ឆ្មក់បង្ក្រាបទីតាំងលួចលាក់ប្រព្រឹត្តបទល្មើសឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា (Online Scams)២ទីតាំង ឃាត់ខ្លួនមនុស្ស២៨នាក់ និងដកហូតវត្ថុតាងមួយចំនួននៅក្រុងបាវិត
- ស្វាយរៀង
ខេត្តស្វាយរៀង ៖ កាលពីរសៀលថ្ងៃទី៣ ខែវិច្ឆិកា ឆ្នាំ២០២៦ ដោយអនុវត្តតាមអនុក្រឹត្យលេខ០៣របស់រាជរដ្ឋាភិបាល និងទទួលបានបទបញ្ជាយ៉ាងម៉ឺងម៉ាត់ពីឯកឧត្តម ប៉េង ពោធិ៍សា អភិបាលខេត្តស្វាយរៀង លោកម៉ែន អេង អភិបាលរងខេត្ត បានដឹកនាំកម្លាំងចម្រុះចុះប្រតិបត្តិការបង្ក្រាបទីតាំងលួចធ្វើសកម្មភាពឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា (Online Scams) ចំនួន២ទីតាំង ស្ថិតក្នុងភូមិតាពៅ សង្កាត់បាវិត ក្រុងបាវិត ខេត្តស្វាយរៀង ។

ប្រតិបត្តិការនេះ ធ្វើឡើងក្រោមការសម្របសម្រួលនីតិវិធីផ្ទាល់ពីលោកស្រី ពៅ ទេវី ព្រះរាជអាជ្ញារងនៃអយ្យការអមសាលាដំបូងខេត្តស្វាយរៀង និងមានការចូលរួមពីលោកវរសេនីយ៍ឯក ស្រេង ហួត ស្នងការរងនគរបាលខេត្ត លោកអភិបាលរងក្រុងបាវិត កម្លាំងគណៈបញ្ជាការឯកភាពរដ្ឋបាលក្រុងបាវិត ព្រមទាំងកម្លាំងបង្ការ និងបង្ក្រាបបទល្មើសផ្សេងៗប្រចាំក្រុងបាវិត ។
តាមរយៈការចុះត្រួតពិនិត្យជាក់ស្ដែង ក្រុមការងារចម្រុះបានរកឃើញមនុស្ស និងដកហូតសម្ភារៈវត្ថុតាង ព្រមទាំងលាតត្រដាងនូវល្បិចកលបន្លំលាក់បាំងយ៉ាងស្មុគស្មាញនៅតាមទីតាំងនីមួយៗដូចខាងក្រោម៖

១-ទីតាំងទី១ (ផ្ទះជួលរបស់ឈ្មោះ ឡាយ យូឡុង)៖ មនុស្ស និងវត្ថុតាងដកហូត៖ រកឃើញជនជាតិចិនចំនួន១៣នាក់ (ភេទប្រុស) លិខិតឆ្លងដែន១១ក្បាល កុំព្យូទ័រលើតុ (All In One) ១គ្រឿង កុំព្យូទ័រយួរដៃ ១៥គ្រឿង ទូរសព្ទដៃចម្រុះ ៥គ្រឿង ទូរសព្ទដៃផ្ទាល់ខ្លួន ១២គ្រឿង និងដុំ Wifi ចំនួន៥គ្រឿង។
ល្បិចកលបន្លំលាក់បាំង៖ ទីតាំងនេះ បានបើកអាជីវកម្មបិទមុខ ដោយមួយផ្នែកជាផ្ទះសំណាក់ និងមួយផ្នែកទៀតជាភោជនីយដ្ឋាន ។ ចំណែកកន្លែងលួចធ្វើសកម្មភាពបទល្មើស គឺស្ថិតនៅផ្នែកខាងក្រោយផ្ទះសំណាក់ ដោយរៀបចំបិទបាំងទូសម្ភារៈផ្ទះបាយ និងរៀបជញ្ជាំងបាំងមួយជាន់ទៀត ។

ជនល្មើសបានវះជញ្ជាំងតាមបន្ទប់ទឹកមួយជួរខាងលិច ដើម្បីធ្វើជាផ្លូវសម្ងាត់ចេញចូលចល័តតាមបន្ទប់នីមួយៗ ហើយនៅជាប់របងខាងក្រោយបំផុត មានត្រៀមជណ្ដើរដែកចំនួន ០១ ទុកសម្រាប់ផ្លោះរបងរត់គេចខ្លួនចេញទៅខាងក្រៅ។
២-ទីតាំងទី២ (ផ្នែកខាងក្រោយសាលាមត្តេយ្យរីករាយ) មនុស្ស និងវត្ថុតាងដកហូត៖ រកឃើញជនជាតិចិនចំនួន១៣នាក់ (ស្រី១នាក់) និងជនជាតិខ្មែរចំនួន ២នាក់ (ភេទស្រី ជាបុគ្គលិកអនាម័យ) ដកហូតបានលិខិតឆ្លងដែន២ក្បាល កុំព្យូទ័រលើតុ (All In One) ១៣គ្រឿង ទូរសព្ទដៃផ្ទាល់ខ្លួន ២០គ្រឿង ដុំ Wifi ២គ្រឿង និងរថយន្តម៉ាក Range Rover ពណ៌ខ្មៅ ១គ្រឿង ពាក់ផ្លាកលេខ ភ្នំពេញ 2BV-7172។

ល្បិចកលបន្លំលាក់បាំង៖ ទីតាំងនេះចែកចេញជា៣ផ្នែក ដោយផ្នែកខាងមុខបើកអាជីវកម្មសាលាមត្តេយ្យ ផ្នែកកណ្តាលបើកជាបន្ទប់សណ្ឋាគារ រីឯផ្នែកខាងក្រោយធ្វើពីស័ង្កសី និងបន្ទប់សណ្ឋាគារមួយចំនួន ត្រូវបានប្រើប្រាស់ជាកន្លែងលួចធ្វើសកម្មភាពល្មើស។ ទីតាំងប្រព្រឹត្តបទល្មើសនេះត្រូវបានបិទបាំងដោយជញ្ជាំងរៀបឥដ្ឋ និងមានច្រកសម្ងាត់ចេញចូលតាមទូសម្លៀកបំពាក់ ហើយនៅផ្នែកខាងក្រោយបំផុតជាប់របង មានរៀបចំតុផឹកតែចំនួន ១ ទុកសម្រាប់ជាន់ផ្លោះរបងគេចខ្លួនទៅខាងក្រៅ ។
ក្រោយពីសមត្ថកិច្ចជំនាញបានត្រួតពិនិត្យឧបករណ៍អេឡិចត្រូនិកខាងលើ និងរកឃើញថាមានតម្រុយជាប់ពាក់ព័ន្ធនឹងបទល្មើសបច្ចេកវិទ្យា ក្រុមការងារចម្រុះបានសម្រេចប្រគល់មនុស្ស និងវត្ថុតាងទាំងអស់ជូនការិយាល័យប្រឆាំងបទល្មើសបច្ចេកវិទ្យា នៃស្នងការដ្ឋាននគរបាលខេត្តស្វាយរៀង ដើម្បីចាត់ការបន្តតាមនីតិវិធីច្បាប់ ៕












ចែករំលែកព័តមាននេះ