សុខភាព៖ យោងតាមការចុះផ្សាយពីប្រភពបរទេស ការញ៉ាំពោតស្ងោរជំនួសបាយនៅពេលព្រឹក គឺជាជម្រើសមួយដែលមនុស្សជាច្រើននិយមធ្វើ ដើម្បីគ្រប់គ្រងទម្ងន់។ ទោះជាយ៉ាងណា អ្នកជំនាញអាហារូបត្ថម្ភបានព្រមានថា ការញ៉ាំតែពោតស្ងោររាល់ថ្ងៃ ដោយមិនបន្ថែមអាហារប្រភេទផ្សេង អាចធ្វើឱ្យរាងកាយខ្វះសារធាតុចិញ្ចឹមចាំបាច់មួយចំនួន។
ពោតជាអាហារដែលមានជាតិកាបូអ៊ីដ្រាត ប្រូតេអ៊ីន ជាតិខ្លាញ់មួយចំនួន ព្រមទាំងវីតាមីន និងសារធាតុរ៉ែផ្សេងៗ។ បើប្រៀបធៀបក្នុងបរិមាណ ១០០ ក្រាម ពោតមានថាមពលទាបជាងបាយស ប៉ុន្តែបញ្ហាសំខាន់មិនមែនស្ថិតនៅលើចំនួនកាឡូរីតែមួយមុខនោះទេ គឺស្ថិតនៅលើការរួមបញ្ចូលអាហារឱ្យមានតុល្យភាពផងដែរ។
អ្នកជំនាញបានពន្យល់ថា អ្នកដែលញ៉ាំពោតស្ងោរជាអាហារពេលព្រឹកភាគច្រើនតែងញ៉ាំតែមួយ ឬពីរផ្លែ ដោយមិនបានបន្ថែមបន្លែ សាច់ ត្រី ឬស៊ុត។ ដូច្នេះ អាចធ្វើឱ្យអាហារខ្វះប្រូតេអ៊ីន និងសារធាតុចិញ្ចឹមផ្សេងៗ។ ការញ៉ាំបាយជាមួយម្ហូបដែលមានសាច់ បន្លែ ឬត្រី អាចផ្ដល់សារធាតុចិញ្ចឹមចម្រុះជាងការញ៉ាំតែពោតមួយមុខ។
ទោះជាយ៉ាងណា មិនចាំបាច់បញ្ឈប់ការញ៉ាំពោតនោះទេ គ្រាន់តែគួរផ្លាស់ប្ដូរមុខម្ហូបឱ្យបានចម្រុះ និងមិនគួរញ៉ាំតែមួយមុខជារៀងរាល់ថ្ងៃ។ ពោតអាចយកទៅចម្អិនជាស៊ុបជាមួយសាច់មាន់ និងបន្លែ ឬធ្វើជាសម្លពោតខ្ចីជាមួយសាច់ជ្រូកចិញ្ច្រាំ និងឆ្អឹងជំនីជ្រូក ដើម្បីបន្ថែមប្រូតេអ៊ីន និងសារធាតុចិញ្ចឹមផ្សេងៗ។
ជារួម ការញ៉ាំពោតស្ងោរពេលព្រឹកអាចជាផ្នែកមួយនៃរបបអាហារដែលមានតុល្យភាព ប៉ុន្តែមិនគួរប្រើជំនួសអាហារចម្រុះជារៀងរាល់ថ្ងៃនោះទេ។ អ្វីដែលសំខាន់ គឺត្រូវរៀបចំអាហារឱ្យមានទាំងកាបូអ៊ីដ្រាត ប្រូតេអ៊ីន បន្លែ និងសារធាតុចិញ្ចឹមផ្សេងៗ ដើម្បីជួយថែរក្សាសុខភាព និងគ្រប់គ្រងទម្ងន់បានល្អ៕
ចែករំលែកព័តមាននេះ