គម្រោងអភិវឌ្ឍន៍ផ្លូវការ ODA ជប៉ុន បាននិងកំពុងរួមចំណែកដោះស្រាយបញ្ហាទឹកជំនន់ ការការពារសុខុមាលភាព ការគាំទ្រដល់ការអភិវឌ្ឍទីក្រុង និងវិស័យកសិកម្មនៅកម្ពុជា
- ភ្នំពេញ
រាជធានីភ្នំពេញ ៖ លោក មិស៊ូមិ តាកាហ៊ីតុ ឧបទូត និងជាអនុប្រធានបេសកកម្មការទូតនៃស្ថានទូតជប៉ុនប្រចាំកម្ពុជាថ្លែងក្នុងពិធីបើកកម្មវិធីទស្សនៈកិច្ចអ្នកសារពត៌មាន ស្តីពីជំនួយអភិវឌ្ឍន៍ផ្លូវការ (ODA) ជប៉ុន ឆ្នាំ ២០២៦ កាលពីថ្ងៃទី ២ ខែវិច្ឆិកា ឆ្នាំ ២០២៦ នេះថា ៖ «ដំណើរទស្សនកិច្ចសារព័ត៌មាននៅថ្ងៃនេះ រៀបចំដោយស្ថានទូតជប៉ុន និងការិយាល័យ JICA ប្រចាំនៅកម្ពុជា ក្នុងគោលបំណងបង្ហាញពីគម្រោងអភិវឌ្ឍន៍ផ្លូវការ ឬហៅកាត់ថាជំនួយ ODA ប្រទេសជប៉ុន ដែលបាននិងកំពុងគាំទ្រ ដល់ការអភិវឌ្ឍរបស់កម្ពុជា លើវិស័យនានាជាច្រើនអស់រយៈពេលជាយូរមកហើយ រួមមានការកសាងហេដ្ឋារចនាសម្ព័ន្ធ និងការអភិវឌ្ឍធនធានមនុស្ស» ។

លោក មិស៊ូមិ តាកាហ៊ីតុ បន្តថា នៅពេលបានឃើញពីវឌ្ឍនភាព ដែលកម្ពុជាសម្រេចបាន លោកកាន់តែយល់ច្បាស់អំពីអត្តន័យ នៃកិច្ចសហប្រតិបត្តិការដ៏យូរអង្វែងរបស់ជប៉ុន ព្រមទាំងសារៈសំខាន់នៃការ បន្តធ្វើការរួមគ្នា រវាងប្រទេសទាំងពីរនៅពេលអនាគត ។ ក្នុងនាមជាដៃគូដ៏ល្អមួយរបស់កម្ពុជា ប្រទេសជប៉ុននឹងបន្តរួមចំណែក ដល់ការអភិវឌ្ឍប្រកបដោយចីរភាពរបស់កម្ពុជា ។

ក្នុងដំណើរទស្សនកិច្ចរបស់អ្នកសារព័ត៌មានរយៈពេល ៣ថ្ងៃ ចាប់ពីថ្ងៃទី ២-៤ ខែវិច្ឆិកា ឆ្នាំ ២០២៦ ដោយនៅថ្ងៃទី ១ ទស្សនាគម្រោងចំនួនពីរ ដែលពាក់ព័ន្ធនឹងវិធានការការពារទឹកជំនន់ រួមមាន ៖ គម្រោងការពារទឹកជំនន់ និងកែលម្អប្រព័ន្ធប្រឡាយលូក្នុងរាជធានីភ្នំពេញ, និងគម្រោងកែលម្អ និងស្តារឡើងវិញប្រព័ន្ធស្រោចស្រព និងប្រព័ន្ធរំដោះទឹកតំបន់ភាគនិរតី នៃរាជធានីភ្នំពេញ ។


លោក មិស៊ូមិ តាកាហ៊ីតុ បន្តថា ៖ «គម្រោងនេះគឺដើម្បីដោះស្រាយបញ្ហាទឹកជំនន់ ដែលបង្កឡើងដោយការប្រែប្រួលអាកាសធាតុ ដែលវាពិតជាមានសារៈសំខាន់ណាស់ សម្រាប់ការការពារសុខុមាលភាពរបស់ប្រជាជន និងការគាំទ្រដល់ការអភិវឌ្ឍទីក្រុង ក៏ដូចជាវិស័យកសិកម្ម» ។

