ប្រមុខរាជរដ្ឋាភិបាលឲ្យគិតគូរបញ្ជូនសិស្សនិស្សិតទៅរៀនសូត្រនៅក្រៅប្រទេសលើជំនាញគ្រប់គ្រងបណ្ណសារដ្ឋាន
- ភ្នំពេញ
រាជធានីភ្នំពេញ ៖ សម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ដ្រីនៃកម្ពុជា បានថ្លែងណែនាំឲ្យមានការបញ្ជូនសិស្សនិស្សិតទៅរៀនសូត្រនៅក្រៅប្រទេសលើជំនាញគ្រប់គ្រងបណ្ណសារដ្ឋាន ព្រោះផ្នែកបណ្ណសារដ្ឋាននេះជាផ្នែកមួយដែលត្រូវមានសំខាន់ និងចាំបាច់ ពិសេសក្នុងដំណាក់កាល AI ជំនាញនេះត្រូវតែមានចាំបាច់ ។

ថ្លែងក្នុងឱកាសអញ្ជើញបើកកម្មវិធីពិព័រណ៍ខួប១០០ឆ្នាំ នៃបណ្ណសារដ្ឋានជាតិនៃកម្ពុជា នាព្រឹកថ្ងៃទី០៤ ខែវិច្ឆិកា ឆ្នាំ២០២៦ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត បានថ្លែងឲ្យដឹងថា សម្រាប់ជំនាញបណ្ណសារដ្ឋានជំនាញបណ្ណល័យនេះ គឺមានជំនាញតាំងពីបរិញ្ញាបត្រ បញ្ញាបត្រជាន់ខ្ពស់ រហូតដល់ថ្នាក់បណ្ឌិត (PHD) ដោយនៅក្រៅប្រទេសមានបង្រៀន ។ សម្រាប់បណ្ណល័យជាតិ មានបរិញ្ញាបត្រ, បរិញ្ញាបត្រជាន់ខ្ពស់ និង PHD លើការគ្រប់គ្រងព័ត៌មាន និងឯកសារ ។

សម្តេចធិបតីនាយករដ្ឋមន្ត្រីបានបញ្ជាក់ថា៖ ដូច្នេះយើងខិតខំធ្វើយ៉ាងណាទាំងលើការបណ្ដុះបណ្ដាលរយៈពេលខ្លី និងរកវិធីក្នុងការបណ្ដុះបណ្ដាលរយៈពេលវែង ហើយសម្រាប់ថ្នាក់គ្រប់គ្រងបណ្ណសារដ្ឋាន បើបើកនៅប្រទេសកម្ពុជាក៏បើកមិនកើតនោះដែរ ដោយសារតែមានសិស្សរៀនតិច ទោះមានគ្រូបង្រៀនក៏នៅតែលំបាក» ។

ជាមួយគ្នានោះដែរ សម្តេចបវរធិបតីនាយករដ្ឋមន្ត្រីបានបញ្ជាក់ថា «ខ្ញុំបាននិយាយជាមួយឯកឧត្តម វង្សី វិស្សុតថា ប្រសិនបើត្រូវបញ្ជូនសិស្សផ្នែកបណ្ណសារដ្ឋាននេះទៅរៀនក្រៅប្រទេស គឺបញ្ជូនចុះ ព្រោះថ្ងៃក្រោយយើងត្រូវតែមានអ្នកជំនាញ លើការគ្រប់គ្រងបណ្ណសារដ្ឋាន ទោះបីជាមិនបាន PHD ក៏ត្រូវបរិញ្ញាបត្រក៏បាន ព្រោះក្នុងដំណាក់កាល AI ជំនាញនេះត្រូវតែមាន និងចាំបាច់ផងដែរ» ។

សម្តេចបវរធិបតីបានបញ្ជាក់ថា «ដូច្នេះឯកឧត្តម វង្សី វិស្សុត ត្រូវរៀបចំកិច្ចការងារនេះជាមួយដៃគូរ ឬត្រូវគិតគូរក្នុងការផ្ដល់អាហាររូបករណ៍រដ្ឋ ទៅបន្ដការសិក្សា ។ ចំពោះការសិក្សាផ្នែកបណ្ណសារដ្ឋាននេះត្រូវសិក្សារយៈពេល៤-៦ឆ្នាំ ដែលទាមទារឲ្យមានជំនាញច្បាស់លាស់ ដូច្នេះការសិក្សាផ្នែកបណ្ណសារដ្ឋាននេះ គឺសំខាន់ណាស់» ។ សម្តេចធិបតីក៏បានលើកឡើងថា ការបញ្ជូនសិស្សនិស្សិតទៅរៀននៅក្រៅប្រទេសលើជំនាញនេះ បើមិនមែនអាហារូបករណ៍នោះទេ រដ្ឋត្រូវចំណាយចំពោះការសិក្សារបស់ពួកគេផងដែរ៕
ចែករំលែកព័តមាននេះ