ពូកែណាស់! សិស្ស១រូប បង្កើតដ្រូនហោះកម្ពស់ ៥០០ម៉ែត្រ ចម្ងាយជាង១ពាន់ម៉ែត្រ ដឹកជញ្ជូនបានកន្លះគីឡូ និងអាចទម្លាក់វត្ថុចំគោលដៅ
- កំពង់ចាម
ខេត្តកំពង់ចាម ៖ ពិតជាគួរឱ្យកោតសរសើរចំពោះយុវសិស្ស១រូប រៀនថ្នាក់ទី៩ នៃវិទ្យាល័យហ៊ុន សែន កំពង់ចាម ក្រុងកំពង់ចាម មានគំនិតច្នៃប្រឌិតខ្ពស់តាំងតែពីនៅកុមារភាពមកម្ល៉េះ ដោយបានបង្កើតដ្រូនដោយខ្លួនឯង អាចហោះបានចម្ងាយ ១៥០០ម៉ែត្រ សំកាំងពីលើអាកាស និងថតយកទីតាំងណាមួយដោយជាក់លាក់ទៀតផង ។ ចំពោះស្នាដៃច្នេះ ត្រូវបានឯកឧត្តមអ៊ុន ចាន់ដា អភិបាលខេត្ត កោតសរសើរថា នេះជាធនធានមនុស្សដ៏សំខាន់ ដែលទាមទារឱ្យមានការបំប៉នចំណេះជំនាញបន្ថែមទៀតដែលផ្ដល់ប្រយោជន៍ដល់សង្គមជាតិ។
លោកសឿង វ៉ាន់ នាយកវិទ្យាល័យហ៊ុន សែន កំពង់ចាម បានឲ្យដឹងនាថ្ងៃទី១ វិច្ឆិកា ឆ្នាំ២០២៦ ថា យុវសិស្សរូបនេះបានរៀននៅសាលាបឋមសិក្សាអនុវត្តតាំងតែពីថ្នាក់ទី១ ឥឡូវរៀនដល់ថ្នាក់ទី៩ហើយ រូបគេគឺជាកូនទី១ក្នុងចំណោមបងប្អូន២នាក់ ដោយប្អូនស្រីរៀនថ្នាក់ទី៦ នៅវិទ្យាល័យរបស់លោកដែរ។ ជាមួយនោះមានឪពុកជាគ្រូបង្រៀនមុខវិជ្ជាផ្នែកជីវវិទ្យានៅវិទ្យាល័យព្រះសីហនុ ក្រុងកំពង់ចាម មិនតែប៉ុណ្ណោះរូបគេក៏ជាសិស្សម្នាក់រៀនពូកែទៀតផង។
លោកនាយកវិទ្យាល័យហ៊ុន សែន កំពង់ចាម បានបន្តថា នៅសាលារបស់លោករាល់ថ្ងៃមានគ្រូជំនាញបង្រៀនផ្នែកកុំព្យូទ័រ អេឡិចត្រូនិច រួមទាំងផ្នែកផ្សេងជាច្រើនទៀត ក្នុងនោះយុវសិស្សឈ្មោះម៉េង ឃាង គឺស្ថិតនៅក្នុងក្រុមមួយដែលរៀនផ្នែកកុំព្យូទ័រហើយរូបគេអាចសរសេកូដបានដោយខ្លួនឯង។ ដោយសារតែមានទេពកោសល្យពីកំណើត រូបគេបានស្នើសុំមករូបលោកនាយក ជាថវិកាចំនួន ២៥០ដុល្លារ ដើម្បីចំណាយទិញសម្ភារៈផ្សេងៗបង្កើតដ្រូនមួយគ្រឿង ជាមួយនោះសាលាក៏បានផ្ដល់ប្រាក់តាមសំណើជូនផងដែរ។
ក្រោយមកក៏ឃើញពីលទ្ធផលនៃការបង្កើតដ្រូន សម្រេចបានដូចបំណងមែន ហើយអាចបញ្ជា និងហោះបានល្អលើអាកាសមិនមានការរអាក់រអួលណាមួយនោះទេ ធ្វើឱ្យមិត្តភក្តិរួមថ្នាក់ជាមួយ ព្រមទាំងលោកគ្រូអ្នកគ្រូ ពិតជាសប្បាយរីករាយនិងស្ងើចសរសើរស្នាដៃរបស់កូនសិស្សម្នាក់នេះ ។
ក្នុងឱកាសតាំងពិព័រណ៍នៅក្នុងអំឡុងខែកក្កដា ឆ្នាំ២០២៦ កន្លងទៅ សាលាក៏បានយកដ្រូនមួយគ្រឿងនេះទៅដាក់តាំងបង្ហាញដើម្បីឱ្យសាធារណជនបានឃើញនៅក្នុងព្រឹត្តិការណ៍មួយនាក្រុងកំពង់ចាមផងដែរ ។ ក្នុងនាមរូបលោកជានាយក ពេលខាងមុខបើសិស្សរូបនេះមានការស្នើសុំ ដើម្បីផលិតដ្រូនដែលទំនើបជាងនេះនឹងអាចហោះបានឆ្ងាយ សាលានឹងមានលទ្ធភាពផ្ដល់ទុនបន្ថែមទៀតក្នុងរង្វង់ទឹកប្រាក់ប្រមាណ ២ ០០០ដុល្លារ ។ បើពេលខាងមុខ មានពាណិជ្ជករណាមួយ ចង់បង្កើតរោងចក្រផលិតដ្រូននៅក្នុងខេត្តកំពង់ចាម ដើម្បីលើកស្ទួយដល់ក្រុមរបស់សិស្សដែលមានគំនិតច្នៃប្រឌិតខ្ពស់ ពិតជាល្អប្រពៃណាស់ ។
តាមរយៈស្នាដៃរបស់សិស្សរូបនេះក៏បានយកមកតាំងពិព័រណ៌នៅវិទ្យាល័យព្រះសីហនុ ក្នុងឱកាសបើកបវសនកាលកន្លងទៅថ្មីៗ។
ចំណែកយុវសិស្សឈ្មោះម៉េង ឃាង វិញបានឲ្យដឹងដែរថា រូបគេតាំងពីកុមារភាពដឹងក្តី និងបានចូលរៀនក្នុងសាលាដូចគេឯង គឺស្រឡាញ់ជំនាញបង្កើតដ្រូននេះតែម្ដង ។ លុះពេលដែលបានប្រឹងប្រែងរៀនសូត្រយកចិត្តទុកដាក់ស្ដាប់ដំបូន្មានមានឪពុក ម្ដាយព្រមទាំងលោកគ្រូ អ្នកគ្រូ រហូតធ្វើឲ្យរូបគេអាចផលិតដ្រូនបានមួយគ្រឿង ។ ដោយចំណាយពេលវេលាជិតមួយសប្តាហ៍ ហើយអាចហោះបានក្នុងកម្ពស់ ៥០០ម៉ែត្រ ហោះចម្ងាយ១៥០០ម៉ែត្រ ។ ជាមួយនោះអាចដឹកជញ្ជូនបានទម្ងន់កន្លះគីឡូក្រាម ពេលដែលហោះសំកាំងនៅលើអាកាស ដោយកំណត់ទីតាំងបានច្បាស់លាស់ ហើយអាចទម្លាក់វត្ថុដែលមានទម្ងន់កន្លះគីឡូ មកលើដីចំគោលដៅដោយមិនលម្អៀងឡើយ ៕





ចែករំលែកព័តមាននេះ