ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

កម្មករ​សំណង់​ម្នាក់​ត្អូញ​ប្រាប់​​ថា ចេះតែចុក​ទ្រូង លុះព្រឹកឡើង​មិត្ត​រួមការ​ងារទៅដាស ផ្អើលយ៉ាងរន្ធ.ត់

1 ម៉ោង មុន
  • ភ្នំពេញ

រាជធានី​ភ្នំពេញ ​៖ បុរស​ជា​កម្មករ​សំណង់​ម្នាក់​បាន​ត្អូញត្អែរ​ប្រាប់​មិត្តភក្ដិ​រួមការ​ងារ​ប៉ុន្មាន​ថ្ងៃ​មកនេះ​ថា គាត់​ចេះ​តែ​មាន​អាកា​រៈ​ចុក​ណែន​ទ្រូង ប៉ុន្តែ​ពុំ​បាន​ទៅ​ពិគ្រោះ​ជំងឺ​ជាមួយ​គ្រូពេទ្យ​ដើម្បី​ព្យាបាល​ជំងឺ​នេះ​ទេ ។ គាត់​នៅ​តែ​ធ្វើការ​ជា​ធម្មតា ទីបំផុត​ក៏​ដេក​ស្លាប់ ប៉ុន្តែ​ភ្លាម​ៗ​នោះ​គ្មាន​នរណា​បានដឹង​ថា​គាត់​ស្លាប់​នោះ​ឡើយ រហូត​មិត្តភក្ដិ​ឃើញ​គាត់​ដេក​យូរ​ពេក ចូល​ទៅ​ដាសឲ្យ​ក្រោក​ទៅ​ធ្វើការ ទើប​ដឹង​ថា​គាត់​ស្លាប់​បាត់​ទៅ​ហើយ ។

ហេតុ​ការ​ខាងលើ​នោះ​បាន​កើតឡើង កាលពី​វេលា​ម៉ោង​៩​ព្រឹក​ថ្ងៃ​ទី​០៤ ខែវិច្ឆិកា ឆ្នាំ​២០២៦ នៅ​ក្នុង​រោង​កម្មករ​ស្នាក់ ស្ថិត​នៅ​ក្នុង​ការដ្ឋាន​សំណង​ផ្ទះល្វែង​ក្រុមហ៊ុន​​មួយ​កន្លែង​ នៅ​តាម​ផ្លូវ​បេតុង​ភូមិ​ត្រពាំង​សាលា សង្កាត់​ពងទឹក ខណ្ឌដង្កោ រាជធានី​ភ្នំពេញ ។

បុរស​រងគ្រោះ​រូប​នោះ​ឈ្មោះ ថៃ និ​ន អាយុ​៤៤​ឆ្នាំ មុខរបរ​កម្មករ​សំណង់ ទីលំនៅ​ភូមិ​ត្រពាំង​គុយ ឃុំ​ល្បើក ស្រុក​ឈូក ខេត្តកំពត និង​ស្នាក់​នៅ​កន្លែង​កើតហេតុ​ខាងលើ ។

បើ​តាម​បុរស​ម្នាក់​ឈ្មោះ ឃ​ន សុខ​ស៊ី​វត្ថិ អាយុ​២៩​ឆ្នាំ ជា​កម្មករ​រួមការ​ងារ​ជាមួយ​​ជនរងគ្រោះ​​បាន​បំភ្លឺ​ប្រាប់​សមត្ថកិច្ច​ថា កន្លង​មក​រូប​គាត់​រួម​ជាមួយ​បុរស​ឈ្មោះ ថៃ និ​ន​(​ជនរងគ្រោះ​​) ព្រមទាំង​មិត្តភក្ដិ​រួមការ​ងារ​មួយ​ចំនួន​ទៀត​តែងតែ​ផឹកស្រា​ថ្នាំ​ជុំ​គ្នា​ក្រោយ​ពេល​ចប់​ម៉ោង​ការងារ ។

