ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

លោកអភិបាល​ខេត្តស្វាយរៀង អញ្ជើញ​​ជួប​សំណេះសំណាល និង​ជូន​ដំណើរ​យុវជន​ស្ម័គ្រចិត្ត​ចូល​បំពេញ​កាតព្វកិច្ច​យោធា ទៅ​កាន់​សាលា​ហ្វឹកហ្វឺន​កងទ័ព

2 អាទិត្យ មុន

ខេត្តស្វាយរៀង​ ៖ ​នៅ​ព្រឹក​ថ្ងៃ​ពុធ ទី​៤ ខែវិច្ឆិកា ឆ្នាំ​២០២៦ លោក ប៉េង ពោធិ៍​សា អភិបាល នៃ​គណៈ​អភិបាល​ខេត្តស្វាយរៀង បាន​អញ្ជើញ​ជា​អធិបតីភាព​ដ៏​ខ្ពង់ខ្ពស់​ក្នុង​ពិធី​ជួប​សំណេះសំណាល និង​ជូន​ដំណើរ​ប្រជាពលរដ្ឋ​ ដែល​ត្រូវ​ចូល​បំពេញ​កាតព្វកិច្ច​យោធា ដើម្បី​បន្តដំណើរ​ទៅ​កាន់​សាលា​ហ្វឹកហ្វឺន​កងទ័ព ពិធី​នេះ​ត្រូវ​បាន​រៀបចំ​ឡើង​យ៉ាង​អធិកអធម នៅ​បញ្ជាការដ្ឋាន​កងរាជអាវុធហត្ថ​ខេត្តស្វាយរៀង ​។

ក្នុង​ឱកាស​នោះ ក៏​មានការ​អញ្ជើញ​ចូលរួម​អមដំណើរ​ពី​សំណាក់ លោក​-​លោកស្រី អភិបាលរង​ខេត្ត លោក​នាយករង​រដ្ឋបាល​សាលាខេត្ត​លោក​ឧត្តមសេនីយ៍ត្រី មេបញ្ជាការ​តំបន់​ប្រតិបត្តិការ​សឹក​រង​ស្វាយ​រៀង ប្រធាន​មន្ទីរ​-​អង្គភាព​នានា​ជុំវិញ​ខេត្ត អភិបាលក្រុង​-​ស្រុក​ទាំង​៨ និង​នាយក​ទីចាត់ការ​ហិរញ្ញវត្ថុ​សាលាខេត្ត លោក​-​លោកស្រី មេបញ្ជាការ​រង និង​នាយសេនាធិការរង​កងរាជអាវុធហត្ថ​ខេត្ត ប្រធាន​-​អនុប្រធាន​មន្ទីរ នាយ​-​នាយ​រង​ការិយាល័យ​ចំណុះ​មន្ទីរ នាយការិយាល័យ​ហិរញ្ញវត្ថុ នាយ​លេខាធិការដ្ឋាន នាយការិយាល័យ​អធិការកិច្ច ប្រធាន​អង្គភាព​ជំនាញ ព្រមទាំង​លោក​មេបញ្ជាការ មេបញ្ជាការ​រង នាយសេនាធិការ និង​ជំនួយការ នៃ​មូលដ្ឋាន​កងរាជអាវុធហត្ថ​ក្រុង​-​ស្រុក​ទាំង​៨​យ៉ាងច្រើន​កុះករ​ផង​ដែរ​ ។

​ថ្លែង​ក្នុង​ពិធី​សំណេះសំណាល​នោះ លោក ប៉េង ពោធិ៍​សា បាន​សម្តែង​នូវ​ការ​កោតសរសើរ និង​វាយតម្លៃ​ខ្ពស់​ចំពោះ​ទឹកចិត្ត​ស្នេហា​ជាតិ​មាតុភូមិ និង​ការ​លះបង់​ដ៏​ធំធេង​របស់​បងប្អូន​ប្រជាពលរដ្ឋ និង​យុវជន​ទាំងអស់ ដែល​បាន​ស្ម័គ្រចិត្ត​ចូល​បម្រើ​ក្នុង​ជួរ​កងទ័ព ដើម្បី​បំពេញ​កាតព្វកិច្ច​ការពារ​ជាតិ​ ។

លោក​អភិបាលខេត្ត ក៏​បាន​ថ្លែងអំណរគុណ​យ៉ាង​ជ្រាលជ្រៅ​ចំពោះ​មាតាបិតា និង​អាណាព្យាបាល​ទាំងអស់ ដែល​បាន​លើកទឹកចិត្ត និង​អនុញ្ញាត​ឱ្យ​កូនចៅ​របស់​ខ្លួន​ចូលរួម​ក្នុង​បុព្វហេតុ​ការពារ​បូរណភាព​ទឹកដី និង​សុខ​សន្តិភាព​ជូន​ប្រទេស​ជាតិ ​។

​ជាមួយ​គ្នា​នេះ លោក​អភិបាលខេត្ត បាន​ផ្តាំផ្ញើ​ដល់ នៅ​ពេល​ទៅ​ដល់​សាលា​ហ្វឹកហ្វឺន ត្រូវ​ខិតខំ​យកចិត្តទុកដាក់​រៀនសូត្រ ក្រេបជញ្ជក់​យកចំណេះ​ដឹង និង​យុទ្ធវិធី​នានា​ពី​គ្រូបង្វឹក គោរព​វិន័យ​កងទ័ព​ឱ្យ​បាន​ម៉ឺងម៉ាត់ ចេះ​សាមគ្គីភាព​គ្នា​ជា​ធ្លុង​មួយ និង​ត្រូវ​ថែរក្សា​សុខភាព​ឱ្យ​បាន​ល្អ​ប្រសើរ ដើម្បី​ក្លាយជា​កម្លាំង​ស្នូល​ដ៏​រឹង​មាំ​ក្នុង​ការ​បម្រើ​ជាតិ​មាតុភូមិ​ ។

​មុន​នឹង​បញ្ចប់ លោក ប៉េង ពោធិ៍​សា និង​គណៈអធិបតី ក៏​បាន​ជូនពរ​ដល់​ក្មួយ​ៗ និង​បងប្អូន​ប្រជាពលរដ្ឋ​ ដែល​ត្រូវ​ចេញដំណើរ​ទៅ​ហ្វឹកហ្វឺន​នា​ពេល​នេះ សូម​ទទួល​បាន​នូវ​សុខ​សុវត្ថិភាព​តាម​ផ្លូវ និង​ទទួល​បាន​ជោគជ័យ​គ្រប់​ភារកិច្ច​ ៕