ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ផ្ទះ១ខ្នង នៅក្រុងសៀមរាប ត្រូវអគ្គិភ័យឆេះអស់ទាំងស្រុង​ កាលពីព្រឹកមិញ​

59 នាទី មុន
  • សៀមរាប

​ខេត្ត​សៀម​រា​ប ៖ មានករណី​​​អគ្គិភ័យ​ឆាបឆេះ​ផ្ទះ១ខ្នង​​ បង្ក​ការ​ភ្ញាក់ផ្អើល​ដល់​អ្នក​ជិតខាង រហូត​ដល់​សមត្ថកិច្ច និង​អាជ្ញាធរ​មូលដ្ឋាន សំណាងល្អ គ្មាន​​គ្រោះ​​ថ្នាក់​ដល់​អាយុជីវិត និងឆ្លង​រាលដាល​ដល់​ផ្ទះ​អ្នក​ជិតខាង​ឡើយ ។

ហេតុការណ៍​ឆេះ​ផ្ទះ​ពលរដ្ឋ​នោះ​បាន​កើតឡើង​នៅ​វេលា​ម៉ោង​៦និង​៣០​នាទី​ព្រឹកថ្ងៃ​ទី​៤ ខែវិច្ឆិកា ឆ្នាំ ២០២៦ ស្ថិត​នៅ​ក្រុម​ទី​៨ ភូមិ​បន្ទាយ​ចាស់ សង្កាត់​ស្ល​ក្រាម ក្រុង​សៀមរាប ​ខេត្តសៀមរាប​ ។

បើ​តាម​ប្រភព​ពី​មន្ត្រី​អាជ្ញាធរ​មូលដ្ឋាន បាន​ប្រាប់​ភ្នាក់ងារ​កោះសន្តិភាព​នៅវេលា​ម៉ោង​ប្រមាណ ៩ និង ៥០ នាទី​ព្រឹក ថ្ងៃ​ទី​៤ ខែវិច្ឆិកា ឆ្នាំ​២០២៦​ នេះ​ថា មាន​ករណី​អគ្គី​ភ័យ​បាន​ឆាប​ឆះ​លំនៅ​ដ្ឋា​ន​ប្រជាពលរដ្ឋ​មួយ​កន្លែង ដែល​មាន​ម្ចាស់ផ្ទះ​ឈ្មោះ ស៊ា​ន ស៊ុន​សុខ​ជាតិ ភេទ​ស្រី អាយុ​៥៥ មុខរបរ​លក់​នំប៉័​ង បច្ចុប្បន្ន​ស្ថិត​នៅ​ក្រុម​ទី​៨ ភូមិ​បន្ទាយ​ចាស់ សង្កាត់​ស្ល​ក្រាម​ ក្រុង​សៀមរាប​ ​ខេត្ត​សៀម រាប​ ​មាន​សមាជិកគ្រួសារ​ស្នាក់​នៅ​ក្នុង​បន្ទុក​សរុប​ចំនួន​៧​នាក់ (ស្រី​៥នាក់) កូនស្រី​២​នាក់​ ចៅស្រី ២​នាក់​ ប្អូនប្រុស​២​នាក់ ។

ប្រភព​បន្ថែម​ថា ករណី​ឆេះ​ផ្ទះ​នេះ ធ្វើ​ពី​ផ្ទះថ្មក្រោម ឈើលើ មាន​ទំហំ ៦.៥០ម៉ែត្រ x ៨​ម៉ែត្រ មាន គ្រែ៤, ​ពូក​២, ​ចង្ក្រានហ្គាស​២​គ្រឿង​, ​ទូ​ដាក់​ខោអាវ​ចំនួន​៤, តុ​​ដែក​៤, ​តុ​ឈើ​១, ​កៅអី​ជ័រ​៥ និង​​សម្ភារ​ប្រើប្រាស់​មួយ​ចំនួន​ទៀត ត្រូវ​បាន​អគ្គិភ័យ​ឆាបឆេះ​ផ្ទះ​អស់ទាំង​ស្រុង​។

​មូលហេតុ​ តាម​ការ​បញ្ជាក់​ពី​ម្ចាស់ផ្ទះ​ខាងលើ បង្ក​ឡើង​ដោយ​ឆ្លង​ចរន្តអគ្គិសនី បង្កើត​បាន​ទៅ​ជា​អគ្គិ​ភ័យ​ឆាបឆេះ​ មក​ពីជាន់​ខាងលើ (ផ្ទះឈើ )​។

តាម​ប្រភព​ពីមន្ត្រី​មូលដ្ឋាន​បាន​បញ្ជាក់​ថា ក្នុង​ករណី​ឆេះ​នោះ​ដែរ ដោយ​មានការ​សហការ​គ្នា​ល្អ ​រវាង​អង្គភាព​នគរបាល​បង្ការ និង​ពន្លត់អគ្គិភ័យ​នៃ​ស្នងការដ្ឋាន​នគរ​បាល​ខេត្តសៀមរាប បាន​ប្រើ​ឡានទឹក​អស់​ចំនួន ៧ គ្រឿង​ ​ប្រើប្រាស់ ទឹក​អស់​ចំនួន​៣​រថយន្ត រថយន្ត​ពន្លត់អគ្គិភ័យ​របស់ កងរាជអាវុធហត្ថ​ខេត្តសៀមរាប ចំនួន ១ ​រថយន្ត ​អាជ្ញាធរ​ជាតិ​អប្សរា​ចំនួន ៣ ​រថយន្ត​​-​អគ្គិ​ភ័យ​បាន​ពន្លត់​ចប់​សព្វ​​គ្រប់​នៅ​វេលា​ម៉ោង​៨​ព្រឹក​ថ្ងៃខែ​ឆ្នាំ​ដដែល​។

បច្ចុប្បន្ន ផ្ទះ​ប្រជាពលរដ្ឋ​ដែល​ត្រូវ​បាន​អគ្គិភ័យ​ឆាបឆេះ​អស់ទាំង​ស្រុង​នោះ បើ​គិត​ជា​ទឹកប្រាក់​ប្រមាណ​ជាង ៥ពាន់ដុល្លារ ​៕