ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

​សិស្សវិទ្យាល័យបារាំងត្រៀមបន្តបាតុកម្ម ក្រោយបើកសាលារៀនឡើងវិញ

1 ថ្ងៃ មុន

​ប្រទេសបារាំង៖ សិស្សវិទ្យាល័យ និងនិស្សិតនៅបារាំងកំពុងត្រៀមបន្តចលនាតវ៉ា បន្ទាប់ពីសាលារៀនបានបើកដំណើរការឡើងវិញនៅថ្ងៃទី២ ខែវិច្ឆិកា ឆ្នាំ២០២៦ ក្រោយសម្រាកវិស្សមកាលរដូវស្លឹកឈើជ្រុះរយៈពេល២សប្តាហ៍។ ក្រុមសិស្ស និងនិស្សិតមួយចំនួនបានអំពាវនាវឱ្យបិទសាលារៀនចាប់ពីថ្ងៃចន្ទ ឬថ្ងៃអង្គារ ដើម្បីបន្តដាក់សម្ពាធលើរដ្ឋាភិបាល។ នេះបើយោងតាមការចុះផ្សាយរបស់សារព័ត៌មាន Le Monde​។

តាមក្រសួងអប់រំបារាំង គិតត្រឹមព្រឹកថ្ងៃចន្ទ មានសាលារៀនចំនួន ៤១កន្លែង ឬស្មើនឹងប្រមាណ ១% នៃវិទ្យាល័យទូទាំងប្រទេស ត្រូវបានបិទ។ ចលនាតវ៉ានេះបានចាប់ផ្តើមតាំងពីពាក់កណ្តាលខែកញ្ញា និងរីកធំឡើងនៅថ្ងៃទី១៧ ខែតុលា ដោយមានការចូលរួមពីអ្នកតវ៉ាប្រឆាំងនឹងការកើនឡើងនៃថ្លៃរស់នៅ និងការធ្លាក់ចុះនៃសេវាសាធារណៈ។

ទោះជាយ៉ាងណា ចំនួនអ្នកចូលរួមបាតុកម្មនាពេលខាងមុខនៅមិនទាន់ច្បាស់នៅឡើយទេ ដោយសិស្សមួយចំនួនចាប់ផ្តើមស្ទាក់ស្ទើរ ខណៈសម្ពាធពីការប្រឡង និងការដាក់ពាក្យចូលសាកលវិទ្យាល័យកាន់តែខិតជិតមកដល់។ សិស្ស និស្សិត និងអ្នកគ្រប់គ្រងសាលារៀនកំពុងរង់ចាំមើលថា តើការអំពាវនាវឱ្យបន្តបិទសាលានឹងទទួលបានការគាំទ្រកម្រិតណា។

ចលនាតវ៉ានេះកំពុងព្យាយាមរក្សាសម្ពាធលើរដ្ឋាភិបាល ទោះបីជាអាជ្ញាធរបានបង្ហាញការប្តេជ្ញាចិត្តក្នុងការដោះស្រាយកង្វល់របស់យុវជនក៏ដោយ។ ការវិលត្រឡប់ចូលរៀនវិញនៅថ្ងៃទី២ ខែវិច្ឆិកា នឹងក្លាយជាចំណុចសំខាន់ក្នុងការបង្ហាញពីទិសដៅបន្តនៃចលនាតវ៉ារបស់សិស្ស និងនិស្សិតនៅបារាំង៕