ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

សម្តេចធិបតី ចាត់ទុកបណ្ណសារដ្ឋានជាតិមានតម្លៃជាងមាសដុំ

3 ម៉ោង មុន
  • ភ្នំពេញ

រាជធានី​ភ្នំពេញ ៖ សម្ដេច​បវរ​ធិ​បតី ហ៊ុន ម៉ា​ណែ​ត នាយក​រដ្ឋមន្ដ្រី​នៃ​កម្ពុជា បាន​បញ្ជាក់​ថា បណ្ណសារដ្ឋាន​ជាតិ​មាន​តម្លៃ​ជាងមាស​ដុំ ព្រោះ​បាន​តម្កល់​ឫសគល់​អត្តសញ្ញាណ និង​ប្រវត្តិ​សាវតារ​របស់​ជាតិ ។

សម្តេច​មហា​បវរ​ធិ​បតី ហ៊ុន ម៉ា​ណែ​ត បាន​លើក​ឡើង​ក្នុង​ពិធី​បើក​កម្មវិធី​ពិព័រណ៍ ខួប​១០០​ឆ្នាំ នៃ​បណ្ណសារដ្ឋាន​ជាតិ​នៃ​កម្ពុជា នា​ព្រឹក​ថ្ងៃ​ទី​៤ ខែវិច្ឆិកា ឆ្នាំ​២០២៦​ថា បណ្ណសារដ្ឋាន​ជាតិ មាន​តម្លៃ​ជាងមាស ព្រោះ​បាន​ធ្វើ​ឱ្យ​កុលបុត្រ​ខ្មែរ បានដឹង​ពី​ប្រវត្តិ​សាវតារ​របស់​ជាតិ ។

សម្តេច​បវរ​ធិ​បតី នាយក​រដ្ឋមន្ត្រី បាន​គូសបញ្ជាក់​យ៉ាង​ដូច្នេះ​ថា ៖ «​ធនាគារជាតិ​ផ្ទុក​មាស ប៉ុន្ដែ​បណ្ណសារដ្ឋាន​ជាតិ ក៏​ដូច​ជា បណ្ណាល័យ​ជាតិ ផ្ទុក​មាស ដែល​មាន​តម្លៃ​ជាងមាស​ដុំ នេះ គឺជា​ការ​ពិត ព្រោះ​ប្រទេស​ជាតិ​មួយ​ត្រូវ​មាន​ឫសកែវ ដែល​អ្នក​ស្រាវជ្រាវ​ត្រូវ​ថែរក្សា​» ។

ជាមួយ​គ្នា​នោះ​ដែរ សម្តេច​ធិ​បតី​បាន​បង្ហាញ​ការ​កត់សម្គាល់​កូន​ខ្មែរ​រៀនសូត្រ​ស្រាវជ្រាវ​ពី​ប្រវត្តិសាស្ត្រ​ខ្លួន ដែល​សរសេរ​ដោយ​ជនបរទេស ។ ដូច្នេះ​ត្រូវ​លើកទឹកចិត្ត​ឲ្យ​កូន​ខ្មែរ​ចងក្រង​ប្រវត្តិសាស្ត្រ​របស់​ខ្លួន ។

សម្តេច​បវរ​រ​ធិ​បតី ហ៊ុន ម៉ា​ណែ​ត បាន​គូ​សប​បញ្ជាក់​បន្ថែម​ថា ឯកសារ​បណ្ណសារ​ទាំងនេះ​ហើយ គឺជា «​ឫសគល់​» ឬ​«​ឫសកែវ​» នៃ​អត្តសញ្ញាណ និង​ចំណេះ​ដឹងជាតិ ដែល​តម្រូវ​ឱ្យ​យើង​ខិតខំ​អភិរក្ស ទាំង​ឯកសារ​រូប​វន្ត និង​ការ​ធ្វើ​ឌី​ជី​តូប​នី​យ​កម្ម ដើម្បី​ឲ្យ​កូនចៅ​ជំនាន់​ក្រោយ​មាន​មូលដ្ឋាន​គ្រឹះ​រឹង​មាំ​ក្នុង​ការ​សិក្សា​ស្រាវជ្រាវ ។

លើស​ពី​សម្ដេច​ធិ​បតី ប្រមុខ​នៃ​រាជរដ្ឋាភិបាល​កម្ពុជា​បាន​បន្ថែម​ទៀត​ថា បច្ចុប្បន្ន​បណ្ណសារដ្ឋាន​ជាតិ បាន​ក្លាយជា​ទីតាំង​បេតិកភណ្ឌ​ជាតិ ដែល​មាន​ទំនាក់ទំនង​យ៉ាង​ជិត​ស្និទ្ធ​ជាមួយ​អត្តសញ្ញាណ ជាតិ​, អធិបតេយ្យភាព និង​បូរណភាព​ទឹកដី ។ តាម​រយៈ​មុខងារ​បណ្ណសារដ្ឋាន​ជាតិ ដែល​ជាទី​តាំង​តម្កល់​ឯកសារ​ប្រវត្តិសាស្ត្រ ផែនទី សន្ធិសញ្ញា និង​កំណត់​ត្រា​ផ្លូវការ ដែល​មាន​ប្រភព​ច្បាស់លាស់ បាន​ធ្វើ​ឱ្យ​ទីតាំង​នេះ ក្លាយជា​ប្រភព​ភស្តុ​តាង​ដ៏​មាន​តម្លៃ​សម្រាប់​គាំទ្រ​ដល់​ការ​សិក្សាការ​កំណត់​ជំហរ​ផ្លូវច្បាប់ និង​ការ​ការពារ​ផលប្រយោជន៍​ជាតិ ។

ជាក់ស្ដែង​ករណី​ប្រាសាទព្រះវិហារ ដែល​បាន​បង្ហាញ​ពី​ទំនាក់ទំនង​ដ៏​សំខាន់​រវាង​បេតិកភណ្ឌ​ប្រវត្តិ​សា​ស្ត​ច្បាប់​អន្តរជាតិ និង​អធិបតេយ្យភាព​ជាតិ ។ បន្ថែម​ពី​នេះ​សម្តេច​មហា​បវរ​ធិ​បតី ហ៊ុន ម៉ា​ណែ​ត ណែនាំ​ឲ្យ​ថែរក្សា​ឯកសារ បណ្ណសារ ដោយ​មាន​ប្រព័ន្ធ​គ្រប់គ្រង​ត្រឹមត្រូវ​, ការ​ធានា​ភាព​ពិតប្រាកដ​នៃ​ឯកសារ និង​ការ​អភិវឌ្ឍ សមត្ថភាព​ស្រាវជ្រាវ គឺជា​ការងារ​ដែល​មាន​តម្លៃលើស​ពី​វិស័យ​វប្បធម៌ ដោយ​អាច​រួមចំណែក​ដល់​ការ​ការពារ​ផលប្រយោជន៍​ជាតិ​រយៈពេល​វែង ៕