ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

បិទខ្ទប់៣០ឆ្នាំ! ផ្លូវយុទ្ធសាស្ត្រប្រវែងជិត ៥០០ម៉ែត្រ នៅកណ្តាលក្រុងសៀមរាប ត្រូវបានបើកឱ្យចរាចរឡើងវិញជាផ្លូវការ

5 ថ្ងៃ មុន

ខេត្តសៀមរាប ៖ ៣០​ឆ្នាំ​នៃ​ការ​រង់ចាំ បាន​ផ្លាស់​ប្តូ​រហើយ​! ផ្លូវ​យុទ្ធសាស្ត្រ​កណ្តាល​ក្រុង​សៀមរាប ដែល​បិទ​ខ្ទប់​អស់​៣​ទសវត្សរ៍ ត្រូវ​បើក​ឱ្យធ្វើ​ដំណើរ​ឡើង​វិញ​ផ្លូវការ ។

ជាក់ស្តែង​រដ្ឋបាល​ខេត្តសៀមរាប បាន​ប្រកាស​នា​ថ្ងៃ​ទី​០១ ខែវិច្ឆិកា ឆ្នាំ​២០២៦​នេះ​ថា ៖ ផ្លូវ​១​ខ្សែ ប្រវែង​ប្រមាណ​៥០០​ម៉ែត្រ ទទឹង​៩​ម៉ែត្រ ក្នុង​ក្រុង​សៀមរាប ដែល​បិទ​ខ្ទប់​៣០​ឆ្នាំ​មក​ហើយ ត្រូវ​បាន​បើក​ឱ្យ​ចរាចរ​ឡើង​វិញ ។

នា​រសៀល​ថ្ងៃ​ទី​១ ខែវិច្ឆិកា ឆ្នាំ​២០២៦​នេះ ឯកឧត្តម នាយ​ឧត្តមសេនីយ៍ ទៀ សីហា ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រី​ក្រសួងការពារជាតិ និង​ជា​ប្រធាន​ក្រុមការងារ​រាជរដ្ឋាភិបាល​ចុះ​មូលដ្ឋាន​ខេត្តសៀមរាប អមដំណើរ​ដោយ​ឯកឧត្តម ប្រាក់ សោភ័ណ អភិបាលខេត្ត និង​អ្នកឧកញ៉ា សៀង ណាំ តំណាងរាស្ត្រ​ខេត្តសៀមរាប បាន​អញ្ជើញ​ចុះ​ពិនិត្យ​ការ​បើកផ្លូវ​ថ្មី​មួយ​ខ្សែ​ប្រវែង​ជិត​៥០០​ម៉ែត្រ ទទឹង​៩​ម៉ែត្រ ស្ថិត​ក្នុងភូមិ​ស្ទឹង​ថ្មី សង្កាត់​ស្វាយ​ដង្គំ ក្រុង​សៀមរាប ដែល​អនុវត្ត​ការ​សាងសង់​ដោយ​កង​វិស្វកម្ម សម្ដេច​តេ​ជោ ហ៊ុន សែន ខេត្តសៀមរាប ដែល​ដោយ​មានការ​រួម​ពី​ថ្នាក់ដឹកនាំ​ខេត្ត មន្ទីរ​អង្គភាព អាជ្ញាធរ​មូលដ្ឋាន ប្រជាពលរដ្ឋ និង​អ្នក​ពាក់ព័ន្ធ​ជា​ច្រើន​រូប​ទៀត ។

សូម​ជម្រាប​ថា ផ្លូវ​ខាងលើ​ត្រូវ​បាន​កំណត់​ថា ជា​ផ្លូវ​យុទ្ធសាស្ត្រ​មួយ​ត​ភ្ជាប់​ពី​កែង​ផ្សា​រញ៉ែ ឆ្ពោះទៅ​ផ្លូវ​មុខ​មណ្ឌល​កម្សាន្ត​កេសរ​កូ​ល មាន​ទទឹង​៩​ម៉ែត្រ និង​បណ្តោយ​៤៦០​ម៉ែត្រ សាងសង់​ជា​ប្រភេទ​កៅស៊ូ BEST ។ រដ្ឋបាល​ក្រុង​សៀមរាប មាន​សុទ្ធិ​ដ្ឋិ​និយម​ថា ក្រោយ​បើក​ចរាចរ​ឡើង​វិញ ផ្លូវ​នេះ​នឹង​ជួយ​បញ្ជៀ​ស​ចរាចរ​មួយ​ផ្នែក​ក្នុង​ក្រុង ពិសេស​ពេល​បុណ្យ​ទាន​ក៏​ដូច​ជា បង្កើត​ឱ្យ​មាន​ចល័ត​អាជីវកម្ម​ផង​ដែរ ៕