ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

តំណាង​ពិសេស​របស់​អគ្គលេខាធិការ​អង្គការសហប្រជាជាតិ កោតសរសើរ​កម្ពុជា​លើ​ការ​អនុវត្ត​ផែនការ​សកម្មភាព​ជាតិ​ស្តី​ពី​ការ​បង្ការ និង​ការ​ឆ្លើយ​តប​ចំពោះ​អំពើ​ហិង្សា​លើ​កុមារ

2 អាទិត្យ មុន

រាជ​អា​នី​ភ្នំពេញ ៖ នៅ​វិមាន​សន្តិភាព​, សម្តេច​មហា​បវរ​ធិ​បតី ហ៊ុន ម៉ា​ណែ​ត នាយក​រដ្ឋមន្ត្រី​នៃ​ព្រះរាជាណាចក្រ​កម្ពុជា បាន​អនុញ្ញាត​ឱ្យ​លោកស្រី Najat Maalla M’jid តំណាង​ពិសេស​របស់​អគ្គលេខាធិការ​អង្គការសហប្រជាជាតិ ទទួល​បន្ទុក​បញ្ហា​អំពើ​ហិង្សា​លើ​កុមារ (UN SRSG on Violence against Children) និង​គណៈប្រតិភូ ចូល​ជួប​សម្តែង​ការ​គួរសម និង​ពិភាក្សា​ការងារ​នៅ​ថ្ងៃ​ទី​៤ ខែវិច្ឆិកា ឆ្នាំ​២០២៦​។

ក្នុង​ឱកាស​នៃ​ជំនួប​, លោកស្រី​តំណាង​របស់​អគ្គលេខាធិការ​អង្គការសហប្រជាជាតិ បាន​កោតសរសើរ និង​វាយតម្លៃ​ខ្ពស់​ចំពោះ​ការ​យកចិត្តទុកដាក់​ខ្ពស់​របស់​រាជរដ្ឋាភិបាល​កម្ពុជា ក្នុង​ការ​ដាក់​ចេញ​នូវ​កម្មវិធី​កែទម្រង់​ស៊ីជម្រៅ ដោយ​ចាត់​ទុក​ប្រជាពលរដ្ឋ​ជា​ស្នូល ជា​ពិសេស​ការ​អនុវត្ត​ប្រព័ន្ធ​គាំពារ​សង្គម និង​សន្តិសុខ​សង្គម សំដៅ​កាត់​បន្ថយ​ភាព​ក្រីក្រ និង​លើកកម្ពស់​សុខុមាលភាព​របស់​កុមារ ក៏​ដូច​ជា​ប្រជាពលរដ្ឋ​ទូទៅ​ប្រកបដោយ​ប្រសិទ្ធភាព និង​ទទួល​បានការ​សាទរ​ជា​ខ្លាំង​ពី​ប្រជាពលរដ្ឋ​។

លោកស្រី​តំណាង​ពិសេស​ក៏​បាន​កោតសរសើរ​ចំពោះ​កិច្ច​ខិតខំ​ប្រឹងប្រែង​របស់​រាជរដ្ឋាភិបាល និង​ក្រសួង​ស្ថាប័ន​ពាក់ព័ន្ធ ក្នុង​ការ​អនុវត្ត​ផែនការ​សកម្មភាព​ជាតិ​ស្តី​ពី​ការ​ទប់ស្កាត់​និង​ឆ្លើយ​តប​ចំពោះ​អំពើ​ហិង្សា​លើ​កុមារ ឆ្នាំ​២០២៥-២០៣០ ដែល​ជា​ឯកសារ​គោលនយោបាយ​ជាតិ​ដ៏​សំខាន់​របស់​កម្ពុជា​លើ​កិច្ច​ការពារ​កុមារ​។ លោកស្រី​តំណាង​ពិសេស បាន​គូសបញ្ជាក់​ទៀត​ថា ការ​ចាត់​ទុក​មនុស្ស​ជា​អាទិភាព​ចម្បង​នៃ​គោលនយោបាយ​របស់​រាជរដ្ឋាភិបាល គឺ​ពិតជា​មាន​សារៈសំខាន់​បំផុត ហើយ​ដើម្បី​ឱ្យ​កិច្ចការ​នេះ​សម្រេច​បាន​ជោគជ័យ គឺ​ត្រូវ​ផ្តោត​លើ​ការ​រៀបចំ​របៀបវារៈ​គោលនយោបាយ​ដោយ​ផ្អែក​លើ​ស្ថានភាព​ជាក់ស្តែង និង​តម្រូវការ​របស់​ប្រជាពលរដ្ឋ នៅ​មូលដ្ឋាន និង ការ​ពង្រឹង​កិច្ច​សហប្រតិបត្តិការ ព្រមទាំង​ភាព​ជា​ដៃគូ​ជាមួយ​ដៃគូ​អភិវឌ្ឍន៍ សំដៅ​ពង្រឹង​កិច្ច​ការពារ​កុមារ​ឱ្យ​កាន់តែ​មាន​ប្រសិទ្ធភាព​ខ្ពស់​។

