ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

កម្ពុជាមិន​បោះបង់​បេសកកម្ម​បោសសម្អាត​គ្រាប់​មីន​បន្សល់​ពី​សង្គ្រាម​អតីតកាល ហើយ​ក៏​មិន​ព្រងើយកន្តើយ​ចំពោះ​ការ​គំរាមកំហែង​ថ្មី

3 អាទិត្យ មុន

រាជធានី​ភ្នំពេញ ​៖ ​ឯកឧត្តម​ទេស​រដ្ឋមន្ត្រី លី ធុ​ជ​អនុប្រធាន​ទី​១ អាជ្ញាធរ​មីន បាន​គូសបញ្ជាក់​ថា ​កម្ពុជា មិន​បោះបង់​បេសកកម្ម​​បោសសម្អាត​គ្រាប់​មីន​បន្សល់​ពី​សង្គ្រាម​អតីតកាល ហើយ​ក៏​មិន​ព្រងើយកន្តើយ​ចំពោះ​ការ​គំរាមកំហែង​ថ្មី​ដែរ ​។

នៅ​ថ្ងៃ​ទី​២ ខែវិច្ឆិកា ឆ្នាំ​២០២៦ ​តាង​នាម​ឱ្យ​សម្តេច​មហា​បវរ​ធិ​បតី ហ៊ុន ម៉ា​ណែ​ត នាយក​រដ្ឋមន្ត្រី និង​ជា​ប្រធាន​អាជ្ញាធរ​មីន ឯកឧត្តម​បណ្ឌិត លី ធុ​ជ ទេស​រដ្ឋមន្ត្រី អនុប្រធាន​ទី​១ អាជ្ញាធរ​មីន បាន​ដឹកនាំ​កិច្ចប្រជុំ​ក្រុមការងារ​បច្ចេកទេស​ចម្រុះ​រាជរដ្ឋាភិបាល និង​ដៃគូ​អភិវឌ្ឍន៍​លើ​វិស័យ​មីន (TWG-MA) ក្រោម​មូលបទ «​រួម​គ្នា​ដោះស្រាយ​បញ្ហា​យុទ្ធភណ្ឌ​គ្រឿងផ្ទុះ​បន្សល់​ពី​អតីតកាល និង​ការ​គំរាមកំហែង​ថ្មី​ៗ ៖ ការ​អំពាវនាវ​ឱ្យ​មាន​សកម្មភាព​ជាស​កល​» នៅ​សណ្ឋាគារ Oakwood Premier Phnom Penh​​។

ក្នុង​ឱកាស​នោះ ឯកឧត្តម​ទេស​រដ្ឋមន្ត្រី លី ធុ​ជ បាន​អំពាវនាវ​ដល់​ក្រសួង​-​ស្ថាប័ន​ពាក់ព័ន្ធ ប្រទេស​ជា​មិត្ត ដៃគូ​អភិវឌ្ឍន៍ សហគមន៍​ផ្តល់​ជំនួយ ប្រតិបត្តិ​ករ​សកម្មភាព​មីន និង​វិស័យ​ឯកជន បន្ត​រួម​គ្នា​ដោះស្រាយ​បញ្ហា​យុទ្ធភណ្ឌ​គ្រឿងផ្ទុះ​បន្សល់​ពី​សង្គ្រាម​អតីតកាល និង​ការ​គំរាមកំហែង​ថ្មី​ៗ ដោយ​មិន​ទុក​បញ្ហា​ណាមួយ​ចោល​ឡើយ​ ។

ឯកឧត្តម ​បាន​គូសបញ្ជាក់​ថា ក្នុង​រយៈពេល​ជាង​៣០​ឆ្នាំ កម្ពុជា​សម្រេច​បាន​សមិទ្ធផល​គួរ​ឱ្យ​កត់សម្គាល់ ដោយ​បាន​រំដោះ​ផ្ទៃដី​ជាង ៣.៦០០គីឡូម៉ែត្រ​ក្រឡា ពី​ការ​គំរាមកំហែង​ដោយសារ​មីន និង​សំណល់​ជាតិ​ផ្ទុះ​ពី​សង្គ្រាម ក្នុង​នោះ ផ្ទៃដី​ប្រមាណ ៧៥% ត្រូវ​បាន​ប្រគល់​ជូន​ប្រជាពលរដ្ឋ​សម្រាប់​ប្រើប្រាស់​ក្នុង​វិស័យ​កសិកម្ម​ ។

