ទីក្រុងឡុង៖ បុរសអ្នកផ្សងព្រេងជនជាតិអង់គ្លេសម្នាក់បានបញ្ចប់ក្ដីសុបិនដ៏អស្ចារ្យនៅក្នុងឆាកជីវិតរបស់គាត់ក្នុងការធ្វើដំណើរជុំវិញពិភពលោកដោយចំណាយពេល២៨ឆ្នាំ។ សូមបញ្ជាក់ថានោះជាការធ្វើដំណើរដោយថ្មើរជើងសុទ្ធសាធនៅលើចម្ងាយផ្លូវសរុប៣,១ម៉ឺនម៉ាយ ឬ៤,៩៨ម៉ឺនគីឡូម៉ែត្រ។ គាត់បានបិទបញ្ចប់ដំណើរវិលជុំរបស់គាត់នៅឯគេហដ្ឋានមួយកន្លែងដែលគាត់បានធំដឹងក្ដីនៅទីនោះ។ លោកខាល ប៊ូស្ប៊ី (Karl Bushby) វ័យ៥៧ឆ្នាំ បានជម្នះឧបសគ្គជាច្រើន ទម្រាំគាត់អាចសម្រេចបានសមិទ្ធផលនេះ។ គាត់ត្រូវដើរឆ្លងកាត់ព្រៃក្រាស់នៅតំបន់អាមេរិកកណ្ដាល, ត្រូវឆ្លងកាត់វាលទឹកកកដែលស្ថិតនៅចន្លោះរដ្ឋអាឡាស់ស្កា ប្រទេសអាមេរិក និងប្រទេសរុស្ស៊ី។

កាលពីខែមុន គាត់ហែលកាត់ដៃសមុទ្រអង់គ្លេស (English Channel) នៅវគ្គផ្ដាច់ព្រ័ត្រដើម្បីឈានដល់ដំណើរវិលជុំចុងក្រោយរបស់គាត់។ អ្វីៗគ្រប់យ៉ាងធ្វើដោយខ្លួនគាត់សុទ្ធសាធ។ នៅពេលលោកទៅដល់ទីក្រុងហាល់ស៊ីធី (Karl Bushby) កាលពីមុននេះបន្តិច គេឃើញមនុស្សរាប់រយនាក់ដែលជាក្រុមអ្នកគាំទ្រលោកបានទះដៃហោរកញ្ជ្រៀវយ៉ាងកងរំពង ប្រៀបដូចជាការជួយត្រេកអរចំពោះការធ្វើបានសម្រេចនូវគោលដៅរបស់គាត់។ គាត់ប្រាប់ក្រុមអ្នកទាំងនោះថាបន្ទាប់ពីចំណាយពេល២៨ឆ្នាំ លោកអ្នកមិនអាចធ្វើឱ្យលើសពីនេះទៀតទេ។ សង្ឃឹមថានឹងបានជួបអ្នករាល់គ្នានៅពេលក្រោយទៀត។

និយាយតែត្រឹមនេះ គាត់ក៏ធ្វើដំណើរសំដៅទៅគេហដ្ឋានរបស់គ្រួសារគាត់ដែលមានម្ដាយ កូនប្រុសរបស់គាត់អាយុ៣៦ឆ្នាំ និងចៅស្រីអាយុ១២ឆ្នាំរង់ចាំការវិលត្រឡប់របស់គាត់។ លោកប៊ូស្ប៊ីធ្លាប់បម្រើការនៅក្នុងវរសេនាធំកងទ័ពឆ័ត្រយោងអង់គ្លេសកាលពីគាត់ស្ថិតនៅក្នុងវ័យម្ភៃឆ្នាំប្លាយ។ បន្ទាប់ពីបែកបាក់គ្រួសារជាមួយភរិយារបស់គាត់ គាត់គូសបន្ទាត់នៅលើផែនទីពិភពលោក និងចាប់ផ្ដើមដំណើរគោចរដ៏វែងអន្លាយរបស់គាត់ក្រោមការជំរុញ និងលើកទឹកចិត្តពីឪពុករបស់គាត់ដែលចង់ដឹងឱ្យប្រាកដថាតើអាចទៅរួចដែរឬទេ បើមនុស្សយើងដើរដោយថ្មើរជើងពីទីក្រុងឡុងទៅទីក្រុងញូយ៉ក។

នៅពេលចាប់ផ្ដើមចាកចេញដំណើរ លោកមានកៅស៊ូតង់ លុយពីរបីរយដុល្លារ និងកាមេរ៉ាធុនថោក១គ្រឿង។ គាត់ចាប់ផ្ដើមចេញដំណើរពីប្រទេសឈីលីកាត់ប្រទេសនានានៅទ្វីបអាមេរិក ឆ្លងពីរដ្ឋអាឡាស់ស្កាទៅទឹកដីរុស្ស៊ី។ បន្ទាប់មក បន្តដំណើរទៅម៉ុងហ្គោលី ចាក់ទៅប្រទេសចិន និងបកក្រោយទៅទ្វីបអឺរ៉ុបវិញបន្ទាប់ពីហែលកាត់សមុទ្រកាស់ស្ពាន (Caspian Sea)។ លោកនិយាយរំលឹកនៅពេលក្រោយមកទៀតថាពេលខ្លះការធ្វើដំណើរតែម្នាក់ឯងជាព្រឹត្តិការណ៍ដែលសឹងមិនគួរឱ្យជឿ។ ពេលខ្លះ ត្រូវដើរកាត់សមុទ្រខ្សាច់ ដើរជាច្រើនថ្ងៃ ជាច្រើនសប្ដាហ៍ មិនដឹងកោះត្រើយនៅឯណា។

ពេលខ្លះអាចធ្វើឱ្យយើងចង់បោះបង់ការតស៊ូម្ដងៗ។ នៅពេលដើរនៅលើមហាសមុទ្រទឹកកកអាកទិច (Arctic) ក៏ដូចគ្នានឹងករណីនេះទៀត។ តាមពិត ពីដំបូងដៃ លោកដាក់ផែនការថាត្រូវធ្វើដំណើរត្រឹមរយៈពេលដប់ឆ្នាំប៉ុណ្ណោះ។ ប៉ុន្តែគាត់ជួបប្រទះនឹងរឿងរ៉ាវមួយចំនួនដែលមិននឹកស្មានដល់។ គាត់ត្រូវគេចាប់ដាក់ឃុំមួយរយៈពេលខ្លីនៅប្រទេសប៉ាណាម៉ា។ នៅពេលឆ្លងដល់ម៉ិកស៊ីកូ គាត់ត្រូវគេគំរាមដល់ថ្នាក់យកកាំភ្លើងមកភ្ជង់ ហើយនៅពេលទៅដល់រុស្ស៊ី គាត់ត្រូវអាជ្ញាធរចាប់ដាក់ឃុំពីបទធ្វើដំណើរឆ្លងដែនខុសច្បាប់។ នេះមិនទាន់និយាយទៅដល់ការពន្យារពេលធ្វើដំណើរកាលពីឆ្នាំ២០០៨នៅសម័យវិបត្តិសេដ្ឋកិច្ចសាកល និងក្រោយមកទៀតមានវិបត្តិកូវីដ១៩រីករាលដាលពាសពេញពិភពលោក៕ ប្រភព៖ Reuters

ចែករំលែកព័តមាននេះ