ដោយឡែក​មួយ​រយៈ​ចុង​ក្រោយ​នេះ​បុរស​រងគ្រោះ​ចេះ​តែ​និយាយ​ត្អូញត្អែរ​ថា «​មាន​អាកា​រៈ​ចុក​ណែន​ដើមទ្រូង​សង្ស័យ​លើស​ជាតិ​ខ្លាញ់​» ប៉ុន្តែ​មិន​បាន​ទៅ​មន្ទីរពេទ្យ​ពិនិត្យ​សុខភាព​នោះ​ឡើយ ។

បុរស​ខាងលើ​បាន​និយាយ​បន្ត​ទៀត​ថា រហូត​ដល់​វេលា​ល្ងាច​ថ្ងៃ​ទី​០៣ ខែវិច្ឆិកា ឆ្នាំ​២០២៦ គាត់​​និង​ជន​រង​គ្រោះ ព្រមទាំង​មិត្តភក្ដិ​២​នាក់​ទៀត​បាន​ចេញពី​ធ្វើការ រួច​ទិញ​ស្រាថ្នាំ​មក​ផឹក​ជាមួយ​គ្នា​ដូច​ពេល​មុន​ៗ​ទៀត​។ ក្រោយ​ផឹក​រួច​ក៏​បែក​គ្នា​ចូល​ទៅ​ក្នុង​បន្ទប់​រៀង​ៗ​ខ្លួន លុះដល់​វេលា​ព្រឹក​ថ្ងៃ​ទី​០៤ ខែតុលា ឆ្នាំ​២០២៦ ដោយ​ឃើញ​លោក​ថៃ និ​ន ដេក​យូរ​ពេក​អត់​ក្រោក​រៀបចំ​ខ្លួន​ទៅ​ធ្វើការ គាត់​ក៏​បាន​ទៅ​ដាស ។ ទើប​ដឹង​ថា​ស្លាប់​បាត់​ទៅ​ហើយ ពុំ​ដឹងស្លាប់​តាំងពី​ពេល​ណា​នោះ​ទេ ទើប​គាត់​ស្រែក​ប្រាប់​អ្នក​ជិតខាង​បង្ក​ឲ្យ​មានការ​ភ្ញាក់ផ្អើល រួច​រាយការណ៍​ប្រាប់​សមត្ថកិច្ច​តែ​ម្ដង ។

សមត្ថកិច្ច​បាន​ប្រាប់​ថា ក្រោយ​ពេល​ទទួល​បាន​ដំណឹង​ថា​មាន​អ្នក​ស្លាប់ កម្លាំង​នគរបាល​ប៉ុស្តិ៍​ពងទឹក និង​នគរបាល​ខណ្ឌដង្កោ​បាន​ចុះ​ទៅ​ពិ​ត្យ​កន្លែង​កើតហេតុ ។ បន្ទាប់​មក​រាយ​ការ​បន្ត​ទៅ​កាន់​នគរបាល​កា​រិ​យ​ល័យ​បច្ចេកទេស​និង​វិទ្យាសាស្ត្រ នៃ​ស្នងការដ្ឋាន​នគរបាល​រាជធានី​ភ្នំពេញ ព្រមទាំង​ឯកឧត្តម​វេជ្ជបណ្ឌិត ជាង រ៉េ​ន គ្រូពេទ្យ​កោសល្យវិច័យ​អម​តុលាការ​រាជធានី​ភ្នំពេញ ចុះ​ទៅ​ធ្វើ​កោសល្យវិច័យ ។ ជា​លទ្ធផល​សន្និដ្ឋាន​ថា បុរស​​រងគ្រោះ​ស្លាប់​ដោយសារ​​គាំងបេះដូង អាច​បណ្ដាល​មក​ពី​ជំងឺ​បេះដូង ។ បន្ទាប់​មកប្រគល់​សព​ជូន​ក្រុម​គ្រួសារ​នាំ​យក​ទៅ​ធ្វើបុណ្យ​តាម​ប្រពៃណី ៕​