ទោះជា​យ៉ាងណា ជម្លោះ​ប្រដាប់​អាវុធ​កម្ពុជា​-​ថៃ ​ក្នុង​ឆ្នាំ​២០២៥ បាន​បង្ក​ការ​គំរាមកំហែង​ថ្មី ​ដោយ​គ្រាប់បែក​ចង្កោម​នៅ​ក្នុង​ខេត្ត​ចំនួន​៧​។ តាម​លទ្ធផល​អង្កេត​បឋម ផ្ទៃដី​រង​ផល​ប៉ះពាល់​ថ្មី​នេះ​មាន​ទំហំ​ធំ​ជាង​ផ្ទៃដី​ចាស់​ទាំងអស់ ​ដែល​នៅ​សេសសល់​ពី​សង្គ្រាម​ជាង​៣០​ឆ្នាំ​មកនេះ​។ កម្ពុជា​កំពុង​ប្រឈម​នឹង​បន្ទុក​ពីរ​លើ​ដែនដី​តែ​មួយ គឺ​យុទ្ធភណ្ឌ​គ្រឿងផ្ទុះ​ចាស់​ ដែល​មិន​ទាន់​បាន​បោសសម្អាត និង​ផល​ប៉ះពាល់​ថ្មី​ពី​ជម្លោះ​ប្រដាប់​អាវុធ​។ ដូច្នេះ ការ​គាំទ្រ​ត្រូវ​បន្ត​ផ្តោត​លើ​បញ្ហា​ទាំង​ពីរ​ក្នុង​ពេល​តែ​មួយ ​។

ឯកឧត្តម ​បាន​ថ្លែងអំណរគុណ​ចំពោះ​ប្រទេស​ជា​មិត្ត ដៃគូ​អភិវឌ្ឍន៍ សហគមន៍​ផ្តល់​ជំនួយ ប្រតិបត្តិ​ករ និង​វិស័យ​ឯកជន ដែល​បាន​គាំទ្រ​ដល់​កិច្ច​ខិតខំ​ប្រឹងប្រែង​របស់​កម្ពុជា ជា​ពិសេស​ការ​ឆ្លើយ​តប​ទាន់​ពេលវេលា​ចំពោះ​ការ​គំរាមកំហែង​ថ្មី​ៗ​ ដែល​បង្ក​ឡើង​ដោយ​ជម្លោះ​កម្ពុជា​-​ថៃ​ ក្នុង​ឆ្នាំ​២០២៥ ​។

ជាមួយ​គ្នា​នេះ ឯកឧត្តម​ បាន​ដាក់​ចេញ​នូវ​សំណើ​អាទិភាព​ចំនួន​៣ដល់​ដៃគូ​ពាក់ព័ន្ធ រួម​មាន​៖ ១. ពង្រឹង​ការ​អង្កេត និង​វាយតម្លៃ​ផល​ប៉ះពាល់​ថ្មី ដើម្បី​កំណត់​ទំហំ និង​ទីតាំង​រង​ផល​ប៉ះពាល់​ឱ្យ​បាន​ច្បាស់ ព្រមទាំង​បង្កើន​ការ​អប់រំ​កាត់​បន្ថយ​ហានិភ័យ​នៅ​តាម​បណ្តា​ខេត្ត​ជាប់​ព្រំដែន​។ ២. បន្ត​គាំទ្រ​ការ​បោសសម្អាត​គ្រាប់​មីន និង​សំណល់​ជាតិ​ផ្ទុះ​ពី​សង្គ្រាម​អតីតកាល ដែល​នៅ​សេសសល់​ប្រមាណ ១.៦៨៩ គីឡូម៉ែត្រ​ក្រឡា​។ ៣. ពង្រីក​ប្រភព​ធនធាន និង​ការ​ចូលរួម​ពី​វិស័យ​ឯកជន​ក្នុងស្រុក ដើម្បី​ពង្រឹង​ភាព​ជា​ម្ចាស់ និង​និរន្តរភាព​នៃ​សកម្មភាព​មីន ព្រោះ​ដី​ដែល​បាន​រំដោះ គឺជា​ដី​មាន​សុវត្ថិភាព​សម្រាប់​កសិកម្ម សំណង់ និង​ការ​វិនិយោគ​ ។

