រាជធានីភ្នំពេញ ៖ បេក្ខជនចំនួន ២៩២នាក់ ដែលបានជាប់ឈ្មោះក្នុងការបំពេញកាតព្វកិច្ចយោធា សម្រាប់ឆ្នាំ២០២៦ ក្របខណ្ឌរាជធានីភ្នំពេញ ត្រូវបានកងរាជអាវុធហត្ថ រាជធានីភ្នំពេញរៀបចំជូនដំណើរទៅត្រួតពិត្យសុខភាព កាយសម្បទា រួចបន្ត ដំណើរ ទៅកាន់សាលាហ្វឹកហ្វឺន នៃកងយុទ្ធពលខេមរភូមិន្ទ ។
ការរៀបចំ និងជូនដំណើរយុវជនស្ម័គ្រចិត្តបំពេញកាតព្វកិច្ចជាជំហានដំបូងនេះ បានធ្វើឡើងនៅព្រឹកថ្ងៃទី០៤ ខែវិច្ឆិកា ឆ្នាំ២០២៦ នៅទីបញ្ជាការដ្ឋានកងរាជអាវុធហត្ថរាជធានីភ្នំពេញ ក្រោមវត្តមានលោក សុខ ពេញវុធ អភិបាលរងរាជធានីភ្នំពេញ និងលោកឧត្តមសេនីយ៍ឯក រ័ត្ន ស្រ៊ាង មេបញ្ជាការរងកងរាជអាវុធហត្ថលើផ្ទៃប្រទេស និងជាមេបញ្ជាការកងរាជអាវុធហត្ថរាជធានីភ្នំពេញ ព្រមទាំងមានការ
ចូលរួមលើកទឹកចិត្តពីអាណាព្យាបាល ឪពុកម្តាយ និងបងប្អូនផងដែរ ។
លោកឧត្តមសេនីយ៍ឯក រ័ត្ន ស្រ៊ាង មេបញ្ជាការរងកងរាជអាវុធហត្ថលើផ្ទៃប្រទេស និងជាមេបញ្ជាការកងរាជអាវុធហត្ថរាជធានីភ្នំពេញ ក៏ បានមានមតិលើកទឹកចិត្ត និងគាំទ្រចំពោះការស្ម័គ្រចិត្តរបស់ក្មួយៗ ក៏ដូចជាការជម្រុញគាំទ្រពីឪពុកម្តាយ អាណាព្យាបាល ដែលអនុញ្ញាតឲ្យកូនក្មួយសាច់ញាតិរបស់ខ្លួនចូលបំពេញកាតព្វកិច្ច ដែលវាជាផ្នែក និងជាថ្នាលដ៏សំខាន់មួយក្នុងបុព្វហេតុបន្តវេនបម្រើការពារប្រទេសជាតិ ប្រកបដោយស្មារតី និងសុឆន្ទៈខ្ពស់ ពិសេស គឺមនសិការរួបរួមគ្នាជាថ្លុងតែមួយ ក្នុងការទប់ទល់នឹងខ្មាំងសត្រូវប៉ងឈ្លានពានទឹកដ៏កម្ពុជា ។
ទន្ទឹមនោះ យុវជនជាប់ឈ្មោះកាតព្វកិច្ច ក៏បានបង្ហាញគោលជំហររឹងមាំ និងមុះមុតចំពោះជាតិមាតុភូមិ ទោះត្រូវលះបង់ដោយតម្លៃណាក៏ដោយ ក្នុងពេលជាប់កាតព្វកិច្ច០២ឆ្នាំនេះ អ្វីដែលពួកគេអាចធ្វើបាន គឺការប្រឹងប្រែងហ្វឹកហាត់ ដើម្បីអភិវឌ្ឍន៍សមត្ថភាពរបស់ខ្លួន ឲ្យក្លាយជាអ្នកការពារបន្តវេនដ៏រឹងមាំ និងមានសក្តានុពលសម្រាប់ជាតិ ។
ក្រុមយុវជនស្មក្រចិត្តបំពេញកាតព្វកិច្ច បានបង្ហាញថា គ្មានបរទេសណាមកជួយយើង ក្រៅពីយើងខ្លាំងខ្លួនឯងនោះទេ ប្រទេសកម្ពុជា
មិនបំពានប្រទេសណាឡើយ គឺដើម្បីការពារ និងរក្សាសន្តិភាព និងបូរណនភាពទឹកដីរបស់ខ្លួនតែប៉ុណ្ណោះ ។
នៅក្នុងពិធីដូនដំណើរដែល ឪពុកម្តាយ អាណាព្យាបាល បេក្ខជនជាប់ឈ្មោះ បង្ហាញការគាំទ្រ និងអរគុណរាជរដ្ឋាភិបាល ដែលបានបើកឱកាសសម្រាប់កូនៗរបស់ពួកគាត់បានរួមចំណែកជាមួយវិស័យការពារប្រទេសជាតិ ស្របពេលដែលប្រទេសជាតិ កំពុងទទួលរងការរំលោភបំពានមកលើបូរណភាពទឹកដី និងបានឈរជើងកាន់កាប់ទឹកដីដោយខុសច្បាប់អន្តរជាតិ ពីសំណាក់រដ្ឋបរទេសជិតខាងនៅឡើយ ។
គួរបញ្ជាក់ថា ក្នុងជំហានដំបូងនេះ គណៈកម្មាធិការជាតិកាតព្វកិច្ចយោធា បានសម្រេចជ្រើសរើសយុវជនស្ម័គ្រចិត្តចូលបំពេញកាតព្វកិច្ច ចំនួន៥ពាន់នាក់ នៅទូទាំងប្រទេសសម្រាប់ឆ្នាំ២០២៦នេះ ដើម្បីចូលបំពេញកាតព្វកិច្ចជាមួយវិស័យការពារប្រទេសជាតិ និងដំណើរការបើកវគ្គហ្វឹកហ្វឺនកាតព្វកិច្ចយោធាដំបូងនៅថ្ងៃទី០៩ ខែវិច្ឆិកា ឆ្នាំ២០២៦ដែលជាថ្ងៃ បុណ្យឯករាជ្យជាតិ និង ថ្ងៃខួប នៃថ្ងៃបង្កើតកងយោធពលខេមរភូមិន្ទ ៕









ចែករំលែកព័តមាននេះ