ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

កម្ពុជា​-​ចិន រៀបចំ​បាឋកថា​ស្តី​ពី «​ការ​ពិនិត្យ​មើល​អភិបាលកិច្ច​ប្រទេស​ចិន តាម​រយៈ​កិច្ចប្រជុំ​ពេញអង្គ​លើក​ទី​៥ នៃ​គណៈកម្មាធិការ​មជ្ឈិម​បក្សកុម្មុយនិស្ត​ចិន អាណត្តិ​ទី​២០»

2 អាទិត្យ មុន

រាជធានី​ភ្នំពេញ ​៖ ​កម្ពុជា​-​ចិន​បាន​រៀបចំ បាឋកថា​ស្តី​ពី «​ការ​ពិនិត្យ​មើល​អភិបាលកិច្ច​ប្រទេស​ចិន តាម​រយៈ​កិច្ចប្រជុំ​ពេញអង្គ​លើក​ទី​៥ នៃ​គណៈកម្មាធិការ​មជ្ឈិម​បក្សកុម្មុយនិស្ត​ចិន អាណត្តិ​ទី​២០»ក្រោម​អធិបតីភាព​ដ៏​ខ្ពង់ខ្ពស់​របស់ ឯកឧត្តម ឯក សំ​អុល ឧត្តម​ប្រឹក្សា​ផ្ទាល់​ព្រះមហាក្សត្រ និង​ជា​ប្រធាន​សមាគម​មិត្តភាព​កម្ពុជា​-​ចិន ​។

បាឋកថា​នេះ រៀបចំ​ឡើង​ដោយ​អគ្គ​ស្ថានីយ​វិទ្យុ និង​ទូរទស្សន៍​មជ្ឈិម​ចិន សហការ​ជាមួយ​សមាគម​មិត្តភាព​កម្ពុជា​-​ចិន នៅ​ថ្ងៃ​ទី​៤ ខែវិច្ឆិកា ឆ្នាំ​២០២៦​ក្នុង​គោលបំណង​ចែករំលែក​ចំណេះដឹង បទ​ពិសោធន៍ និង​ទស្សនៈ​ជុំវិញ​ការ​ដឹកនាំ និង​អភិបាលកិច្ច​របស់​ប្រទេស​ចិន ព្រមទាំង​សិក្សា​ពី​សារៈសំខាន់​នៃ​បទ​ពិសោធន៍​ទាំងនោះ​ចំពោះ​ការ​អភិវឌ្ឍ​ជាស​កល​ ។

ឯកឧត្តម ឯក សំ​អុល ប្រធាន​សមាគម​មិត្តភាព​កម្ពុជា​-​ចិន​បាន​មាន​ប្រសាសន៍​ថា នៅ​ពេល​សិក្សា​អំពី​អភិបាលកិច្ច​របស់​ប្រទេស​ចិន យើង​មិន​អាច​មើល​រំលង​ទស្សនៈ និង​គំនិត​ដឹកនាំ​របស់​លោក​ស៊ី ជី​ន​ភីង​ដែល​បាន​បង្ហាញ​តាម​រយៈ​សៀវភៅ​«​អភិបាលកិច្ច​ប្រទេស​ចិន​»​នោះ​ទេ​។ ចំណុច​សំខាន់​មួយ​ដែល​យើង​គួរ​យកចិត្តទុកដាក់ គឺ​ការ​ភ្ជាប់​ការ​ដឹកនាំ​ដ៏​តឹង​រឹង​និង​គ្រប់​ជ្រុងជ្រោយ​របស់​បក្សកុម្មុយនិស្ត​ចិន​ជាមួយនឹង​ផលប្រយោជន៍​ជាក់ស្តែង របស់​ប្រជាជន​ចិន ​។

