ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

សមត្ថកិច្ច​ខេត្តមណ្ឌលគិរី ឃាត់ខ្លួន​ជនសង្ស័យ៦​នាក់ ករណី​លួច​កាត់​ខ្សែភ្លើង​នៅ​តំបន់​បិទ​ខ្ទប់

12 ម៉ោង មុន

ខេត្តមណ្ឌលគិរី ៖ យ៉ាង​ហោច​ណាស់​ជនជាតិ​វៀតណាម​ម្នាក់​​ និង​បក្ខពួក​៥​នាក់​ទៀត ​ត្រូវ​កម្លាំង​អធិការដ្ឋាន​នគរបាល​ស្រុក​អូរ​រាំង សហការ​ជាមួយ​កម្លាំង​ជំនាញ​ព្រហ្មទណ្ឌ និង​អធិការដ្ឋាន​នគរបាល​ក្រុង​សែន​មនោ​រម្យ ឃាត់ខ្លួន​ក្នុង​ករណី​លួច​កាត់​ខ្សែភ្លើង​​ ។

ប្រតិបត្តិការ​នេះ​ បាន​ធ្វើ​ឡើង​កាលពី​វេលា​ម៉ោង១៥និង០០​នាទីថ្ងៃ​ទី​១ ខែវិច្ឆិកា ឆ្នាំ​២០២៦ នៅ​ចំណុច​ផែស្ងួត (​តំបន់​A​អតីត​អគារ​អន​ឡាញ​) ស្ថិត​ក្នុងភូមិ​ពូ​ឆប ឃុំ​ដាក់​ដាំ ស្រុក​អូរ​រាំង ខេត្តមណ្ឌលគិរី ​។

សេចក្ដី​រាយ​ការ​បានឱ្យ​ដឹង​ថា វត្ថុ​តាង​ដែល​សមត្ថកិច្ច​ដកហូត​បាន រួម​មាន​ខ្សែភ្លើង​ចំនួន ៤​ដុំ (​ទម្ងន់​សរុប ៩២​គីឡូក្រាម​)​។ ​ម៉ូតូ​ម៉ាក Honda Dream ស៊េរី​ឆ្នាំ​២០២០ (​ឡើង​ស៊េរី​ឆ្នាំ​២០២២) ពណ៌​ខ្មៅ គ្មាន​ស្លាក​លេខ ចំនួន ១​គ្រឿង​, មួក​សុវត្ថិភាព ចំនួន ៣ និង​កាបូបស្ពាយ​ចំហៀង​ពណ៌​ខ្មៅ ចំនួន ១​ ។​ ឧបករណ៍​ធ្វើ​សកម្មភាព ​៖ ​កន្ត្រៃ​កាត់​ដែក (​មុខកាត់ ៦​សង់ទីម៉ែត្រ ប្រវែង ៤៥​សង់ទីម៉ែត្រ​) ចំនួន ១, កាំបិត​ចិតបន្លែ​ដង​ឈើ (​មុខកាត់ ២៦​សង់ទីម៉ែត្រ ដង​ឈើ ២១​សង់ទីម៉ែត្រ​) ចំនួន ១, ខ្នោះដៃ ចំនួន ១, ម៉ាស៊ីន​ផ្លុំ​សក់ ចំនួន ១ និង​ខ្សែ​សាក​ទូរ​សព្ទ​មួយ​ចំនួន ​។ វត្ថុ​តាង​ពាក់ព័ន្ធ​ផ្សេង​ទៀត​មាន​ទូរស័ព្ទ​ដៃ​ចំនួន ៦​គ្រឿង និង​ទូរស័ព្ទ​ខូច​ចំនួន ២​គ្រឿង (​រក​ឃើញ​ក្នុង​កាបូបស្ពាយ​)​។

បច្ចុប្បន្ន ជនសង្ស័យ​ទាំង ៦​នាក់ រួម​ជាមួយ​វត្ថុ​តាង ត្រូវ​បាន​ការិយាល័យ​ជំនាញ​ព្រហ្មទណ្ឌ កសាង​សំណុំរឿង​បញ្ជូន​ទៅ​សាលាដំបូង​ខេត្តមណ្ឌលគិរី ដើម្បី​ចាត់ការ​បន្ត​តាម​នីតិវិធី​ច្បាប់​ ៕​