ទីក្រុងបាងកក ៖ នាយកដ្ឋានបង្ការ និងកាត់បន្ថយគ្រោះមហន្តរាយ នៃក្រសួងមហាផ្ទៃថៃ កាលពីដើមសប្តាហ៍នេះ បានណែនាំដល់ពលរដ្ឋទាំងអស់ឱ្យរៀបចំកាបូប ឬកញ្ចប់សម្ភារសង្គ្រោះបន្ទាន់ ដើម្បីទប់ទល់នឹងគ្រោះមហន្តរាយធម្មជាតិ ព្រមទាំងហេតុការណ៍ដែលកើតឡើងដោយយថាហេតុ។
នាយកដ្ឋានបានផ្តល់ការណែនាំថា គ្រប់គ្រួសារគួរតែរក្សាទុកការផ្គត់ផ្គង់សំខាន់ៗឱ្យបានរួចរាល់ ដើម្បីបំពេញតម្រូវការមូលដ្ឋានអំឡុងរយៈពេល ៧២ ម៉ោងដំបូង បន្ទាប់ពីមានគ្រោះមហន្តរាយ ឬអាសន្ន ដោយបានសង្កត់ធ្ងន់ថា ត្រូវតែមានការប្រុងប្រយ័ត្នខ្ពស់ ប៉ុន្តែកុំស្លន់ស្លោ។ រយៈពេលនេះ ត្រូវបានចាត់ទុកថាមានសារៈសំខាន់ខ្លាំង ដោយសារពលរដ្ឋអាចនឹងត្រូវការពារខ្លួនឯង អំឡុងពេលដែលអាជ្ញាធរកំពុងកៀរគរ ក៏ដូចជាកិច្ចប្រឹងប្រែងសង្គ្រោះ។
នាយកដ្ឋានក៏បានណែនាំទៀតថា តាមគ្រួសារនីមួយៗ គួរតែបញ្ចូលរបស់របរចាំបាច់ចំនួន ៦ ប្រភេទក្នុងកញ្ចប់សម្ភារសង្គ្រោះបន្ទាន់ រួមមាន វេជ្ជសាស្ត្រ និងថ្នាំសង្កូវ, អាហារ និងទឹក, ឧបករណ៍ទំនាក់ទំនង និងឧបករណ៍ប្រើប្រាស់, ឯកសារ និងសាច់ប្រាក់, ការធ្វើអនាម័យ ក៏ដូចជាសម្លៀកបំពាក់។
អគ្គនាយកនៃនាយកដ្ឋានខាងលើបានបញ្ជាក់ថា ប្រទេសជាច្រើនបានណែនាំពលរដ្ឋរបស់ពួកគេឱ្យស្តុកទុកអាហារ ថ្នាំសង្កូវ និងសម្ភារៈចាំបាច់ឱ្យបានគ្រប់គ្រាន់សម្រាប់រយៈពេល ៧២ ម៉ោង ចំពេលមានការបារម្ភជុំវិញជម្លោះនៅមជ្ឈិមបូព៌ា។ ទោះបីជាប្រទេសថៃមិនស្ថិតក្នុងចំណោមប្រទេស ដែលតម្រូវឱ្យត្រៀមលក្ខណៈសម្រាប់សេណារីយ៉ូបែបនេះក៏ដោយ ប៉ុន្តែការមានកញ្ចប់សម្ភារៈសង្គ្រោះបន្ទាន់ នៅតែជាការប្រុងប្រយ័ត្នជាមូលដ្ឋាន ដែលនាយកដ្ឋានតែងតែជំរុញដើម្បីលើកកម្ពស់ការយល់ដឹងជាសាធារណៈ។
លោកបន្តថា វាមិនត្រឹមតែជាការត្រៀមលក្ខណៈ សម្រាប់ស្ថានភាពពាក់ព័ន្ធនឹងជម្លោះអន្តរជាតិប៉ុណ្ណោះទេ ប៉ុន្តែថែមទាំងសម្រាប់គ្រោះមហន្តរាយធម្មជាតិផ្សេងៗ និងគ្រោះអាសន្នដទៃទៀត រួមមាន ទឹកជំនន់ភ្លាមៗ ទឹកជំនន់ហូរធ្លាក់ពីតំបន់ភ្នំ ការបាក់ដី និងភក់ ការរញ្ជួយដី និងការរីករាលដាលនៃជំងឺឆ្លង ព្រមទាំងឧប្បត្តិហេតុនានាបង្កឡើងដោយមនុស្ស ដូចជា គ្រោះអគ្គិភ័យ កុបកម្ម និងសកម្មភាពបំផ្លិចបំផ្លាញជាដើម៕ ប្រភព ៖ VNA


ចែករំលែកព័តមាននេះ