ជា​ការ​ឆ្លើយ​តប​, សម្តេច​ធិ​បតី បាន​ថ្លែងអំណរគុណ​យ៉ាង​ជ្រាលជ្រៅ​ចំពោះ​អង្គការសហប្រជាជាតិ ដែល​បាន​រួមចំណែក​យ៉ាង​សំខាន់​ដល់​ការ​ស្តារ និង​កសាង​សន្តិភាព ស្ថិរភាព​នៅ​កម្ពុជា​ចាប់តាំងពី​ទសវត្សរ៍​ឆ្នាំ​១៩៩០ រហូត​ដល់​ការ​អភិវឌ្ឍ​រីក​ចម្រើន​ដូច​ពេល​បច្ចុប្បន្ន​។ សម្តេច​ធិ​បតី បាន​ចាត់​ទុក​ភាព​ជា​ដៃគូ​, ការ​គាំទ្រ និង​ការ​រួមចំណែក​របស់​អង្គការសហប្រជាជាតិ គឺជា​កត្តាចាំបាច់​មិន​អាច​ខ្វះ​បាន ក្នុង​ការ​ឈាន​ទៅ​សម្រេច​បាន​នូវ​គោលដៅ​អភិវឌ្ឍន៍​ប្រកបដោយ​ចីរភាព (SDGs) ព្រមទាំង​បាន​គូសបញ្ជាក់​ពី​ការ​ប្តេជ្ញា​ចិត្ត​យ៉ាង​មុតមាំ​របស់​កម្ពុជា ក្នុង​ការ​សម្រេច​ឱ្យ​បាន​នូវ​គោលដៅ SDGs តាម​ផែនការ​ដែល​បាន​កំណត់​។ ទន្ទឹម​នឹង​នេះ​, សម្តេច​ធិ​បតី បាន​គូស​រំលេច​ពី​ការ​យកចិត្តទុកដាក់​របស់​រាជរដ្ឋាភិបាល ក្នុង​ការ​ទប់ស្កាត់​អំពើ​ហិង្សា និង​ការ​ការពារ​កុមារ តាម​រយៈ​ការ​ដាក់​ចេញ​នូវ​គោលនយោបាយ​គាំទ្រ​ផ្សេង​ៗ និង​ការ​តាក់តែង​សេចក្តីព្រាងច្បាប់​ស្តី​ពី​កិច្ច​ការពារ​កុមារ​នៅ​កម្ពុជា ជាដើម​។

សម្តេច​ធិ​បតី បាន​បញ្ជាក់​បន្ថែម​ថា រាជរដ្ឋាភិបាល​មិន​ត្រឹមតែ​ផ្តោត​លើ​ការ​ទប់ស្កាត់​ផល​ប៉ះពាល់​អវិជ្ជមាន​ប៉ុណ្ណោះ​ទេ ប៉ុន្តែ​ថែម​ទាំង​បាន​បង្កើត​បរិយាកាស​គាំទ្រ ប្រកបដោយ​ភាព​កក់ក្តៅ តាម​រយៈ​ការ​ដាក់​ចេញ​នូវ «​កម្មវិធី​ឧបត្ថម្ភ​សាច់ប្រាក់​ជូន​ស្ត្រី​មាន​ផ្ទៃពោះ និង​កុមារ​អាយុ​ក្រោម ២​ឆ្នាំ​» ដែល​អនុវត្ត​ដោយ​មូលនិធិ​ជាតិ​ជំនួយ​សង្គម ដើម្បី​គាំពារ​សុខភាព​មាតា និង​ទារក រួម​ទាំង​ស្ត្រី​មាន​ផ្ទៃពោះ និង​កុមារ​តូច​ៗ​ដែល​រស់នៅ​ជាមួយ​ម្តាយ​ក្នុង​ពន្ធនាគារ ផង​ដែរ​។ ជាមួយ​គ្នា​នេះ​, សម្តេច​ធិ​បតី បាន​គូសបញ្ជាក់​ពី​អាទិភាព​គោលនយោបាយ​របស់​រាជរដ្ឋាភិបាល​នៅ​ក្នុង​យុទ្ធសាស្ត្រ​បញ្ច​កោណ​-​ដំណាក់កាល​ទី​១ ដែល​ចាត់​ទុក «​មនុស្ស​» ជា​ស្នូល ដោយ​រាជរដ្ឋាភិបាល​បន្ត​យកចិត្តទុកដាក់​ខ្ពស់​លើ​ការ​កសាង​មូលធន​មនុស្ស តាម​រយៈ​ការ​ពង្រឹង​វិស័យ​សុខាភិបាល​, ការ​ពង្រីក​សមត្ថភាព​ចំណេះដឹង ជំនាញ និង ការ​បង្កើត​ការងារ​ជូន​ប្រជាពលរដ្ឋ​៕