ទាក់ទង​នឹង​កិច្ច​សហប្រតិបត្តិការ​អន្តរ​វិស័យ ឯកឧត្តម​បណ្ឌិត អ៊ា​ង សុ​ផល្លែ​ត រដ្ឋមន្ត្រី​ក្រសួងបរិស្ថាន បាន​បញ្ជាក់​ពី​ការ​ប្តេជ្ញា​ចិត្ត​ពង្រឹង​កិច្ចសហការ​ជាមួយ​អាជ្ញាធរ​មីន តាម​រយៈ​ការ​ប្រែក្លាយ​អនុស្សរណៈ​នៃ​ការ​យោគយល់​ដែល​បាន​ចុះហត្ថលេខា​រួច ទៅ​ជា​សកម្មភាព​ជាក់ស្តែង ដោយ​រៀបចំ​សិក្ខាសាលា​បច្ចេកទេស​រួម ដើម្បី​កំណត់​អាទិភាព និង​ផែនការ​សហការ​។ កិច្ចសហការ​នេះ​ក៏​នឹង​ផ្តោត​លើ​ការ​កំណត់​អត្តសញ្ញាណ និង​អាទិភាព​តំបន់ការពារធម្មជាតិ​ដែល​រង​ផល​ប៉ះពាល់​ពី​យុទ្ធភណ្ឌ​គ្រឿងផ្ទុះ ជា​ពិសេស​តំបន់​ដែល​បង្ក​ហានិភ័យ​ដល់​មន្ត្រី​អភិរក្ស សហគមន៍​មូលដ្ឋាន និង​ការងារ​ការពារ​បរិស្ថាន​ ។

ឯកឧត្តម​រដ្ឋមន្ត្រី​ក៏​បាន​ជំរុញ​ឱ្យ​ប្រតិបត្តិ​ករ​សកម្មភាព​មីន​ទាំងអស់​បញ្ចូល​វិធានការ​ការពារ​បរិស្ថាន​ក្នុង​ដំណើរការ​ស្រាវជ្រាវ និង​បោសសម្អាត ស្រប​តាម​ស្តង់ដារ​ជាតិ និង​បទ​ប្បញ្ញត្តិ​បរិស្ថាន​ជា​ធរមាន ដើម្បី​ធានា​ថា សកម្មភាព​មីន​មិន​ត្រឹមតែ​ការពារ​អាយុជីវិត​ប្រជាពលរដ្ឋ​ទេ ប៉ុន្តែ​ថែម​ទាំង​រួមចំណែក​ដល់​ការ​អភិរក្ស​ធនធានធម្មជាតិ និង​ការ​គ្រប់គ្រង​ដីធ្លី​ប្រកបដោយ​ចីរភាព​។

ចំណែក​ឯកឧត្តម ហេង រតនា អគ្គនាយក​មជ្ឈមណ្ឌល​សកម្មភាព​កំចាត់​មីន​កម្ពុជា (CMAC) បាន​លើក​ឡើង​ពី​បញ្ហា​ប្រឈម​ទាំង​ចាស់ និង​ថ្មី ព្រមទាំង​សង្កត់ធ្ងន់​លើ​សារៈសំខាន់​នៃ​ការ​ពង្រឹងសមត្ថភាព​បច្ចេកទេស ការ​អង្កេត​វាយតម្លៃ និង​ការ​ឆ្លើយ​តប​ប្រកបដោយ​ប្រសិទ្ធភាព ដើម្បី​កំណត់​តំបន់​រង​ផល​ប៉ះពាល់ ធានា​សុវត្ថិភាព​ប្រជាពលរដ្ឋ និង​គាំទ្រ​ដល់​កិច្ច​ខិតខំ​ប្រឹងប្រែង​របស់​រាជរដ្ឋាភិបាល​ ។

