ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

បេសកកម្មជាងកន្លះខែ៖ បង្ក្រាបក្រុមជនសង្ស័យផ្ទុះ.អា.វុ.ធ និងបោ.កគ្រា.ប់.បែ.កនៅក្រុងប៉ោយប៉ែត ឃាត់ខ្លួនជាង១០​នាក់

21 ម៉ោង មុន
  • បន្ទាយមានជ័យ

ខេត្តបន្ទាយមានជ័យ ៖ បេសកកម្ម​របស់​សមត្ថកិច្ច ដែល​បាន​ខិតខំ​ប្រឹងប្រែង​ទាំង​យប់​ទាំង​ថ្ងៃ សហការ​បង្ក្រាប​ក្រុម​ក្មេង​ទំនើង​ដែល​ប្រើ​អំពើ​ហិង្សា ឈាន​ដល់​ការ​ផ្ទុះអាវុធ និង​បោក​គ្រាប់បែក នៅ​ក្រុង​ប៉ោយ​ប៉ែ​ត ខេត្តបន្ទាយមានជ័យ កាលពី​យប់​ថ្ងៃ​ទី​១៦ ខែតុលា ឆ្នាំ​២០២៦ គិត​មក​ដល់​ថ្ងៃ​ទី​០២ ខែវិច្ឆិកា ឆ្នាំ​២០២៦​នេះ មាន​រយៈពេល​ជាង​កន្លះ​ខែ​មក​ហើយ លទ្ធផល​ចាប់ខ្លួន​ជន​សង្ស័យ​ជាង​១០​នាក់ ក្នុង​នោះ​ មាន​មេខ្លោង​ម្នាក់​ឈ្មោះ ខ្នាន់ ជា​អ្នក​បោក​គ្រាប់បែក និង​នៅ​សេសសល់​២​នាក់​ទៀត​កំពុង​គេចខ្លួន ។

តាម​ការ​បង្ហើប​ឲ្យ​ដឹង​ពី​មន្ត្រី​នាយកដ្ឋាន​នគរបាល​ព្រហ្ម​ព​ទណ្ឌនៃ​អគ្គស្នងការដ្ឋាន​នគរបាល​ជាតិ​បាន​ឲ្យ​ដឹង​ថា ចំពោះ​ការងារ​ស្រាវជ្រាវ​សហការ​បង្ក្រាប​ក្រុម​ក្មេង​ទំនើង​ដែល​នៅ​សល់​២​នាក់​ទៀត ត្រូវ​បាន​ថ្នាក់លើ​អនុញ្ញាត​ឲ្យ​កម្លាំង​ជំនាញ​នាយកដ្ឋាន​នគរបាល​ព្រហ្មទណ្ឌ​សម្រាក​​សិន ដើម្បី​បន្ត​ស្រាវជ្រាវ​បទល្មើស​ឧក្រិដ្ឋ​ផ្សេង​ទៀត និង​ទុក​ឲ្យ​កម្លាំង​សមត្ថកិច្ច​នៃ​ស្នងការដ្ឋាន​នគរបាល​ខេត្តបន្ទាយមានជ័យ ជា​ម្ចាស់​ករណី​បន្ត​តាម​ប្រមាញ់ មិន​ឲ្យ​គេច​ផុត​ពី​សំណាញ់​ច្បាប់ ។

ដោយ​អនុវត្ត​តាម​បទបញ្ជា​របស់​ឯកឧត្តម នាយ​ឧត្តមសេនីយ៍ ស ថេ​ត អគ្គស្នងការ​នគរ​បាល​ជាតិ កម្លាំង​នាយកដ្ឋាន​នគរបាល​ព្រហ្មទណ្ឌ បង្ក្រាប​ករណី​ផ្ទុះអាវុធ និង​បោក​គ្រាប់បែក នៅ​ក្រុង​ប៉ោយ​ប៉ែ​ត​កាលពី​ថ្ងៃ​ទី​១៦ ខែតុលា ឆ្នាំ​២០២៦ វេលា​ម៉ោង​០០​និង​២២​នាទី​អធ្រាត្រ នៅ​ចំណុច​សង្កាត់​ប៉ោយ​ប៉ែ​ត ខេត្តបន្ទាយមានជ័យ មាន​ជនសង្ស័យ​ចំនួន​២​ក្រុម បាន​ធ្វើ​សកម្មភាព​កាប់​គ្នា​ទៅ​វិញ​ទៅ​មក បន្ទាប់​មក​ក៏​មាន​ឮ​សំឡេង​ផ្ទុះអាវុធ​ចំនួន​២​គ្រាប់ និង​ផ្ទុះ​គ្រាប់បែកដៃ​(Model: 82-2 ផលិត​នៅ​ប្រទេស​ចិន​) ចំនួន​១​គ្រាប់ នៅ​សង្កាត់​ប៉ោយ​ប៉ែ​ត ក្រុង​ប៉ោយ​ប៉ែ​ត ខេត្តបន្ទាយមានជ័យ ។ ភ្លាម​ៗ​នោះ សមត្ថកិច្ច​បាន​ឃាត់ខ្លួន​ជនសង្ស័យ​ចំនួន​៣​នាក់ ។

