ទីក្រុងតេអេរ៉ង់៖ រដ្ឋាភិបាលអុីរ៉ង់ប្រកាសនៅថ្ងៃនេះថាច្រកសមុទ្រហ័រម៉ូសយ៉ាងយូរត្រឹមតែពីរថ្ងៃប៉ុណ្ណោះ ខ្លួននឹងបើកដំណើរការដូចធម្មតាឡើងវិញ, សំខាន់ឱ្យតែអាមេរិកយល់ព្រមទទួលយកគ្រប់លក្ខខណ្ឌទាមទាររបស់ខ្លួន។ អ្នកនាំពាក្យក្រសួងការបរទេសអុីរ៉ង់ លោកអេស្មាអុីល បាកាអេ (Esmaeil Bagaei) មានប្រសាសន៍ថាអុីរ៉ងហ៊ាននិយាយថាប្រើពេលត្រឹមតែ២ថ្ងៃប៉ុណ្ណោះនឹងបើកដំណើរការច្រកហ័រម៉ូសឡើងវិញ។ នោះហើយជាការបង្ហាញថាអុីរ៉ង់មានសុឆន្ទៈល្អ។ យើងធ្លាប់បាននិយាយអំពីបញ្ហានេះពីមុនមកហើយ ប្រសិនបើលក្ខខណ្ឌរបស់អុីរ៉ង់ត្រូវគេអនុវត្តបានគ្រប់ជំហាន ពេលនោះការបើកច្រកហ័រម៉ូសឡើងវិញអាចទៅរួច ហើយបន្ទាប់ពីនោះ យើងនឹងបន្តចរចាគ្នាទៀតត្រឹមតែមួយរយៈពេលខ្លីប៉ុណ្ណោះនឹងឈានដល់កិច្ចព្រមព្រៀងជាស្ថាពរ។

អុ្នកនាំពាក្យរូបនេះបញ្ជាក់ថាឥឡូវនេះកំពុងតែមានការផ្ញើសារឆ្លើយឆ្លងគ្នាជាហូរហែ (រវាងអុីរ៉ង់) ជាមួយអាមេរិកតាមរយៈក្រុមប្រទេសអន្តរការី។ លោកថ្លែងបន្តទៀតថាអ្វីៗអាស្រ័យលើភាគីអាមេរិកជាអ្នកសម្រេចថាត្រូវទទួលយកតាមការទាមទាររបស់អុីរ៉ង់ ឬយ៉ាងណា។ បន្ទាប់ពីនោះ យើងអាចពិភាក្សាគ្នាថាតើត្រូវធ្វើអ្វីជាបន្តទៀត។ សូមជម្រាបថាចាប់តាំងពីតំបន់មជ្ឈិមបូព៌ាធ្លាក់ចូលទៅក្នុងភ្នក់ភ្លើងសង្គ្រាមកាលពីខែកុម្ភៈ អុីរ៉ង់ស្រវាចាប់យកច្រកសមុទ្រហ័រម៉ូសមកគ្រប់គ្រងផ្ដាច់មុខ និងវ៉ាងទីតែម្នាក់ឯង។ កប៉ាល់ណាចង់បើកឆ្លងកាត់ទីនោះត្រូវតែស្នើសុំការអនុញ្ញាតពីអុីរ៉ង់ជាមុនសិន។

ជាការពិត នៅលើកប៉ាល់ដឹកទំនិញ ឬដឹកប្រេងនីមួយៗសុទ្ធតែមានកងការពារ និងមានកាំភ្លើងកាន់សម្រាប់ការពារខ្លួន។ ប៉ុន្តែពួកគេមានគ្នាត្រឹមតែដប់ម្ភៃនាក់យ៉ាងច្រើន។ ដូច្នេះ មិនអាចតតាំងជាមួយឆ្មាំបដិវត្តអុីរ៉ង់បានឡើយ។ ឆ្លើយតបទៅនឹងសកម្មភាពរបស់ឆ្មាំបដិវត្តឥស្លាមដែលបាញ់ប្រហារកប៉ាល់ឆ្លងកាត់ច្រកសមុទ្រនោះ អាមេរិកបិទក៏អនុវត្តវិធានការបិទខ្ទប់ដែនសមុទ្រអុីរ៉ង់មិនឱ្យកប៉ាល់នានាបើកចេញចូលកំពង់ផែបានឡើយ។ កាលពីខែកញ្ញា អុីរ៉ង់បានបំផុសផែនការរយៈពេល៧ថ្ងៃដែលខ្លួនបានផ្ដាំផ្ញើតាមប្រទេសកាតា។ នៅក្នុងសំណើនោះ អុីរ៉ង់សន្យាថាប្រសិនបើអាមេរិកទទួលយកលក្ខខណ្ឌទាមទាររបស់ខ្លួន នៅថ្ងៃទី៦ ខ្លួននឹងបើកច្រកហ័រម៉ូសឡើងវិញ។

