សម្តេចធិបតីឲ្យថែរក្សាជំនាញចាក់ស្លឹករឹត ព្រោះជាកេរ្តិ៍មរតកដូនតា
- ភ្នំពេញ
រាជធានីភ្នំពេញ ៖ សម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃកម្ពុជា បានឲ្យថែរក្សាអ្នកមានជំនាញចាក់ស្លឹករឹតដែលជំនាញមួយជាកេរ្តិ៍មរតកដូនតាយើងពីដើម ហើយមិនសូវមានអ្នកចាក់នោះទេ ។

ថ្លែងក្នុងពិធីពិព័រណ៌ខួប១០០ឆ្នាំនៃបណ្ណសារដ្ឋានជាតិនៃកម្ពុជា នាព្រឹកថ្ងៃទី៤ ខែវិច្ឆិកា ឆ្នាំ២០២៦ ស្ថិតនៅសង្កាត់ស្រះចក ខណ្ឌដូនពេញ រាជធានីភ្នំពេញ សម្តេចធិបតី ហ៊ុន ម៉ាណែត បានលើកឡើងថា «ឥលូវសូមឲ្យក្រសួងវប្បធម៌ធ្វើការប្រមូលអ្នក ចាក់ស្លឹករឹតដូចជាមានសមាគមន៍ ហើយកម្មវិធី១លាន៥សែនយើងមានទម្លាក់ថវិកាយកទៅបណ្តុះបណ្តាល មានទាំងឲ្យលុយសិស្សទៀត ។ អីញ្ចឹង មិនចាំបាច់ទាល់តែមកក្រសួងវប្បធម៌វិចិត្រសិល្បៈ ទើបរៀនបាន គឺយើងត្រូវស៊ីញ៉េកុងត្រាមួយកន្លែងនឹងឲ្យគាត់បណ្តុះបណ្តាលហើយយើងពិនិត្យជាមួយគ្នា ។ គាត់បណ្តុះអ្នកចាក់ស្លឹករឹត ហើយលោកគ្រូនោះធ្វើជាគ្រូតែម្តងព្រោះថា យើងមានធនធានហើយ» ។
សម្តេចធិបតីនាយករដ្ឋមន្ត្រីបានលើកឡើងថា យើងត្រូវចងក្រងជំនាញចាក់ស្លឹករឹតនេះ ព្រោះវាជំនាញដូនតា ។ ចាក់ស្លឹករឹតមិញ ខ្ញុំឃើញសរសើគាត់ គាត់យកមេដៃជាគោលសរសេរឆ្លាក់ស្អាត ។ អីញ្ចឹងជំនាញនេះ ត្រូវថែទាំ ហើយបើមានសាលាស្រាប់មើល និងសូមឲ្យក្រសួងធ្វើការស្រាវជ្រាវថាតើនៅទូទាំងប្រទេសមានកន្លែងណាខ្លះនៅបន្តវប្បធម៌ចាក់ស្លឹករឹត ។

សម្តេចធិបតីនាយករដ្ឋមន្ត្រីបានគូសបញ្ជាក់ថា៖«ចាក់ស្លឹករឹតជាជំនាញកម្រមួយរបស់យើង ព្រោះថា នៅពេលឥលូវនេះ នៅសាលារដ្ឋមានការពិបាក ដោយសារអត់មានគ្រូ ហើយបើកសាលាអត់មានសិស្សរៀន អីញ្ចឹង យើងមានការពិបាកអីញ្ចឹងបើមានសាលាបង្រៀនហើយ ទោះបីជានៅក្នុងសហគមន៍ក៏ដោយ យើងធ្វើជាដៃគូរជាមួយគាត់ទៅ មិនចាំបាច់ធ្វើខ្លួនឯងទាំងអស់នោះទេ» ។
សម្តេចធិបតីនាយករដ្ឋមន្ត្រីបានបន្ថែមថា យើងធ្វើការជាមួយគាត់វាមិនត្រឹមតែថែរក្សាទេ តែជួយជាថវិកា និងលើកទឹកចិត្តដល់សិស្សឲ្យមករៀន ហើយបានផលគឺវប្បធម៌របស់យើងបន្សល់ទុកតទៅទៀត ។ មិនថា បង្រៀននៅសាលារដ្ឋ សាលាឯកជន ឬសហគមន៍ទេសុទ្ធតែខ្មែរបង្រៀនខ្មែរ ដែរក្សាកេរ្តិ៍តំណែលនិងជំនាញដូនតាយើងបានល្អ ។
សម្តេចធិបតីនាយកដ្ឋមន្ត្រីបានសង្កត់ធ្ងន់ថា៖ «អីញ្ចឹងសូមឲ្យមើលករណីស្លឹករឹតនេះ មួយ ដោយថ្ងៃមុន ខ្ញុំបានឲ្យឯកឧត្តម ថោង ខុន ធ្វើការប្រមូលចងក្រងក្បាច់គុណឡើងវិញ ។ គ្រូណាមានក្បាច់អ្វីនៅតាមតំបន់ ប្រមូលដើម្បីចងក្រងស្រាវជ្រាវហើយ បង្កើតកម្មវិធីប្រកួតប្រជែង ។ លូវយើងមានការប្រកួតសរសេរតាមអាន ថ្ងៃក្រោយយើងប្រកួតសរសេរស្លឹករឹត» ៕

ចែករំលែកព័តមាននេះ