ទីក្រុងហាណូយ ៖ តម្លៃលក់រាយអគ្គិសនីជាមធ្យមរបស់ប្រទេសវៀតណាម នឹងត្រូវបញ្ចុះ ២% ចាប់ពីថ្ងៃទី១ ខែវិច្ឆិកា ឆ្នាំ២០២៦ តទៅ ដែលនេះគឺជាការបញ្ចុះតម្លៃលើកដំបូងក្នុងរយៈពេលជិត២០ឆ្នាំ នៃការឡើងថ្លៃ។ នេះបើតាមការចេញផ្សាយពី Vietnam Express (VnExpress)។
យោងតាមអគ្គិសនីជាតិវៀតណាម បានឱ្យដឹងថា តម្លៃលក់រាយអគ្គិសនីជាមធ្យមបច្ចុប្បន្នមានចំនួន ២ ១៥៩,៩០ ដុង ឬប្រហែល ៣៤២ រៀលក្នុងមួយគីឡូវ៉ាត់ម៉ោង ដែលនេះជាការបញ្ចុះតម្លៃអគ្គិសនីជាមធ្យមលើកដំបូងនៅក្នុងរយៈពេលជិត២០ឆ្នាំ ដោយមិនរាប់បញ្ចូលការបញ្ចុះតម្លៃទាំង ៥ លើក ដើម្បីជួយប្រជាពលរដ្ឋ និងអាជីវកម្មដែលរងផលប៉ះពាល់ ដោយជំងឺកូវីដ១៩ នោះទេ។
អំឡុងឆ្នាំ ២០២៣ និង ២០២៥ តម្លៃអគ្គិសនីនៅប្រទេសវៀតណាមបានកើនឡើងសរុប ១៨,២% តាមរយៈការកែសម្រួលចំនួន ៤ លើក។ ការដំឡើងថ្លៃចុងក្រោយត្រូវបានធ្វើឡើងក្នុងខែឧសភា ឆ្នាំ ២០២៥។ មុនពេលមានការឡើងថ្លៃទាំងនោះ តម្លៃអគ្គិសនីមិនមានការផ្លាស់ប្តូរណាមួយឡើយក្នុងរយៈពេលជាង៤ឆ្នាំ ចាប់ពីខែមីនា ឆ្នាំ ២០១៩ រហូតដល់ខែឧសភា ឆ្នាំ ២០២៣។
អគ្គិសនីជាតិវៀតណាមបានបញ្ជាក់ថា ការបញ្ចុះនេះ បានធ្វើឡើងបន្ទាប់ពីមានការពិនិត្យឡើងវិញទៅលើប្រតិបត្តិការ និងកិច្ចខិតខំប្រឹងប្រែងក្នុងការគណនា និងកាត់បន្ថយការចំណាយឱ្យបានច្រើនបំផុតតាមដែលអាចធ្វើទៅបាន។ ការកែសម្រួលនេះក៏មានបំណងគាំទ្រដល់ប្រជាពលរដ្ឋ និងអាជីវកម្ម ជួយរក្សាស្ថិរភាពម៉ាក្រូសេដ្ឋកិច្ច ក៏ដូចជាធានាបានសុខុមាលភាពសង្គម៕


ចែករំលែកព័តមាននេះ