កិច្ចប្រជុំ​ពេញអង្គ​លើក​ទី​៥ នៃ​គណៈកម្មាធិការ​មជ្ឈិម​បក្សកុម្មុយនិស្ត​ចិន អាណត្តិ​ទី​២០ គឺជា​ប្រធានបទ​ដ៏​សំខាន់​សម្រាប់​ការ​សិក្សា​អំពី​ទិស​ដៅ​អភិវឌ្ឍន៍​របស់​ប្រទេស​ចិន​។ ការ​ពិភាក្សា​អំពី​កិច្ចប្រជុំ​នេះ​អាច​ជួយ​ឱ្យ​យើង​យល់​កាន់តែ​ច្បាស់​អំពី​ការ​កំណត់​គោលដៅ​អភិវឌ្ឍន៍ ការ​រៀបចំ ផែនការ​សម្រាប់​អនាគត និង​ការ​ត្រៀមខ្លួន​របស់​ប្រទេស​ចិន​ចំពោះ​ការ​ផ្លាស់​ប្តូរ​នៃ​ស្ថានភាព​ក្នុង​តំបន់ និង​ពិភពលោក ។

លោក Feng Hui អ្នក​ទទួលខុសត្រូវ​នៃ​វិទ្យុ​មិត្តភាព​កម្ពុជា​ចិន​នៃ​អគ្គ​ស្ថានីយ​វិទ្យុ​និង​ទូរទស្សន៍​មជ្ឈិម​ចិន​បាន​ថ្លែង​ថា កិច្ចប្រជុំ​ពេញអង្គ​លើក​ទី​៥ នៃ​គណៈកម្មាធិការ​មជ្ឈិមបក្ស​កុម្មុយនីស្ត​ចិន​អាណត្តិ​ទី​២០​បាន​ផ្តោត​ទៅ​លើ​ការ​គ្រប់គ្រង​បក្ស​យ៉ាង​តឹងរ៉ឹង​និង​គ្រប់​ជ្រុងជ្រោយ គឺ​ដើម្បី​ដកស្រង់​មេរៀន​ពី​ការ​រីក​ចម្រើន និង ការ​ចុះ​ខ្សោយ​របស់​គណបក្ស​នានា​លើ​ពិភពលោក និង​ជា​ការ​រៀបចំ​យន្តការ​ស្ថាប័ន​ជា​យុទ្ធសាស្ត្រ ដើម្បី​កសាង​ការ​ធានា​ជា​មូលដ្ឋាន​សម្រាប់​ស្ថិរភាព​យូរអង្វែង និង​ការ​អភិវឌ្ឍ​ប្រកបដោយ​ចីរភាព​របស់​ប្រទេស​ជាតិ​ ។

លោក​បន្ត​ថា «​សេចក្តីសម្រេច​ស្តី​ពី​បញ្ហា​សំខាន់​ៗ​មួយ​ចំនួន​នៃ​ការ​ជំរុញ​ការ​គ្រប់គ្រង​បក្ស​យ៉ាង​តឹងរ៉ឹង​និង​គ្រប់​ជ្រុងជ្រោយ​ដោយ​ឥត​ងាករេ​»​ដែល​ត្រូវ​បាន​ពិនិត្យ និង​អនុម័ត មាន​ភាព​ច្បាស់លាស់​ណាស់ គឺ​៖ ដោយ​ផ្អែក​លើ​សមិទ្ធផល​អភិបាលកិច្ច​ដែល​មាន​ស្រាប់ ជំរុញ​ឱ្យ​ការ​ធ្វើ​បដិវត្តន៍​ខ្លួនឯង​របស់​បក្ស​ដំណើរការ​ដោយ​ប្រក្រតី​ភាព ក្លាយទៅជា​យន្តការ​ស្ថាប័ន និង​មាន​ប្រសិទ្ធភាព​យូរអង្វែង ដើម្បី​ឱ្យ​បក្ស​កុម្មុយនីស្ត​ចិន​រក្សា​បានជា​និច្ច​នូវ​ភាព​បរិសុទ្ធ កម្លាំង​ប្រយុទ្ធ និង​ភាព​ជឿនលឿន ព្រមទាំង​មាន​សមត្ថភាព​ជា​និច្ច​ក្នុង​ការ​ដឹកនាំ​ប្រទេស​ចិន​ដើរ​លើ​មាគ៌ា​ទំនើប​កម្ម​បែបផែន​ចិន​ឱ្យ​បាន​ល្អ​ ។