ក្រោយ​ពី​ទទួល​បាន​ព័ត៌មាន​ខាងលើ ដោយ​អនុវត្ត​តាម​បទបញ្ជា​របស់​លោក​ឧត្តមសេនីយ៍ឯក ង៉េ​ង ជួ ប្រធាន​នាយកដ្ឋាន​នគរបាល​ព្រហ្មទណ្ឌ កម្លាំង​ជំនាញ​នៃ​នាយកដ្ឋាន​នគរ​បាល​ព្រហ្មទណ្ឌ ដឹកនាំ​ដោយ​លោក​ឧត្តមសេនីយ៍ត្រី ហ៊ុន មុន្នី​រ័​ត្ន វរសេនីយ៍ឯក ហែម បូ​ណា និង​វរសេនីយ៍ឯក ឆាន់ គី​ម​លី អនុប្រធាន​នាយកដ្ឋាន បាន​ដឹកនាំ​សហការ​ជាមួយ​កម្លាំង​ជំនាញ នៃ​ស្នងការដ្ឋាន​នគរបាល​ខេត្តបន្ទាយមានជ័យ ខេត្តកំពង់ឆ្នាំង ខេត្តបាត់ដំបង ខេត្តព្រះវិហារ ខេត្តកំពង់ស្ពឺ អធិការដ្ឋាន​នគរបាល​ខណ្ឌ​បឹង​កេងកង ខណ្ឌមានជ័យ និង​ខណ្ឌទួលគោក នៃ​ស្នងការដ្ឋាន​នគរបាល​រាជធានី​ភ្នំពេញ ធ្វើការ​ស្រាវជ្រាវ​តាម​នីតិវិធី និង​ជំនាញ រហូត​កំណត់​បាន​អត្តសញ្ញាណ និង​ទីតាំង​លាក់ខ្លួន​របស់​ក្រុម​ជនសង្ស័យ​ខាងលើ​បន្ថែម​ទៀត ។

រហូត​ដល់​ថ្ងៃ​ទី​២៣ ខែតុលា ឆ្នាំ​២០២៦ កម្លាំង​ជំនាញ​បាន​បន្ត​ដឹកនាំ​សហការ ដោយ​ឃាត់ខ្លួន​បាន​ជនសង្ស័យ​ជា​បន្តបន្ទាប់ សរុប​ចំនួន​៧​នាក់​ទៀត ។ ជាមួយ​គ្នា​នេះ ដកហូត​វត្ថុ​តាង កាំភ្លើងខ្លី​១​ដើម​ម៉ាក Sig Sauer P365 នៅ​ចំណុច​ក្នុង​ស្រះ​ទឹក​មួយ​កន្លែង ស្ថិត​ក្នុងភូមិ​ព្រៃ​ទទឹង ឃុំ​ភ្នំ​តូច ស្រុក​មង្គលបុរី ខេត្តបន្ទាយមានជ័យ ។

ជនសង្ស័យ និង​វត្ថុ​តាង ត្រូវ​បាន​នាយកដ្ឋាន​នគរបាល​ព្រហ្មទណ្ឌ ប្រគល់​ឱ្យ​ស្នងការដ្ឋាន​នគរបាល​ខេត្តបន្ទាយមានជ័យ ដើម្បី​កសាង​សំណុំរឿង​បញ្ជូន​ទៅ​សាលាដំបូង​ខេត្តបន្ទាយមានជ័យតាម​នីតិវិធី ៕