អភិបាលខេត្តមណ្ឌលគិរី កោតសរសើរចំពោះស្មារតីស្ម័គ្រចិត្ត និងការសម្រេចចិត្តរបស់ក្មួយៗ ដែលបានចូលរួមបំពេញកាតព្វកិច្ចយោធា ដោយមានឆន្ទៈចូលរួមបម្រើជាតិ និងប្រជាជន
- មណ្ឌលគិរី
ខេត្តមណ្ឌលគិរី ៖ ថ្លែងក្នុងពិធីសំណេះសំណាលជាមួយយុវជនត្រូវចូលបំពេញកាតព្វកិច្ចយោធាវគ្គទី១ ឯកឧត្តម គង់ គីមនី មានប្រសាសន៍ថា ការស្ម័គ្រចិត្តរបស់ក្មួយៗនៅពេលនេះ គឺជាគំរូដ៏ល្អមួយសម្រាប់យុវជនជំនាន់ក្រោយ ក្នុងការបណ្តុះស្មារតីស្នេហាជាតិ ស្មារតីទទួលខុសត្រូវ និងការរួមចំណែកក្នុងកិច្ចការសង្គម។ នេះជាការបង្ហាញឱ្យឃើញថា យុវជនកម្ពុជាមានឆន្ទៈ និងមនសិការស្នេហាជាតិ ក្នុងការចូលរួមថែរក្សា និងការពារមាតុភូមិ។ ពិធីនេះបានរៀបចំឡើងនាព្រឹកថ្ងៃទី៤ ខែវិច្ឆិកា ឆ្នាំ២០២៦ នៅតំបន់ប្រតិបត្តិការសឹករងខេត្តមណ្ឌលគិរី ។
ឯកឧត្តមអភិបាលខេត្តមានប្រសាសន៍បន្តថា ការចូលបំពេញកាតព្វកិច្ចយោធា មិនមែនគ្រាន់តែជាការបំពេញតួនាទីតាមច្បាប់នោះទេ ប៉ុន្តែថែម ទាំងជាឱកាសដ៏មានតម្លៃក្នុងការកសាងខ្លួនឱ្យក្លាយជាពលរដ្ឋល្អ មានវិន័យ មានសមត្ថភាព មានភាព អត់ធ្មត់ និងមានស្មារតីទទួលខុសត្រូវចំពោះជាតិ និងប្រជាជន ។ ក្នុងបរិបទនេះ ការអនុវត្តច្បាប់ស្តីពីកាតព្វកិច្ចយោធា គឺជាផ្នែកមួយនៃការពង្រឹងសមត្ថភាពជាតិ ដើម្បីធានាឱ្យកងយោធពលខេមរភូមិន្ទមានធនធានមនុស្សដែលមានចំណេះដឹង ជំនាញ សមត្ថភាព និងវិន័យគ្រប់គ្រាន់ ក្នុងការបំពេញភារកិច្ចការពារជាតិមាតុភូមិ។ ហេតុនេះហើយ ការចូលរួមរបស់ ក្មួយៗយុវជននាពេលនេះ គឺជាការចូលរួមចំណែកក្នុងការកសាងសមត្ថភាពការពារជាតិ និងបន្តរក្សា សន្តិភាព ស្ថិរភាព សុវត្ថិភាពសង្គម និងការអភិវឌ្ឍប្រទេសជាតិ។
ឯកឧត្តម គង់ គីមនី បានណែនាំដល់ប្អូនៗ ក្មួយៗ ត្រូវយកចិត្តទុកដាក់ ខិតខំប្រឹងប្រែង អនុវត្តកាតព្វកិច្ចយោធាឱ្យបានចប់ សព្វគ្រប់ក្នុងរយៈពេល ២៤ខែ ឬ ពីរឆ្នាំ ។ ត្រូវរក្សាសាមគ្គីភាព ចេះស្រលាញ់រាប់អានគ្នា ចេះជួយយកអាសារគ្នា យកចិត្តទុកដាក់ និងខិតខំប្រឹងប្រែងក្នុងការហ្វឹកហ្វឺនឱ្យបានល្អ គោរពវិន័យ ។ ខិតខំថែរក្សាសុខភាព អនាម័យឱ្យបានល្អ ។ ដើម្បីទទួលបានជោគជ័យក្នុងការបំពេញកាតព្វកិច្ចយោធា ។
យោងតាមរបាយការណ៍របស់លោកឧត្តមសេនីយ៍ទោ សាន្ត គីមអឿន មេបញ្ជាការតំបន់ប្រតិបត្តិការសឹករងខេត្តមណ្ឌលគិរី បានឱ្យដឹងថា សម្រាប់ប្រជាពលរដ្ឋ និងយុវជនត្រូវចូលបំពេញកាតព្វកិច្ចយោធាវគ្គទី១ នៅខេត្តមណ្ឌលគិរី ទៅហ្វឹកហ្វឺននៅសាលាពលទាហានជំនាន់ទី១ នៅយោធភូមិភាគទី១ នាពេលនេះមានចំនួន៨០នាក់ ៕












ចែករំលែកព័តមាននេះ