ជាមួយ​គ្នា​នេះ សហគមន៍​អន្តរជាតិ​តែងតែមាន​ច​ម្ង​ល់​ថា​៖ ហេតុ​អ្វី​បានជា​ប្រទេស​ចិន​អាច​រក្សា​ស្ថិរភាព​បាន​យូរអង្វែង មានការ​អភិវឌ្ឍ​ជា​បន្តបន្ទាប់ និង​អាច​អនុវត្ត​គម្រោង​ធំ​ៗ​ដោយ​ឥត​ងាករេ​បាន ? កត្តា​ជា​មូលដ្ឋាន គឺ​ដោយសារ​ប្រទេស​ចិន​មាន​បក្ស​កាន់​អំណាច​ផ្អែក​លើ​បេសកកម្ម ដែល​មាន​សមត្ថភាព​សម្អាត​ខ្លួនឯង កែ​លម្អ​ខ្លួនឯង ធ្វើ​បដិវត្តន៍​ខ្លួនឯង និង​លើកកម្ពស់​ខ្លួនឯង​។ បក្ស​កុម្មុយនីស្ត​ចិន​ពឹងផ្អែក​លើ​ចម្លើយ​ពីរ គឺ “​អនុញ្ញាត​ឱ្យ​ប្រជាជន​ត្រួតពិនិត្យ​រដ្ឋាភិបាល​” និង “​ការ​ធ្វើ​បដិវត្តន៍​ខ្លួនឯង​” ដើម្បី​ចាក​ចេញពី​វដ្ត​ប្រវត្តិសាស្ត្រ​ពី​ការ​រីក​ចម្រើន​រុងរឿង​ដល់​ការ​ចុះ​ខ្សោយ ព្រមទាំង​ដកស្រង់​មេរៀន​ប្រវត្តិសាស្ត្រ​ពី​ការ​រីក​ចម្រើន និង ចុះ​ខ្សោយ របស់​បក្ស​ធំ​ៗ​លើ​ពិភពលោក ដើម្បី​បោះ​ជំហាន​ទៅ​មុខ​យ៉ាង​រឹង​មាំ​ឆ្ពោះទៅ​កាន់​បេសកកម្ម​វែង​ឆ្ងាយ គឺ​ការ​ស្តារ​ភាព​រុងរឿង​នៃ​ប្រជាជាតិ សុភមង្គល​របស់​ប្រជាជន និង​វឌ្ឍនភាព​របស់​មនុស្សជាតិ​។

