អគារសន្តិភាពក្នុងសារមន្ទីរតេជោសន្តិភាព ជាផ្នែកមួយសម្រាប់សារធារណជនយល់ដឹងពីប្រវត្តិសាស្ត្រ វប្បធម៌ និងកិច្ចការកម្ចាត់មីននៅកម្ពុជា
- សៀមរាប
ខេត្តសៀមរាប ៖ នៅថ្ងៃទី ៣ ខែវិច្ឆិកា ឆ្នាំ ២០២៦ ដំណើរទស្សនកិច្ចសារព័ត៌មាន បានបន្តដំណើរដើម្បីស្វែងយល់ពីសារមន្ទីរតេជោសន្តិភាព ដែលគ្រប់គ្រងដោយមជ្ឈមណ្ឌលសកម្មភាពកម្ចាត់មីនកម្ពុជា (CMAC) នៅក្នុងខេត្តសៀមរាប ដែលកំពុងបន្តការសាងសង់ និងបញ្ចប់នាពេលដ៏ខ្លីខាងមុខ ។

យោងតាម លោក យ៉ាកូ តំណាងមកពីការិយាល័យ JICA ប្រចាំប្រទេសកម្ពុជា បានឱ្យដឹងថា ៖ «ក្នុងដំណើរទស្សនកិច្ចសារព័ត៌មានស្តីពីជំនួយអភិវឌ្ឍន៍ផ្លូវការ (ODA) នាពេលនេះ គឺបានបង្ហាញយ៉ាងច្បាស់ថា ប្រទេសជប៉ុន និងប្រទេសកម្ពុជា នៅតែបន្តកិច្ចសហប្រតិបត្តិការលើវិស័យនានាជាច្រើន អស់រយៈពេលជាយូរណាស់មកហើយ ។ កិច្ចសហប្រតិបត្តិការនេះ មានវិសាលភាពយ៉ាងទូលំទូលាយ ដោយរួមមានការអភិវឌ្ឍហេដ្ឋារចនាសម្ព័ន្ធ ដូចជា ផ្លូវថ្នល់ ស្ពាន កំពង់ផែ និងប្រព័ន្ធធារាសាស្ត្រប៉ុណ្ណោះទេ ព្រមទាំងវិស័យសុខាភិបាល និងវេជ្ជសាស្ត្រ ការអប់រំ ការអភិវឌ្ឍធនធានមនុស្ស និងការកសាងសន្តិភាពផងដែរ» ។

លោក យ៉ាកូ បន្តថា ក្នុងចំណោមគម្រោងមួយនៃគម្រោង ODA លោកស្រីនឹងទស្សនាសកម្មភាពរបស់ CMAC ក្នុងការដោះស្រាយបញ្ហាមីនផងដែរ ។ ប្រទេសកម្ពុជាបានប្រឈមមុខនឹងបញ្ហាមីន អស់រយៈពេលជាច្រើនទសវត្សរ៍មកហើយ ហើយក្នុងដំណើរការនោះ កម្ពុជាបានប្រមូលផ្តុំនូវបទពិសោធន៍ និងចំណេះដឹងជាច្រើន ។ បច្ចុប្បន្ននេះ បទពិសោធន៍ និងបច្ចេកទេសទាំងនោះ ក៏ត្រូវបានយកទៅប្រើប្រាស់ក្នុងការដោះស្រាយបញ្ហាមីន និងគ្រាប់មិនទាន់ផ្ទុះ ព្រមទាំងការបណ្តុះបណ្តាលធនធានមនុស្ស នៅក្នុងប្រទេសដទៃទៀតផងដែរ ។

លោក អ៊ុង រស្មី អនុប្រធានរដ្ឋបាល និងគ្រប់គ្រងព័ត៌មានវិទ្យានៃមជ្ឈមណ្ឌលសកម្មភាពកម្ចាត់មីនកម្ពុជា បានឱ្យដឹងថា ៖ «គម្រោងកំពុងសាងសង់ អគារសន្តិភាពនេះ ជាជំនួយឥតសំណងរបស់រាជរដ្ឋាភិបាលជប៉ុន ជូនរាជរដ្ឋាភិបាលកម្ពុជា ក្រោមទំហំទឹកប្រាក់ ២ ៧០៥១លានយ៉េន(ជប៉ុន) ។ សារមន្ទីរនេះបានរួមចំណែកយ៉ាងសំខាន់ ក្នុងការផ្សព្វផ្សាយការយល់ដឹងពីវិស័យសកម្មភាពកម្ចាត់មីននៅកម្ពុជា តាមរយៈការទទួលស្វាគមន៍សាធារណជននិងសិស្សានុសិស្ស ឱ្យចូលមកទស្សនា សិក្សាពីប្រវត្តិសាស្ត្រ និងបណ្តុះការយល់ដឹងអំពីសារៈសំខាន់នៃសន្តិភាព និងការស្តារឡើងវិញបន្ទាប់ពីជម្លោះ» ។

លោក អ៊ុង រស្មី បន្តថា អគារនេះគឺជាទឹកតាងមួយដើម្បីបង្ហាញទៅដល់មហាជន ឱ្យឃើញជំនួយដ៏ថ្លៃថ្លានេះគឺមកពីប្រទេសជប៉ុន ដើម្បីបង្ហាញពីសន្តិភាពទៅកាន់សកលលោក ។ លោកថា អគារសន្តិភាពនេះនឹងដាក់សម្ពោធនៅថ្ងៃទី ៣ ខែធ្នូ ឆ្នាំ ២០២៦ ក្រោមអធិបតីភាពសម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត និងភាគីខាងជប៉ុនផងដែរ ។

សូមជម្រាបជូនផងដែរ នៅក្នុងអគារសន្តិភាព មានតាំងបង្ហាញរូបភាពឯកសារ នូវរឿងរ៉ាវ គ្រប់ដំណាក់កាលតាំងពីការកកើតសង្គ្រាមស៊ីវិលនៅក្នុងប្រទេសកម្ពុជា ដែលអាចឱ្យសាធារណជនបានឃើញ នូវរូបភាពនៃកាំភ្លើងធំនិងតូច គ្រាប់បែកគ្រប់ប្រភេទ និងការបង្ហាញនូវវីដេអូខ្លីរបស់ប្រជាពលរដ្ឋដែលបានរងទុក្ខ និងពិការដោយសារគ្រាប់បែក និងសង្គ្រាម ៕














ចែករំលែកព័តមាននេះ