ក្នុង​កិច្ចប្រជុំ ប្រទេស​ជា​មិត្ត ដៃគូ​អភិវឌ្ឍន៍ សហគមន៍​ផ្តល់​ជំនួយ និង​វិស័យ​ឯកជន បាន​សម្តែង​ការ​កោតសរសើរ​ចំពោះ​សមិទ្ធផល​របស់​កម្ពុជា និង​អបអរសាទរ​ចំពោះ​ការ​ដាក់​ចេញ​នូវ​គោលនយោបាយ​ជាតិ​ស្តី​ពី​សកម្មភាព​មីន ឆ្នាំ​២០២៦-២០៣៥​។ ដៃគូ​ទាំងអស់​បាន​បញ្ជាក់​ពី​ការ​បន្ត​គាំទ្រ និង​ជំរុញ​ឱ្យ​ការ​គាំទ្រ​នោះ​ប្រែ​ក្លាយទៅជា​គោលដៅ និង​ផែនការ​អនុវត្ត​ជាក់ស្តែង​ប្រចាំឆ្នាំ​។ រីឯ​តំណាង​ក្រសួង​-​ស្ថាប័ន​ជាតិ បាន​បញ្ជាក់​ពី​សារៈសំខាន់​នៃ​ការ​ពង្រឹង​កិច្ច​សហប្រតិបត្តិការ និង​ការ​យកចិត្តទុកដាក់​ដោះស្រាយ​ការ​គំរាមកំហែង​ថ្មី​ៗ​ ។

ជាមួយ​គ្នា​នេះ កិច្ចប្រជុំ​បាន​បង្ហាញ​ផែនការ​អនុវត្ត​រយៈពេល​បី​ឆ្នាំ ២០២៦-២០២៨ នៃ​គោលនយោបាយ​ជាតិ​សកម្មភាព​មីន ២០២៦-២០៣៥ ដែល​កំណត់​សកម្មភាព កាលវិភាគ និង​សូចនាករ​ច្បាស់លាស់ ដើម្បី​ពង្រឹង​ប្រសិទ្ធភាព និង​ការ​ទទួលខុសត្រូវ​ក្នុង​ការ​អនុវត្ត​គោលនយោបាយ​ ។

ឯកឧត្តម​បណ្ឌិត លី ធុ​ជ បាន​សង្កត់ធ្ងន់​ថា កម្ពុជា​បាន​ចំណាយពេល​ជាង​៣០​ឆ្នាំ ដើម្បី​បង្ហាញ​ថា ប្រទេស​មួយ​អាច​ងើបឡើង​វិញ​ពី​សោកនាដកម្ម​នៃ​សង្គ្រាម​បាន ហើយ​កម្ពុជា​ប្តេជ្ញា​បន្ត​បញ្ចប់​បេសកកម្ម​ទាំង​ពីរ គឺ​ដោះស្រាយ​បញ្ហា​យុទ្ធភណ្ឌ​គ្រឿងផ្ទុះ​បន្សល់​ពី​អតីតកាល និង​ឆ្លើយ​តប​ចំពោះ​ការ​គំរាមកំហែង​ថ្មី​ៗ ដើម្បី​ធានា​ឱ្យ​ប្រជាពលរដ្ឋ​មាន​ដី​សុវត្ថិភាព និង​អនាគត​ប្រកបដោយ​សេចក្តី​សង្ឃឹម​ ។

ឯកឧត្តម​បាន​បញ្ជាក់​ថា​៖ «​យើង​នឹង​បញ្ចប់​បេសកកម្ម​ទាំង​ពីរ ព្រោះ​ប្រជាពលរដ្ឋ​របស់​យើង​ស័ក្តិសម​នឹង​ទទួល​បាន​ដី​ដែល​មាន​សុវត្ថិភាព ហើយ​យើង​នឹង​អាច​សម្រេច​បាន​លឿន​ជាង​មុន និង​កាត់​បន្ថយ​ការ​បាត់​បង់ជីវិត ប្រសិនបើ​យើង​រួម​គ្នា​ធ្វើ​វា​» ៕​