យោងតាមលោក យូគឹម ទ្រី អនុប្រធានមន្ទីរសាធារណការ និងដឹកជញ្ជូនរាជធានីភ្នំពេញ បានឱ្យដឹងថា ៖ «ស្ថានីយ៍បូមទឹក បឹងទំពុន មានសមត្ថភាពខ្ពស់អាចបូមបាន ៤៣ម៉ែត្រគីបក្នុង ១វិនាទី ដែលអាចកាត់បន្ថយការជន់លិចបានច្រើន ដែលអាចដោះស្រាយបញ្ហាទឹកលិចនៅក្នុងរាជធានីភ្នំពេញនេះ ។ ក្នុងការបូមទឹកប្រឡាយ នៅក្នុងរាជធានីភ្នំពេញ និងបន្តបង្ហូរចូលប្រឡាយស្តុបទឹកទៅបឹងជើងឯក (ប្រឡាយស្ទឹងជ្រៅ) រួចក៏បន្តបង្ហូរពីប្រឡាយស្ទឹងជ្រៅទៅស្ទឹងព្រែកត្នោត ដើម្បីចាក់ទៅទន្លេបាសាក់នៅចុងបញ្ចប់ ។ ការបង្ហូរទឹកចេញពីស្ថានីយ៍បូមទឹកនីមួយៗតាមជំហ៊ាន ត្រូវបញ្ចូលទៅក្នុងស្ថានីយ៍ប្រព្រឹត្តិកម្មទឹកកង្វក់ជាមុនសិន មុនបង្ហូរចូលទន្លេបាសាក់» ។

លោក យូគឹម ទ្រី បន្តថា ៖ «យើងក៏បានគិតគូរផងដែរ ស្ថានីយ៍ប្រព្រឹត្តិកម្មទឹកកង្វក់ ក៏ព្រោះកំណើនប្រជាជនក្នុងរាជធានីភ្នំពេញកើនឡើងដែរ ចឹងយើងបានព្យាករណ៍ថា សម្រាប់ឆ្នាំ ២០៣៥ ចំនួនទឹកកង្វក់នឹងអាចឈានដល់ ២៨ម៉ឺនម៉ែត្រគីប ក្នុងមួយថ្ងៃ ហើយបច្ចុប្បន្នយើងបានតែ ៥ពាន់ម៉ែត្រគីប ក្នុងមួយថ្ងៃទេ ចឹងវានៅចំនួនតិចតួចនៅឡើយ យើងមានគម្រោងពង្រីកស្ថានីយ៍ប្រព្រឹត្តិកម្មទឹកកង្វក់នេះបន្ថែមទៀត ឱ្យ ៦ម៉ឺនម៉ែត្រគីប ជាដំណាក់កាលទី២យើង ហើយយើងសង្ឃឹមថានឹងអាចបាន ២៨ម៉ឺនម៉ែត្រគីបនៅឆ្នាំ ២០៣៥» ។

ជាមួយគ្នានេះផងដែរ លោក ឯក ឃុនដឿន អភិបាលរងរាជធានីភ្នំពេញបន្ថែមថា ក្រោមគម្រោងរបស់ ODA គម្រោងនេះបានចាប់ផ្តើមតាំងពីឆ្នាំ ២០០៤ ដោយបានសម្រេច៤ហ៊ានរួចហើយមកពេលនេះ ។ បច្ចុប្បន្ននៅស្ថានីយ៍មានម៉ូទ័របូមទឹក សម្រាប់រំដោះទឹកចេញពីការលង់លិច មាន ១២ម៉ូទ័រ ដោយមានខាងរាជធានីភ្នំពេញ ៧ និងខាងភាគីជប៉ុន ៥ ។ បឹងទំពុនពីមុនលិចខ្លាំងប៉ុន្តែអីឡូវគឺអត់លិចទេ ប្រជាជនបានអរគុណខាងជំនួយនិងខាងរាជធានីភ្នំពេញ ៕




ចែករំលែកព័តមាននេះ