នៅក្នុងចំណោមការទាមទារទាំងនោះមានការបិទបញ្ចប់សង្គ្រាមនៅមជ្ឈិមបូព៌ាគ្រប់សមរភូមិ (ទាំងនៅយេម៉េន ហ្កាហ្សា លីបង់ និងទីកន្លែងដទៃទៀត), ការទាមទារឱ្យអាមេរិកអនុញ្ញាតឱ្យអុីរ៉ង់ប្រើប្រាស់សាច់ប្រាក់ដែលបានបង្កកទុកនៅបរទេស, ការទាមទារឱ្យអាមេរិកលុបចោលទណ្ឌកម្មសេដ្ឋកិច្ច និងការបិទបញ្ចប់ការបិទខ្ទប់កំពង់ផែអុីរ៉ង់។ នៅក្នុងបទសម្ភាសជាមួយទូរទស្សន៍អាល់ចាស៊ីរ៉ាដែលចាក់ផ្សាយកាលពីម្សិលមិញ រដ្ឋមន្ត្រីការបរទេសអុីរ៉ង់ លោកអារ៉ាក់ឈី មានប្រសាសន៍ថាអាមេរិកត្រូវតែទទួលយកច្រកសមុទ្រថ្មីដែលអុីរ៉ង់ និងអូម៉ង់បានគូសវាស និងព្រមព្រៀងគ្នារួចហើយ, ត្រូវតែលុបចោលទណ្ឌកម្មដែលដាក់បន្ថែមទៀតលើអុីរ៉ង់កាលពីប៉ុន្មានខែកន្លងទៅនេះ ហើយត្រូវតែបញ្ចុះចំនួនកងទ័ពនៅមជ្ឈិមបូព៌ា។

ចាប់តាំងពីខែសីហារៀងមក អាមេរិកបន្ថែមទណ្ឌកម្មលើអុីរ៉ង់ជាបន្តបន្ទាប់។ ប៉ុន្មានថ្ងៃចុងក្រោយនេះ អាមេរិក និងអុីស្រាអែលក៏បង្ហាញសញ្ញាថាខ្លួនអាចវាយប្រហារអុីរ៉ង់ជាថ្មីទៀត។ ពោលគឺត្រូវរង់ចាំដល់ប្រទេសទាំង២រៀបចំការបោះឆ្នោតចប់សព្វគ្រប់ជាមុនសិន។ អុីស្រាអែលបោះឆ្នោតរួចហើយ នៅតែអាមេរិកប៉ុណ្ណោះនឹងបោះឆ្នោតសភានៅសប្ដាហ៍នេះ។ ទោះជាមានការគំរាមបែបនេះក្ដី អុីរ៉ង់ប្រកាសថាខ្លួនប្រាកដជាមិននៅស្ងៀមឡើយ។ អ្នកនាំពាក្យអុីរ៉ង់ថាកងទ័ពរបស់ខ្លួននឹងប្រើប្រាស់វិធានការសរុបដើម្បីឆ្លើយតប។ លោកដូណាល់ត្រាំថ្លែងថាលើកនេះ លោកចង់ទម្លាក់គ្រាប់បែកលើតំបន់ភ្នំភាគកណ្ដាលប្រទេសអុីរ៉ង់ព្រោះសង្ស័យថានោះជាទីតាំងសម្ងាត់នុយក្លេអ៊ែរ៕ ប្រភព៖ AFP

ចែករំលែកព័តមាននេះ