុកឈ្មោះ FaFa ngol មែន ហើយពិត ជាបានធ្វើសកម្មភាពកាន់អាវុធដាវកែឆ្នៃថតបង្ហោះក្នុងបណ្តាញណាសង្គមប្រាកដមែន ។
នគរបាលស្រុកបសេដ្ឋបានបញ្ជាក់ឲ្យដឹងថា ក្រោយឃាត់ខ្លួនក្មេងទំនើងរួមជាមួយនឹងវត្ថុតាងដាវកែច្នៃត្រូវបានកសាងសំណុំរឿងបញ្ជូនទៅស្នងការដ្ឋាននគរបាលខេត្តកំពង់ស្ពឺដើម្បីចាត់ការបន្តតាមផ្លូវច្បាប់ ៕



ចែករំលែកព័តមាននេះ