លោក​បណ្ឌិត​កៅ មុ​យ​ថង អ្នក​ស្រាវជ្រាវ​ពី​ទំនាក់ទំនង​កម្ពុជា​-​ចិន​បាន​មាន​ប្រសាសន៍​ថា ការ​ពង្រឹង​អភិបាលកិច្ច​បក្ស ការ​រឹត​បន្តឹង​វិន័យ ការ ប្រយុទ្ធ​ប្រឆាំង​អំពើ​ពុក​រលួយ និង​ការ​ធានា​ឱ្យ​សេចក្តីសម្រេច​ចិត្ត​របស់​បក្ស​ត្រូវ​បាន​អនុវត្ត​ជាក់ស្តែង បាន​ក្លាយជា​ផ្នែក​សំខាន់​មួយ​នៃ​ការ​ពង្រឹង​ប្រព័ន្ធ​ដឹកនាំ និង​អភិបាលកិច្ច​របស់​ប្រទេស​ចិន​។ គោល​គំនិត​របស់​លោក ស៊ី ជី​ន​ពីង ស្តី​ពី «​អភិបាលកិច្ច​បក្ស​ដោយ​ម៉ឺងម៉ាត់ និង​គ្រប់​ជ្រុងជ្រោយ​» មិនមែន​សំដៅ​ត្រឹមតែ​ការ​ដាក់​វិន័យ​លើ​សមាជិក​បក្ស​ឬ​ការ​ដាក់​ទណ្ឌកម្ម​លើ​មន្ត្រី​ដែល​ប្រព្រឹត្ត​ខុស​ប៉ុណ្ណោះ​ទេ​។ គោល​គំនិត​នេះ​មាន​វិសាលភាព​ទូលំទូលាយ​ជាង​នេះ ដោយ​ផ្តោត​លើ​ការ​ពង្រឹង​ការ​គ្រប់គ្រង​ផ្ទៃក្នុង​បក្ស ការ​កែ​លម្អ​ប្រព័ន្ធ​បទ​ប្បញ្ញត្តិ ការ​ត្រួតពិនិត្យ​ការ​ប្រើប្រាស់​អំណាច និង​ការ​ធានា​ឱ្យ​មន្ត្រី​គ្រប់​កម្រិត​បំពេញភារកិច្ច​ប្រកបដោយ​វិន័យ និង​ការ​ទទួលខុសត្រូវ​។

លើស​ពី​នេះ អភិបាលកិច្ច​បក្ស​ដោយ​ម៉ឺងម៉ាត់ និង​គ្រប់​ជ្រុងជ្រោយ មិនមែន​ជា​យុទ្ធនាការ​ដែល អនុវត្ត​តែ​ក្នុង​រយៈពេល​ខ្លី​នោះ​ទេ ប៉ុន្តែ​ជា​ការងារ​បន្ត​ដែល​ត្រូវ​អនុវត្ត​ជា​ប្រចាំ​។ គោលបំណង​គឺ​ធ្វើ​ឱ្យ​វិន័យ ការ​ត្រួតពិនិត្យ និង​ការ​ទទួលខុសត្រូវ ក្លាយជា​ផ្នែក​មួយ​នៃ​ប្រព័ន្ធ​ដឹកនាំ និង​ការ​បំពេញការងារ​របស់​បក្ស​។ ដូច្នេះ​ការ​ផ្តោត​សំខាន់​មិនមែន​ត្រឹមតែ​ការ​ដោះស្រាយ​ករណី​ប្រព្រឹត្ត​ខុស​ក្រោយ​ពេល​កើតហេតុ​ប៉ុណ្ណោះ​ទេ ប៉ុន្តែ​ថែម​ទាំង​ការ​បង្ការ​បញ្ហា និង​ការ​កែ​លម្អ​ប្រព័ន្ធ ដើម្បី​កាត់​បន្ថយ​ឱកាស​នៃ​ការ​រំលោភ​បំពាន​អំណាច​ផង​ដែរ​។

ឯកឧត្តម ដួង វិ​រ័​ត្ន អនុប្រធាន​ប្រចាំការ​ក្រុមប្រឹក្សាភិបាល វេទិកា​សម្ព័ន្ធ​សង្គម​ស៊ី​វិល នៃ​ទីស្តីការគណៈរដ្ឋមន្ត្រី​បាន​មាន​ប្រសាសន៍​ថា តាម​រយៈ​បទ​ពិសោធន៍ អភិវឌ្ឍន៍​របស់​ប្រទេស​ចិន ខ្ញុំ​បាន​សឹ​ក្សា​ឃើញ​ថា បក្សកុម្មុយនិស្ត​ចិន​បាន​ដើរតួ​នាទី​ស្នូល ក្នុង​ការ​កំណត់​ទិស​ដៅ​យុទ្ធសាស្ត្រ រៀបចំ​ផែនការអភិវឌ្ឍន៍ និង​ជំរុញ​ការ​អនុវត្ត​គោលនយោបាយ​នៅ​ថ្នាក់​ជាតិ​និង​មូលដ្ឋាន​បាន​ច្បាស់លាស់ និង​មាន​បរិ​យា​ប័ន​ខ្ពស់​។ ការ​កំណត់​គោលដៅ​រយៈពេល​វែង ការ​កៀរគរ​ធនធាន និង​ការ​សម្របសម្រួល​ការងារ​របស់​ស្ថាប័ន​ពាក់ព័ន្ធ គឺជា​កត្តា​សំខាន់​ៗ​ដែល​បាន​រួមចំណែក​ដល់​ការ​ធ្វើ​ទំនើប​កម្ម និង​ការ​រីក​ចម្រើន​របស់​ប្រទេស​ចិន​។

