ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

អាជ្ញាធរ​ក្រុង​ស្ទឹង​ត្រែង ដាក់ឱសានវាទ​​ដល់​ថ្ងៃ​ទី​១៥ វិច្ឆិកា ឱ្យ​អាជីវ​ករ​រុះរើ​សំណង់​រំលោ.ភ​ចំណី​ផ្លូវ​លេខ​៦១

2 អាទិត្យ មុន
  • ស្ទឹងត្រែង

ខេត្តស្ទឹងត្រែង​៖ រដ្ឋបាល​ក្រុង​ស្ទឹង​ត្រែង បាន​ចាប់ផ្តើម​យុទ្ធនាការ​រៀបចំ​សណ្តាប់ធ្នាប់ និង​របៀបរៀបរយ​សាធារណៈ ដោយ​បាន​កំណត់​ឱសានវាទ​ចុង​ក្រោយ​ត្រឹម​ថ្ងៃ​ទី​១៥ ខែវិច្ឆិកា ឆ្នាំ​២០២៦ ឱ្យ​បងប្អូន​អាជីវករ​ទាំងអស់​រុះរើ​តូប​លក់ដូរ និង​សម្ភារនានា​ដែល​តាំង​លក់​រំលោភ​ចំណី​ផ្លូវ​លេខ​៦១​។

យោង​តាម​កិច្ចប្រជុំ​គណៈកម្មការ​រៀបចំ​សណ្តាប់ធ្នាប់​ក្រុង កាលពី​ថ្ងៃ​ទី​០២ ខែវិច្ឆិកា ឆ្នាំ​២០២៦ សមត្ថកិច្ច​ចម្រុះ​សាលាក្រុង​សហការ​ជាមួយ​មន្ទីរ​ជំនាញ បាន​ចុះ​វាស់វែង គូសបន្ទាត់​ក្រហម និង​បាញ់ថ្នាំ​កំណត់ព្រំដែន​ចំណី​ផ្លូវ​រួចរាល់​ជា​ស្រេច​។

លោក ថាវ ប៊ុ​ន​ថេ​ន និង​លោក ម៉​ម ដា​រ៉ា អភិបាលរង​ក្រុង​ស្ទឹង​ត្រែង បាន​សង្កត់ធ្ងន់​ថា វិធានការ​នេះ​ធ្វើ​ឡើង​ស្រប​តាម​សេចក្តី​ជូនដំណឹង​លេខ ០១៧/២៦ ស​.​ជ​.​ណ ចុះ​ថ្ងៃ​ទី​២២ ខែតុលា ឆ្នាំ​២០២៦ ដោយ​តម្រូវ​ឱ្យ​ម្ចាស់​អាជីវកម្ម​ដែល​ដាក់​តាំង​លក់ ឬ​ធ្វើ​សំយាប​ហួស​ទំហំ​កំណត់​ប្រមាណ​ពីរ​ម៉ែត្រ​ពី​ចិញ្ចើម​ផ្លូវ ត្រូវ​ស្ម័គ្រចិត្ត​កាត់​បន្ថយ និង​រុះរើ​ចេញ​វិញ​ជា​បន្ទាន់ ដើម្បី​ធានា​ដល់​សុវត្ថិភាព​ចរា​ចរណ៍ និង​បង្កើត​ផ្លូវ​ថ្មើរជើង​ជូន​ប្រជាពលរដ្ឋ​។

ជុំវិញ​វិធានការ​នេះ ប្រជាពលរដ្ឋ​និង​អាជីវករ​មួយចំនួន​បាន​បង្ហាញ​ការ​គាំទ្រ ដោយ​មើលឃើញ​ថា​វា​ជា​ចំណែក​សំខាន់​ក្នុង​ការ​លើកកម្ពស់​សោភ័ណ​ភាព និង​បរិស្ថាន​ទីក្រុង​។

លោក លាភ បូ​រ៉ា អាជីវករ​ម្នាក់​ប្រចាំ​តំបន់​នោះ បាន​បង្ហាញ​ការ​យល់ព្រម​និង​ត្រៀមខ្លួន​ចូលរួម​សហការ​។ ដោយឡែក លោក ហួត ឃាង ប្រជាពលរដ្ឋ​ក្នុង​មូលដ្ឋាន បាន​លើក​ឡើង​ថា ការងារ​រៀបចំ​សណ្តាប់ធ្នាប់​ទាមទារ​ឱ្យ​មានការ​អនុវត្ត​ព្រម​ៗ​គ្នា និង​ស្មារតី​ទទួលខុសត្រូវ​ខ្ពស់​ពី​គ្រប់​ភាគី ដោយ​មិន​គួរ​មានការ​រង់ចាំ​មើល​គ្នា​ចុះឡើង​នោះ​ឡើយ​។

ទោះបីជា​សាលាក្រុង​ធ្លាប់​បាន​បើក​យុទ្ធនាការ​ស្រដៀង​គ្នា​នេះ​ជា​ប្រចាំឆ្នាំ​មក​ហើយ​ក្តី ប៉ុន្តែ​ការ​ចូលរួម​អនុវត្ត​ពី​សំណាក់​ប្រជាពលរដ្ឋ​នៅ​មាន​កម្រិត​នៅ​ឡើយ​។ ដូច្នេះ ភាព​ជោគជ័យ​នៃ​ឱសាន​វាទ​ថ្ងៃ​ទី​១៥ វិច្ឆិកា​នេះ គឺ​ជាក់ស្តែង​នូវ​ការ​រង់ចាំ​មើល​ពី​ប្រសិទ្ធភាព និង​ការ​ប្តេជ្ញា​ចិត្ត​ពិតប្រាកដ​របស់​អាជ្ញាធរ​ក្រុង​ក្នុង​ការ​រក្សា​សណ្តាប់ធ្នាប់​សាធារណៈ​ឱ្យ​បាន​គង់វង្ស​ ៕