ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

លោក ត្រាំ អបអរ​គណបក្ស​ប្រជាធិបតេយ្យ តែ​ថា​បក្ស​សាធា​រណរដ្ឋ​ចាញ់ ព្រោះ​គ្មាន​ឈ្មោះ​លោក​​លើ​សន្លឹក​ឆ្នោត

1 អាទិត្យ មុន

ទីក្រុង​វ៉ា​ស៊ី​ន​តោន ៖ លោក​ប្រធានាធិបតី ដូ​ណា​ល់ ត្រាំ (Donald Trump) បាន​អបអរសាទរ​គណបក្ស​ប្រជាធិបតេយ្យ បន្ទាប់​ពី​លទ្ធផល​នៃ​ការ​បោះ​ឆ្នោត​សភា​ពាក់កណ្តាល​អាណត្តិ​របស់​សហរដ្ឋអាមេរិក នៅ​យប់​ថ្ងៃ​ទី​៣ ខែវិច្ឆិកា ឆ្នាំ​២០២៦ (​ម៉ោង​នៅ​អា​មេ​រិ​ក​) បាន​បង្ហាញ​ថា គណបក្ស​សាធារណរដ្ឋ​របស់​លោក បាត់បង់​ការ​គ្រប់គ្រង​សំឡេង​ភាគច្រើន​ទាំង​នៅ​រដ្ឋសភា (​សភាតំណាងរាស្ត្រ​) និង​ព្រឹទ្ធសភា​។

លោក ត្រាំ បាន​ផ្តល់​បទ​សម្ភាសន៍​តាម​ទូរស័ព្ទ​ជាមួយ​ប្រព័ន្ធ​ផ្សព្វផ្សាយ​នៅ​ក្នុងស្រុក​ទាំង Fox News និង CBS News ដោយ​អបអរសាទរ​ចំពោះ​គណបក្ស​ប្រជាធិបតេយ្យ និង​ទទួលស្គាល់​ថា ពួក​គេ​ពិតជា​បាន​ធ្វើ​ការងារ​យ៉ាង​ខ្លាំងក្លា និង​ប្រយុទ្ធ​តស៊ូ​អស់​រយៈពេល​យ៉ាង​យូរ​រហូត​ទទួល​បាន​ជ័យជម្នះ​នេះ​។

ទន្ទឹម​ជាមួយ​គ្នា​នោះ លោក​ក៏​បាន​បញ្ជាក់​ពី​ការ​ត្រៀមខ្លួន​រួច​ជា​ស្រេច​ក្នុង​ការ​ធ្វើ​ការងារ​រួម​គ្នា​ជាមួយ​គណបក្ស​ប្រជាធិបតេយ្យ ដើម្បី​ផលប្រយោជន៍​ជាតិ លើ​របៀបវារៈ​មួយ​ចំនួន ដូច​ជា បញ្ហា​អន្តោប្រវេសន៍​ជាដើម បើ​ទោះបីជា​គណបក្ស​មានការ​ខ្វែងគំនិត​នា​ខាង​នយោបាយ​ក៏​ដោយ​។

យ៉ាងណាមិញ លោក ត្រាំ មិន​បាន​ចាត់​ទុក​លទ្ធផល​នេះ​ថា​ជា​ការ​ធ្លាក់​ចុះ​ប្រជាប្រិយភាព ឬ​ការ​វាយប្រហារ​លើកេរ្តិ៍ឈ្មោះរបស់លោក​នោះ​ទេ​។ លោក​បាន​បញ្ជាក់​នៅ​លើ​បណ្តាញ​សង្គម Truth Social បន្ទាប់​ពី​លទ្ធផល​ការ​បោះ​ឆ្នោត​ពាក់កណ្តាល​អាណត្តិ​ឆ្នាំ ២០២៦ បង្ហាញ​ថា គណបក្ស​ប្រជាធិបតេយ្យ​បាន​ទទួល​ជ័យជម្នះ​យ៉ាង​ធំធេង​ថា មូលហេតុ​ដែល​បេក្ខជន​បក្ស​សាធារណរដ្ឋ​ចាញ់ គឺ​ដោយសារ​តែ​រូប​លោក​មិន​មានឈ្មោះ​លើ​សន្លឹក​ឆ្នោត ហើយ​លោក​ជឿជាក់​ថា ប្រសិនបើ​មានឈ្មោះ​លោក​វិញ គណបក្ស​សាធារណរដ្ឋ​នឹង​ឈ្នះ​ឆ្នោត​ភ្លូកទឹកភ្លូកដី​ជា​មិន​ខាន​។

នៅ​ក្នុង​ការ​បង្ហោះ​មួយ​ដោយឡែក​ផ្សេង​ទៀត លោក​បាន​អះអាង​ថា លោក​នឹង​ក្លាយជា​អ្នកវិភាគ​នយោបាយ ទាំង​ល្អ និង​អាក្រក់ ចំពោះ​មូលហេតុ​ដែល​បេក្ខជន​ទាំងនោះ ឈ្នះ​និង​ចាញ់​៕ ប្រភព ៖ The Hill និង AP