កិច្ចប្រជុំ​ពេញអង្គ​លើក​ទី​៥ នៃ​គណៈកម្មាធិការ​មជ្ឈិម​បក្សកុម្មុយនិស្ត​ចិន អាណត្តិ​ទី​២០​បាន​គូសបញ្ជាក់​ថា ការ​ពង្រឹង​វិន័យ និង​ការ​គ្រប់គ្រង​ផ្ទៃក្នុង​របស់​បក្ស ការ​បង្កើន​ប្រសិទ្ធភាព​នៃ​ការ​អនុវត្ត​ការងារ និង​ការ​ប្រឆាំង​អំពើ​ពុក​រលួយ គឺជា​កត្តា​ដែល​អាច​ជួយ​ពង្រឹង​ភាព​ស្អាតស្អំ និង​ទំនុកចិត្ត​របស់ ប្រជាជន​ចំពោះ​ស្ថាប័ន​ដឹកនាំ​។

លោ​កប​ណ្ដិ​ត​បញ្ជាក់​ថា​៖ « ខ្ញុំ​យល់​ថា​ការ​កសាង​បក្ស​មិនមែន​ជា​គោលដៅ​ដាច់​ដោយឡែក​ពី​ការ​អភិវឌ្ឍ​ជាតិ​នោះ​ទេ​។ គោលដៅ​សំខាន់​គឺ​ធ្វើ​ឱ្យ​ស្ថាប័ន​ដឹកនាំ​មាន​សមត្ថភាព​កាន់តែ​ខ្ពស់​ក្នុង​ការ​ដោះស្រាយ​បញ្ហា និង​ឆ្លើយ​តប និង​តម្រូវការ​របស់​ប្រជាជន​។ ការ​គ្រប់គ្រង​ប្រកបដោយ​ប្រសិទ្ធភាព​ត្រូវ​ធានា​ថា គោលនយោបាយ​ដែល​បាន​ដាក់​ចេញ​អាច​អនុវត្ត​បាន​ជាក់ស្តែង​និង​ផ្តល់​ផលប្រយោជន៍​ដល់​ប្រជាជន​ក្នុង​ជីវភាព​ប្រចាំ​ថ្ងៃ​។ បទ​ពិសោធន៍​របស់​ប្រទេស​ចិន​ផ្តល់​ឱកាស​ឱ្យ​យើង​សិក្សា​ពី​ការ​ពង្រឹង​ស្ថាប័ន​ដឹកនាំ​ការ​កែ​លម្អ​ការ​អនុវត្ត​គោលនយោបាយ និង​ការ​ធ្វើ​ឱ្យ​ការ​អភិវឌ្ឍ​ផ្តល់​ផលប្រយោជន៍​ដល់​ប្រជាជន​កាន់តែ​ច្រើន​។​»

