ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

​អាម៉េរិកវាយប្រហារកោះអ៊ីរ៉ង់ ដោយអះអាងថាជាសកម្មភាពការពារខ្លួន

14 ម៉ោង មុន

ទីក្រុងវ៉ាស៊ីនតោន៖ សហរដ្ឋអាម៉េរិកបានបើកការវាយប្រហារលើកោះ Qeshm របស់អ៊ីរ៉ង់ ស្ថិតនៅក្នុងច្រកសមុទ្រហ័រមូស កាលពីថ្ងៃទី២ ខែវិច្ឆិកា ដោយមន្ត្រីអាម៉េរិកអះអាងថា ជាវិធានការការពារខ្លួន មិនមែនជាការចាប់ផ្ដើមប្រតិបត្តិការយោធាទ្រង់ទ្រាយធំឡើងវិញនោះទេ។ នេះបើយោងតាមការចុះផ្សាយរបស់សារព័ត៌មាន Reuters នៅថ្ងៃទី៣ ខែវិច្ឆិកា ឆ្នាំ២០២៦។

មន្ត្រីអាម៉េរិកម្នាក់បានឱ្យដឹងថា ការវាយប្រហារនេះមានទំហំកំណត់ ខណៈមន្ត្រីម្នាក់ទៀតបានបញ្ជាក់ថា វាជាការឆ្លើយតបទៅនឹងសកម្មភាពរបស់អ៊ីរ៉ង់ ដែលបានប្រើមីស៊ីលពីដីទៅអាកាសប្រឆាំងនឹងទ្រព្យសម្បត្តិរបស់អាម៉េរិក។

មុនការបញ្ជាក់ពីមន្ត្រីអាម៉េរិក ទីភ្នាក់ងារសារព័ត៌មានរដ្ឋអ៊ីរ៉ង់ IRNA បានរាយការណ៍ថា មានសំឡេងផ្ទុះជាច្រើនលើកនៅលើកោះ Qeshm។ ចំណែកសារព័ត៌មាន Fox News បានរាយការណ៍ដោយដកស្រង់ប្រភពមន្ត្រីថា ការវាយប្រហារនេះធ្វើឡើងជាការការពារខ្លួន បន្ទាប់ពីអ៊ីរ៉ង់បាញ់ប្រហារទៅលើយន្តហោះអាម៉េរិក។

ក្នុងរយៈពេលប៉ុន្មានសប្ដាហ៍ចុងក្រោយនេះ ប្រធានាធិបតីអាម៉េរិក លោក ដូណាល់ ត្រាំ បានបង្ហើបអំពីលទ្ធភាពនៃការបន្តវាយប្រហារលើអ៊ីរ៉ង់ ក្រោយការបោះឆ្នោតពាក់កណ្ដាលអាណត្តិនៅថ្ងៃទី៣ ខែវិច្ឆិកា។ ទោះជាយ៉ាងណា ក្រោយថ្លែងសុន្ទរកថាកាលពីថ្ងៃចន្ទ លោកបានបង្ហាញសញ្ញាថា អាចនឹងកំពុងពិចារណាឡើងវិញចំពោះជំហរនេះ។

ដោយឡែក មន្ទីរបញ្ចកោណបានបញ្ជូនសំណើសុំការអត្ថាធិប្បាយទៅកាន់បញ្ជាការដ្ឋានកណ្តាលអាម៉េរិក ដែលទទួលខុសត្រូវលើកងកម្លាំងអាម៉េរិកនៅមជ្ឈិមបូព៌ា ប៉ុន្តែមិនទាន់ទទួលបានការឆ្លើយតបនៅឡើយទេ ខណៈស្ថានការណ៍រវាងប្រទេសទាំងពីរនៅតែមានភាពតានតឹង៕