ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

​ក្តីសង្ឃឹមពីកិច្ចចរចាបញ្ចប់សង្គ្រាមអាម៉េរិក-អ៊ីរ៉ង់ ទាញតម្លៃប្រេងធ្លាក់ជាង ៤%

2 អាទិត្យ មុន

​ទីផ្សារអន្តរជាតិ៖ តម្លៃប្រេងនៅលើទីផ្សារអន្តរជាតិបានធ្លាក់ចុះជាង ៤%​ នៅថ្ងៃទី២ ខែវិច្ឆិកា ឆ្នាំ២០២៦ បន្ទាប់ពីកិច្ចចរចារវាងមន្ត្រីអ៊ីរ៉ង់ និងកាតា ស្តីពីការបញ្ចប់សង្គ្រាមជាមួយអាម៉េរិក និងអ៊ីស្រាអែល បានបង្កើនក្តីសង្ឃឹមថា ការផ្គត់ផ្គង់ប្រេងនៅតំបន់មជ្ឈិមបូព៌ាអាចវិលត្រឡប់មករកភាពប្រក្រតីឡើងវិញ។ នេះបើយោងតាមការចុះផ្សាយរបស់សារព័ត៌មាន Reuters​។

តាមទិន្នន័យ​ តម្លៃប្រេងឆៅ Brent បានធ្លាក់ចុះ ៤,២% ឬ ៤,៧៩ដុល្លារ មកនៅត្រឹម ១០៨,៦៤ដុល្លារក្នុងមួយបារ៉ែល។ ចំណែកប្រេងឆៅអាម៉េរិក West Texas Intermediate (WTI) បានធ្លាក់ចុះ ៤,២% ឬ ៤,៤១ដុល្លារ មកនៅត្រឹម ៩៩,៧១ដុល្លារក្នុងមួយបារ៉ែល។

មន្ត្រីម្នាក់ដែលដឹងពីកិច្ចចរចាបានឱ្យដឹងថា អ្នកចរចាអ៊ីរ៉ង់បានបញ្ចប់កិច្ចពិភាក្សាជាមួយអ្នកសម្របសម្រួលកាតា ខណៈសេចក្តីព្រាងសំណើមួយកំពុងត្រូវបានចែកចាយ និងអាចមានកិច្ចប្រជុំបន្តទៀត។ រដ្ឋមន្ត្រីការបរទេសអ៊ីរ៉ង់ លោក អាបាស់ អារ៉ាក់ឈី ក៏បានបញ្ជាក់ថា ការពិភាក្សានៅតែបន្ត ហើយអ៊ីរ៉ង់ត្រៀមខ្លួនទាំងផ្នែកការពារជាតិ និងការទូត។

ទោះជាយ៉ាងណា ហានិភ័យនៃការរំខានការផ្គត់ផ្គង់ប្រេងនៅតែមាន ដោយសារការវាយប្រហារលើនាវាដឹកប្រេងដែលធ្វើដំណើរកាត់ច្រកសមុទ្រហ័រមូស និងការខូចខាតហេដ្ឋារចនាសម្ព័ន្ធថាមពល។ ចាប់តាំងពីសង្គ្រាមអ៊ីរ៉ង់ផ្ទុះឡើងនៅចុងខែកុម្ភៈ ពិភពលោកបានប្រើប្រាស់ស្តុកប្រេងបម្រុងអស់ជិត ១ពាន់លានបារ៉ែល ដែលបង្ហាញពីផលប៉ះពាល់យ៉ាងខ្លាំងដល់ការផ្គត់ផ្គង់ប្រេងសកល៕