លោក​បណ្ឌិត សាស្ត្រាចារ្យ​រង នាក់ ច​ន្តា​រិ​ទ្ធិ ប្រធាន​មជ្ឈមណ្ឌល​កម្ពុជា​ស្រាវជ្រាវ​ផ្លូវ​សូត្រ​សមុទ្រ​សតវត្សរ៍​ទី​២១ បាន​មាន​ប្រសាសន៍​ថា ឆ្លងកាត់​កិច្ចប្រជុំ​ពេញអង្គ​លើក​ទី​៥ អាណត្តិ​ទី​២០ ភាគី​ចិន​បាន​យកចិត្តទុកដាក់​យ៉ាង​ខ្លាំង​លើ​ការ​ធ្វើ​ស្វ័​យ​កំណែទម្រង់ និង​ការ​ដាក់​វិន័យ​យ៉ាង​តឹងរ៉ឹង ដើម្បី​ជៀសវាង «​វដ្ត​ប្រវត្តិសាស្ត្រ​» ព្រមទាំង​ធានា​ការ​អនុវត្ត​ផែនការ ៥​ឆ្នាំ​ទី​១៥ ប្រកបដោយ​ប្រសិទ្ធភាព​ខ្ពស់​។ ជាមួយ​គ្នា​នេះ កម្ពុជា​បាន​សិក្សា​បទ​ពិសោធន៍​របស់​ប្រទេស​ចិន មិនមែន​ដើម្បី​ក្លាយ​ខ្លួន​ជា​ចិន​នោះ​ឡើយ ប៉ុន្តែ​គឺ​ដើម្បី​កសាង​អភិបាលកិច្ច​ជាតិ​ឱ្យ​កាន់តែ​ល្អ​ប្រសើរ​ឡើង ដោយ​ប្រកាន់ខ្ជាប់​នូវ​គោលការណ៍ «​ពង្រឹង ជា​ជាង​ពង្រីក​» ស្រប​តាម​យុទ្ធសាស្ត្រ​បញ្ច​កោណ​។ ឆ្លងកាត់​កិច្ចសហការ​យ៉ាង​ជិត​ស្និទ្ធ​រវាង​កម្ពុជា និង​ចិន កម្ពុជា​បាន​អនុវត្ត​យ៉ាង​សកម្ម​នូវ​ការ​កែទម្រង់​រចនាសម្ព័ន្ធ​ក្រសួង​-​ស្ថាប័ន ការ​ប្រើប្រាស់​ទិន្នន័យ​ឌី​ជី​ថ​ល​សម្រាប់​សេវា​សាធារណៈ និង​ការ​បង្ក្រាប​បទល្មើស​បច្ចេកវិទ្យា​ឆ្លង​ដែន​ប្រកបដោយ​ផ្លែផ្កា​។

លោក​បណ្ឌិត​ជា មុនី​ឫទ្ធិ​ប្រធាន​សមាគម​អ្នក​ស្រាវជ្រាវ​វ​ឌ្ឍ​ភាព​កម្ពុជា​ចិន​បាន​មាន​ប្រសាសន៍​ថា​បទ​ពិសោធន៍​នេះ ឆ្លុះ​បញ្ចាំង​ថា ភាព​ជោគជ័យ​នៃ​អភិបាលកិច្ច​របស់​បក្សកុម្មុយនិស្ត​ចិន ដែល​ជា​បក្ស​កាន់​អំណាច​ដឹកនាំ​ប្រទេស​ចិន មិន​ស្ថិត​ត្រឹមតែ​ការ​បង្កើត​គោលនយោបាយ​និង​គោលការណ៍​ល្អ​នោះ​ទេ វា​ថែម​ទាំង​ស្ថិត​នៅ​លើ​ការ​អនុវត្ត​ឱ្យ​មាន​ប្រសិទ្ធភាព ការ​ប្រើប្រាស់​ធនធាន​ដោយ​តម្លាភាព និង​ការ​ធានា​ឱ្យ សមិទ្ធផល​នៃ​ការ​អភិវឌ្ឍ​ឆ្លើយ​តប​នឹង​តម្រូវការ​ជាក់ស្តែង​របស់​ប្រជាជន​ចិន​ព្រមទាំង​បង្កើន​កាលានុវត្តភាព​នៃ​ការ​អភិវឌ្ឍ​សកល​ថែម​ទៀត​ផង​៕