អាជ្ញាធរក្រុងបាត់ដំបង ចុះរារាំងមិនអនុញ្ញាតឲ្យដាក់លក់ស្រាថ្នាំ«យាយនឿន»ដែលគ្មានប្រវត្តិ និងអាជ្ញាប័ណ្ណស្របច្បាប់
- បាត់ដំបង
ខេត្តបាត់ដំបង ៖ រដ្ឋបាលក្រុងបាត់ដំបង កាលពីរសៀលថ្ងៃទី០៣ វិច្ឆិកា បានដឹកនាំកម្លាំងសមត្ថកិច្ចចុះរារាំងដល់អាជីវករ ឬអ្នកលក់ដូរនានាដែលដាក់តាំងលក់ស្រាថ្នាំ«យាយនឿន» ដែលគ្មានប្រវត្តិ និងគ្មានអាជ្ញាប័ណ្ណស្របច្បាប់ នៅតាមតូប ឬតាម
ទីសាធារណៈនៅក្នុងក្រុង និង ប្រកាសហាមមិនអនុញ្ញាតឲ្យដាក់តាំងលក់បន្តទៀតឡើយ ។

បន្ទាប់ពីបើកកិច្ចប្រតិបត្តិការមួយប្រាវដល់ទីតាំងអ្នកលក់ស្រាថ្នាំ «យាយនឿន» លោក លាង វាសនា អភិបាលក្រុងបាត់ដំបងបានប្រាប់កោះសន្តិភាពថា ស្រាថ្នាំដែលពុំមានប្រវត្តិនិងគ្មានអាជ្ញាប័ណ្ណច្បាស់លាស់នេះ ត្រូវបានគេបង្ហោះលក់ព្រោងព្រាតតាមបណ្ដាញសង្គម ឬតាមអនឡាញ ។
មន្ត្រីជាច្រើនបានកុម្ម៉ង់ទិញយកមកពិសារតាមការអំពាវនាវរបស់ម្ចាស់ស្រាដែលអួតថា ពូកែស័ក្តិសិទ្ធ ត្រូវរោគនេះ ត្រូវរោគនោះ ជាពិសេស ត្រូវរោគពួកបុរសៗ ។ ប៉ុន្តែស្រាថ្នាំនេះ ហាក់ពុំមានប្រវត្តិច្បាស់ ឬពុំមានអាជ្ញាប័ណ្ណទេ ។

លោកអភិបាលក្រុងបានបញ្ជាក់ថា បច្ចុប្បន្ន លោកបានឃើញគេបង្ហោះលក់ស្រាថ្នាំនេះព្រោងព្រាតនៅក្នុងក្រុងបាត់ដំបង ។ មិនតែប៉ុណ្ណោះ អាជីវករ ឬអ្នកលក់ដូរមួយចំនួនបានទិញយកមកដាក់តាំងលក់បន្តជាសាធារណៈនៅតាមទីប្រជុំជន ឬនៅតាមទីផ្សារនានាផង ដោយគ្មានត្រូវពិនិត្យច្បាស់លាស់ពីមន្ត្រីជំនាញ ទើបលោកបញ្ជាឲ្យសមត្ថកិច្ចចុះត្រួតពិនិត្យ និងរារាំងមិនអនុញ្ញាតឲ្យយកស្រាថ្នាំ«យាយនឿន» ដែលគ្មានប្រវត្តិ គ្មានអាជ្ញាប័ណ្ណនេះ មកដាល់លក់ជាសាធារណៈបន្តទៀតឡើយ ។
លោក លាង វាសនា បានបញ្ជាក់ផងដែរ អំពីមូលហេតុដែលលោកចុះហាមឃាត់មិនអនុញ្ញាតឲ្យដាក់តាំងលក់ស្រាថ្នាំគ្មានច្បាប់ទម្លាប់ គ្មានការត្រួតពិនិត្យពីមន្ត្រីជំនាញខាងលើនេះ ដើម្បីបង្ការ ឬទប់ស្កាត់ និងចៀសវាងបង្កផលប៉ះពាល់ដល់សុខភាពបងប្អូនប្រជាពលរដ្ឋ ។

ជាពិសេស បងប្អូនបុរសដែលនិយមទទួលទានស្រាថ្នាំ ដែលគ្មានប្រភពច្បាស់លាស់នេះ ដែលគេល្បីតៗគ្នាថា «ជំនួយផ្លូវភេទ» ។ យ៉ាងណាក្ដី តាមរយៈកោះសន្តិភាព លោក លាង វាសនា បានអំពាវនាវដល់បងប្អូនអាជីវករក្ដី ឬអ្នកលក់ដូរតាមទីសាធារណៈក្ដី សូមមេត្តាបញ្ឈប់ការនាំចូលស្រាថ្នាំ ដែលពុំមានប្រភពច្បាស់លាស់ និងគ្មានច្បាប់អនុញ្ញាត ខាងលើនេះ យកមកដាក់លក់នៅក្នុងក្រុងបាត់ដំបងបន្តទៀតដរាបណា មិនទាន់មានការត្រូវពិនិត្យ ឬមានការវាតម្លៃច្បាស់លាស់ពីមន្ត្រីជំនាញ ។ ព្រោះវាអាចធ្វើឲ្យប៉ះពាល់ដល់សុខភាពក្នុងរយៈពេលយូរអង្វែង ។
លោកបានបន្ថែមថា លោកនឹងបើកកិច្ចប្រជុំមួយ នៅថ្ងៃទី០៥ វិច្ឆកា ជាមួយនឹងគណៈបញ្ជាការកងឯកភាពក្រុងបាត់ដំបង ដើម្បីស្នើឲ្យមានការចុះតាមដានត្រួតពិនិត្យចំពោះអ្នកលក់ស្រាថ្នាំនេះ ហើយបើរកឃើញទីតាំងលក់ លោកនឹងបញ្ជាឲ្យសមត្ថកិច្ចដកហូត និងចាត់ការតាមនីតិវិធី ៕

ចែករំលែកព័តមាននេះ