ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ពូកែណាស់ ខាងប្រមូលលុយខែ ឯសំរាមទុក​ចោល​ស្អុ.យពេញក្រុងដូនកែវ​

27 នាទី មុន
  • តាកែវ

ខេត្តតាកែវ​ ៖ ជា​ច្រើន​ឆ្នាំ​ណាស់​មក​ហើយ​ៗ​ក៏​ឆ្លង​អភិបាលក្រុង និង​ខេត្ត​មិន​តិច​នាក់​ផង​ដែរ ដែល​លោកស្រី​លឹ​ម សុខា មាន​សិទ្ធិ​ផ្តាច់មុខ​ប្រមូល​សំរាម​នៅ​តាម​ផ្ទះ​របស់​ប្រជាពលរដ្ឋ ក៏​ដូច​នៅ​តាម​សួនច្បារ​សាធារណ​:​នៅ​ក្រុង​ដូន​កែវ ខេត្តតាកែវ​នោះ​។

ទន្ទឹម​នឹង​មាន​សិទ្ធិ​ផ្តាច់មុខ​ក្នុង​ការ​ប្រមូល​សំរាម​តាម​ផ្ទះ​របស់​ប្រជាពលរដ្ឋ​ដើម្បី​យក​លុយ​ប្រចាំខែ​បែប​នេះ​ក៏​ដោយ ក៏​ក្រុមហ៊ុន​ឯកជន​មួយ​នេះ​ត្រូវ​បាន​ប្រជាពលរដ្ឋ​បាន​ធ្វើការ​រិះគន់​យ៉ាង​ខ្លាំង​ដល់​ក្រុមហ៊ុន​ប្រមូល​សំរាម​របស់​លោកស្រី​លឹ​ម សុខា នេះ​ថា​ដាច់​ខែ​មិន​ទាន់​ទេ​គឺ​អោយ​កូន​ដើរទារ​លុយ​មុន​ហើយ​ ឯសំរាមនៅស្អុយពេញមុខផ្ទះ ។

ប្រជាពលរដ្ឋ​រស់នៅ​ក្រុង​ដូន​កែវ​បាន​គ្នា​និយាយ​ថា​ពួក​គាត់​បាន​ដាក់​ខែ ដោយ​ក្នុង​១​ខែ​១០០០០​រៀល ជាមួយ​ក្រុមហ៊ុន​ឯកជន​របស់​លោកស្រី​លឹ​ម សុខា ដើម្បី​អោយថ្លៃ​​សំរាម​រាប់​ឆ្នាំ​មក​ហើយ តែ​ការ​ប្រមូលរបស់​ក្រុមហ៊ុន​មួយ​នេះ​មិន​បាន​ទៀងទាត់​សោះ គឺ​សំរាម​ទុក​ចោល​មុខ​ផ្ទះ​ចាប់ពី​១​អាទិត្យ​ទៅ​កន្លះ​ខែ ទើប​ឃើញ​ឡាន​មក​ដឹក​យក​ទៅ​ចោល​។

ក្រុម​ប្រជាពលរដ្ឋ​បាន​បន្ត​ទៀត​ថា ពួក​គាត់​ពិតជា​ពិបាក​ខ្លាំង​ណាស់ ព្រោះ​សំរាម យើង​ប្រើ​ប្រចាំ​ថ្ងៃ ច្រក​ស្បោង​ទុក​អោយមក​ដឹក​យក​ទៅ​ចោល គឺ​ក្រុមហ៊ុន​មិន​បាន​ដើរ​ប្រមូល​ជា​ប្រចាំ​ថ្ងៃ​ឡើយ រហូត​មាន​ក្លិនស្អុយ ព្រោះ​រយៈពេល​៧​ថ្ងៃ និង​១៥​ថ្ងៃ​ទៅ​ហើយ រហូត​ស្អុយ​អា​សោចិ៍ ទើប​ក្រុមហ៊ុន​មក​ប្រមូល​ដឹក​យក​ចោល​​ម្តង អ​ញ្ចឹ​ង​ធ្វើ​អោយ​ប៉ះពាល់​ដល់​សុខភាព​របស់​កូនចៅ​យ៉ាង​ខ្លាំង ហើយ​បើ​ទោះជា​ប្រជាពលរដ្ឋ​មាន​ផល​ប៉ះពាល​ពី​រឿង​ក្រុមហ៊ុន​ប្រមូល​សំរាម​នេះ​យ៉ាងណា​ក៏​ដោយ ក៏​មិន​បានឃើញ​ខាង​មន្ទីរ​បរិ​ស្ថាន​​ខេត្ត ឬ​អាជ្ញាធរ​ក្រុង​ដូន​កែវ​មាន​វិធានការ​ដល់​ក្រុមហ៊ុន​ប្រមូល​សំរាម​នេះ​ឡើយ ដូចដឹងចិត្តគ្នា​ គឺ​ទុក​អោយ​គេ​ធ្វើ​អ្វី​ៗ​ស្រេច​តែ​អំពើ​ចិត្ត​ដដែល​។

ប្រជាពលរដ្ឋ​រស់នៅ​ក្នុង​ក្រុង​ដូន​កែវ​ទាំងអស់​គ្នា​ សូម​សំណូមពរ​ដល់​ឯកឧត្តម​វ៉ី សំណាង អភិ​បាល​​ខេត្តតាកែវ ​ល្មមដល់ពេល​​រក​ក្រុមហ៊ុន​ប្រមូល​សំរាម​ថ្មី​មក​ប្រមូល​ជំនួស​ក្រុមហ៊ុន​របស់​លោកស្រី លឹ​ម សុខា ម្តង​​ហើយ​ ដើម្បី​ប្រមូល​សំរាម​បាន​ទាន់​ពេលវេលា ។

ទាក់ទង​នឹង​ក្រុមហ៊ុន​ឯកជន​ប្រមូល​សំរាម​របស់​លោកស្រី​លឹ​ម សុខា នេះ​កោះសន្តិភាព​យើង​បាន​ទាក់ទង​សុំ​ការ​បំភ្លឺ​ពី​លោក​ឌឹ​ម គឹ​ម​សាន អភិបាលក្រុង​ដូន​កែវ តាម​តេ​ឡេ​ក្រាម​ដែរ តែ​លោក​មិន​លើក​ឡើយ​។ ចំណែក​ប្រធាន​មន្ទីរ​បរិ​ស្ថាន​ខេត្ត​យើង​មិន​អាច​ទាក់ទង​បាន​ឡើយ ។

ព័ត៌មានបន្តនឹងមានផ្សាយនៅលើទំព័រកាសែតកោះសន្តិភាព ៕​