កូរ៉េខាងជើង-ស្វ៊ីស ៖ ប្រទេសស្វ៊ីសបានជម្រុញការចរចាដោយផ្ទាល់ ជាមួយកូរ៉េខាងជើង ខណៈភាពតានតឹងកំពុងឡើងខ្ពស់នៅឧបទ្វីបកូរ៉េ ។ កូរ៉េខាងត្បូងសង្ឃឹមថា ការិយាល័យការទូតរបស់ស្វ៊ីសនោះនឹងជួយឲ្យមានការចរចាជាមួយក្រុងព្យុងយ៉ាងឡើងវិញ ។

ស្វ៊ីសបានបើកជាផ្លូវការការិយាល័យការទូតរបស់ខ្លួននៅកូរ៉េខាងជើង ខណៈលោក GNAZIO CASSIS បានក្លាយជារដ្ឋមន្ត្រី
ការបរទេសស្វ៊ីសដំបូងគេ ដែលមកកាន់កូរ៉េខាងជើងចាប់តាំងពីឆ្នាំ២០០៣មក។ លោកបានមកបំពេញទស្សនកិច្ចនៅក្រុងព្យុងយ៉ាងកាលពីថ្ងៃទី២៩ និង៣០តុលា មុនទៅកាន់ក្រុងសេអ៊ូល។ ក្នុងសេចក្ដីប្រកាសមួយចេញផ្សាយកាលពីថ្ងៃទី៣១តុលា ក្រសួងការបរទេសស្វ៊ីសគូសបញ្ជាក់ថា ដំណើរទស្សនកិច្ចនេះ គឺសំដៅស្ដារឡើងវិញការចរចាខាងការទូតដោយផ្ទាល់ជាមួយកូរ៉េខាងជើង សំដៅថែរក្សាការទាក់ទងគ្នាជាមួយភាគីទាំង២ នៅឧបទ្វីបកូរ៉េដែលបែកបាក់គ្នា។
ការិយាល័យការទូតនោះ មានសកម្មភាពឡើងវិញពីថ្ងៃទី១៩ តុលា មក។ ការិយាល័យនោះជារបស់ស្ថានទូតស្វ៊ីសប្រចាំក្រុងប៉េកាំង ដែលនៅតែសំខាន់សម្រាប់ទំនាក់ទំនងការទូត និងកុងស៊ុលជាមួយកូរ៉េខាងជើង។ ការិយាល័យស្វ៊ីសលើកមុនប្រចាំក្រុងព្យុងយ៉ាង ទទួលបន្ទុកខាងកិច្ចសហប្រតិបតិ្តការមនុស្សធម៌បានបិទ កាលពិឆ្នាំ២០២២ ពេលមានការឆ្លងរាលដាលនៃកូវីដ-១៩។ ប្រទេសទាំង២ថែរក្សាទំនាក់ទំនងការទូតជាមួយគ្នា ចាប់តាំងពីឆ្នាំ១៩៧៤មក តែការពិគ្រោះគ្នាខាងនយោបាយទៀងទាត់ បានបញ្ឈប់ក្រោយឆ្នាំ២០១៩។ ស្វ៊ីសគូសបញ្ជាក់ថា ការិយាល័យនេះ អាចឲ្យស្វ៊ីសទាក់ទងដោយផ្ទាល់ជាមួយអាជ្ញាធរកូរ៉េខាងជើង និងតាមដានការវិវឌ្ឍនៃសភាពការណ៍ក្នុងតំបន់។
ក្នុងឱកាសនៃទស្សនកិច្ចនោះលោក GNAZIO CASSIS បានជួបជាមួយសមភាគីកូរ៉េខាងជើងលោកCHOE SUN HUI និងលោកJO YONG WON លេខាធិការគណៈកម្មាធិការកណ្ដាលបក្សពលករកូរ៉េដែលកាន់អំណាច ៕

ចែករំលែកព័តមាននេះ