ធ្លាប់លួចខ្សែភ្លើងក្នុងការដ្ឋានសង់ថ្មីបានសម្រេច២ដង ញ៉ាម មកលើកទី៣ អស់លក្ខណ៍
- កំពង់ស្ពឺ
ខេត្តកំពង់ស្ពឺ៖ ជនសង្ស័យម្នាក់ត្រូវបានកម្មករ និងសមត្ថកិច្ចឃាត់ខ្លួនបាន ខណៈដែលជនសង្ស័យបានធ្វើសកម្មភាព ផ្លោះរបងចូលលួចខ្សែភ្លើងនៅក្នុងការដ្ឋានសំណង់មួយកន្លែង បន្ទាប់ពីធ្លាប់ធ្វើសកម្មភាពលួចខ្សែភ្លើងបានសម្រេចចំនួន២ដងមកហើយ ប៉ុន្តែសំណាងអាក្រក់មកលួចលើកទី៣ ត្រូវអស់លក្ខណ៍។
ការឃាត់ខ្លួនជនសង្ស័យជាមុខសញ្ញាលួចខ្សែភ្លើង បានធ្វើឡើងវេលាម៉ោង៤និង៤០នាទីរសៀលថ្ងៃទី៣ ខែវិច្ឆិកា ឆ្នាំ២០២៦ ស្ថិតនៅក្នុងភូមិព្រៃតាអូក ឃុំរកាកោះ ស្រុកគងពិសី ខេត្តកំពង់ស្ពឺ។
នគរបាលស្រុកគងពិសីបាននិយាយឲ្យដឹងថា ជនសង្ស័យដែលឃាត់ខ្លួនឈ្មោះ លន់ សុខលីន ភេទប្រុស អាយុ ២៣ឆ្នាំ មុខរបរមិនពិតប្រាកដ ស្នាក់នៅក្នុងបន្ទប់ជួលភូមិព្រៃតាអូក ឃុំរកាកោះ ស្រុកគងពិសី ខេត្តកំពង់ស្ពឺ។
នគរបាលស្រុកគងពិសីបានបន្តឲ្យដឹងទៀតថា មានប្រជាពលរដ្ឋដាក់ពាក្យបណ្តឹងថា មានករណីចោរកម្ម(លួចខ្សែភ្លើង) ក្នុងការដ្ឋានសំណង់ បានបាត់ខ្សែភ្លើងជាច្រើននៅក្នុងការដ្ឋានសាងសង់ថ្មីមួយកន្លែង ក្នុងភូមិព្រៃតាអូក ឃុំរកាកោះស្រុកគងពិសី ខេត្តកំពង់ស្ពឺ។ ក្រោយពីទទួលបានពាក្យបណ្តឹងរួចមក ដោយអនុវត្តតាមបញ្ជាដឹកនាំដ៏ខ្ពង់ខ្ពស់របស់ លោកឧត្តមសេនីយ៍ ស្នងការនគរបាលខេត្តកំពង់ស្ពឺ និងដឹកនាំបញ្ជាផ្ទាល់ដោយលោក អធិការនគរបាលស្រុកគងពិសី។ នៅរសៀលថ្ងៃទី៣ ខែវិច្ឆិកា ឆ្នាំ២០២៦ កម្លាំងប៉ុស្ដិ៍នគរបាលរដ្ឋបាលឃុំរកាកោះ សហការជាមួយប្រជាពលរដ្ឋ ជាកម្មករបានឃាត់ខ្លួនជនសង្ស័យចំនួន១នាក់ ឈ្មោះ លន់ សុខលីន ភេទប្រុស អាយុ ២៣ឆ្នាំ ស្នាក់នៅបន្ទប់ជួលភូមិព្រៃតាអូក ឃុំរកាកោះ ស្រុកគងពិសី ខេត្តកំពង់ស្ពឺ ធ្វើការដកហូត វត្ថុតាងកន្ត្រៃដងជ័រពណ៌ទឹកក្រូចចំនួន១ផងដែរ។
នគរបាលស្រុកគងពិសីបានបន្តឲ្យដឹងទៀតថា នៅចំពោះមុខសមត្ថកិច្ច ជនសង្ស័យបានឆ្លើយសារភាពថា ខ្លួនពិតជាបានធ្វើសកម្មភាពផ្លោះរបងចូលការដ្ឋានបម្រុងលួចកាត់ខ្សែភ្លើង ពិតប្រាកដមែន ហើយកន្លងមករូបគេធ្លាប់បានធ្វើសកម្មភាពលួចខ្សែភ្លើងបានសម្រេចក្នុងការដ្ឋានខាងលើបានចំនួន២លើករួចមកហើយ បានខ្សែភ្លើងចំនួន១០ដុំថ្មី មកលើកទី៣ត្រូវនគរបាលឃាត់ខ្លួនតែម្តង ។
នគរបាលស្រុកគងពិសីបានបញ្ជាក់ឲ្យដឹងថា ជនសង្ស័យរួមជាមួយនឹងវត្ថុតាងនគរបាលបានកសាងសំណុំរឿងបញ្ជូនទៅស្នងការដ្ឋាននគរបាលខេត្តកំពង់ស្ពឺដើម្បីចាត់ការបន្តតាមផ្លូវច្បាប់ ៕



ចែករំលែកព័តមាននេះ