អន្តរជាតិ ៖ តម្លៃប្រេងឆៅអន្តរជាតិបានធ្លាក់ចុះជាង ១% នៅព្រឹកថ្ងៃទី២ ខែវិច្ឆិកា ឆ្នាំ២០២៦ បន្ទាប់ពីមន្ត្រីអ៊ីរ៉ង់ និងកាតា បានបន្តការពិភាក្សាថ្ងៃទី៣ជាប់គ្នា នៅក្នុងគោលបំណងជំរុញឱ្យមានកិច្ចព្រមព្រៀងមួយ ដើម្បីបញ្ចប់សង្គ្រាមរវាងសហរដ្ឋអាមេរិកជាមួយអ៊ីស្រាអែលលើអ៊ីរ៉ង់។ នេះបើតាមការចេញផ្សាយពី Reuters។
តម្លៃប្រេងឆៅប្រភេទ Brent បានធ្លាក់ចុះ ១,៥៩ ដុល្លារអាមេរិក ឬ ១,៤០% នៅត្រឹម ១១១,៨៤ ដុល្លារក្នុងមួយបារ៉ែល គិតត្រឹមម៉ោង ៧:១១ ព្រឹក (ម៉ោងនៅកម្ពុជា) ខណៈដែលប្រេងឆៅរបស់សហរដ្ឋអាមេរិក West Texas Intermediate (WTI) ស្ថិតក្នុងតម្លៃ ១០២,៥៦ ដុល្លារអាមេរិកក្នុងមួយបារ៉ែល ពោលធ្លាក់ចុះ ១,៥៦ ដុល្លារ ឬ ១,៥០%។
តម្លៃប្រេង Brent បានបិទបញ្ចប់ការជួញដូរខែតុលាក្នុងកម្រិតខ្ពស់បំផុត ក្នុងរយៈពេល៦ខែ ចំពេលមានការព្រួយបារម្ភថា ជម្លោះរវាងអាមេរិក និងអ៊ីរ៉ង់ អាចនឹងផ្ទុះឡើងខ្លាំងម្តងទៀត បន្ទាប់ពីការបោះឆ្នោតពាក់កណ្តាលអាណត្តិរបស់អាមេរិកនៅថ្ងៃទី៣ ខែវិច្ឆិកា។
រដ្ឋមន្ត្រីការបរទេសអ៊ីរ៉ង់ លោក Abbas Araqchi កាលពីថ្ងៃអាទិត្យបានថ្លែងថា គោលបំណងនៃកិច្ចពិភាក្សាដែលកំពុងបន្ត និងមានការរីកចម្រើននេះ កឺដើម្បីបន្តការពិគ្រោះយោបល់ជាមួយអ្នកសម្របសម្រួលកាតា ដោយទីក្រុងតេហេរ៉ង់បានត្រៀមខ្លួនជាស្រេចសម្រាប់ទាំងការការពារខ្លួន និងការទូត។
ការចរចានេះកើតឡើងចំពេលដែលមានការវាយប្រហារលើកប៉ាល់ដឹកប្រេង ដែលកំពុងឆ្លងកាត់ច្រកសមុទ្រហ័រមូស (Hormuz) ដែលកំពុងជំរុញថ្លៃថាមពល និងការដឹកជញ្ជូនសកលកើនឡើងខ្ពស់។ នៅក្នុងខែតុលា អារ៉ាប៊ីសាអូឌីតបានបង្កើនការនាំចេញប្រេងឆៅធៀបនឹងខែកញ្ញា ទោះបីជាមានការវាយប្រហារដោយពួកហ៊ូធី (Houthis) នៅយេម៉ែន ដែលមានទំនាក់ទំនងជាមួយអ៊ីរ៉ង់ លើហេដ្ឋារចនាសម្ព័ន្ធថាមពលរបស់ខ្លួនយ៉ាងណាក៏ដោយ។
ងាកទៅ អង្គការប្រទេសនាំចេញប្រេង (OPEC) និងសម្ព័ន្ធមិត្តរួមទាំងរុស្ស៊ី ឬ OPEC+ ឯណោះវិញ កាលពីថ្ងៃអាទិត្យ បានប្រកាសរក្សាគោលដៅផលិតកម្មខែធ្នូរបស់ខ្លូនឱ្យនៅដដែល ដោយបញ្ជាក់ពីការរំពឹងទុកថា ការកែសម្រួលគោលនយោបាយបន្ថែមទៀត នឹងមិនកើតឡើងទេ រហូតដល់ឆ្នាំក្រោយ៕


ចែករំលែកព័តមាននេះ